(ម៉ានីឡា -- ហ្វីលីពីន)៖ តាមការឲ្យដឹងពីប្រភព NBCNews ចុះផ្សាយកាលពីចុងខែមេសានេះថា កីឡាករប្រដាល់ល្បីឈ្មោះ លំដាប់ពិភពលោករបស់ហ្វីលីពីន លោក Manny Pacquiao កំពុងក្លាយជាគោលដៅ ចាប់ជំរិតទារប្រាក់ពីពួកក្រុមឧទ្ទាមអ៊ីស្លាមជ្រុលនិយម Abu Sayyaf។ នេះបើតាមការថ្លែងឲ្យដឹងរបស់ប្រធានាធិបតីហ្វីលីពីន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។

លោកប្រធានាធិបតីហ្វីលីពីន Benigno Aquino III ថ្លែងថា ពួកឧទ្ទាម Abu Sayyaf បានធ្វើការគំរាមកំហែងរូបគេ (Pacquiao) និងគ្រួសារ ហើយថែមទាំងចង់បំផ្ទុះគ្រាប់បែក នៅក្នុងទីក្រុងម៉ានីឡា ដើម្បីអាចទទួលបានការឧបត្ថម្ភពីពួក ISIS ទៀតផង។ លោក Benigno ថា៖ «ពួកទាំងនោះ មានជាប់ពាក់ព័ន្ធក្នុងការរៀបចំផែនការចាប់ជម្រិត លោក Manny Pacquiao ឬ កូនរបស់គាត់។ សូម្បីប្អូនស្រីខ្ញុំផ្ទាល់ Kris ឬ កូនៗរបស់នាង ក៏ស្ថិតនៅក្នុងមុខសញ្ញាដែរ។ ផែនការចាប់ជម្រិតនេះ ក្នុងគោលបំណងដើម្បីជាថ្នូរប្រាក់លួសខ្លួន។ ចំពោះការគម្រាមកំហែងដល់អាយុជីវិតរបស់ខ្ញុំវិញ កំពុងតែត្រូវបានស៊ើបអង្កេតផងដែរ»។ នេះបើតាមសម្តីរបស់លោកប្រធានាធិបតីហ្វីលីពីន ក្រោយពីផែនការសម្ងាត់របស់ពួក Abu Sayyaf បានបែកការណ៍ត្រូវគេដឹង។

ដោយឡែក គួររំលឹកផងដែរថា ជនរងគ្រោះសញ្ជាតិកាណាដាម្នាក់ ឈ្មោះ John Ridsdel វ័យ ៦៨ឆ្នាំ ធ្លាប់ត្រូវបានពួកនេះ សម្លាប់កាត់ក្បាលរួចមកហើយ ក្រោយពីមិនទទួលបានប្រាក់លួសខ្លួន តាមការទាមទារ និងពេលវេលាកំណត់ ហើយក្រោយមកត្រូវបានប៉ូលិស រកឃើញក្បាលរបស់គាត់ផងដែរ។ ក្នុងនោះមនុស្ស៣នាក់ផ្សេងទៀត សញ្ជាតិកាណាដា ណកវេ និងហ្វីលីពីន ត្រូវបានចាប់ជម្រិត និងស្ថិតនៅជាចំណាប់ខ្មាំងក្នុងដៃពួកឧទ្ទាម Abu Sayyaf នៅឡើយ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៥ មកម្ល៉េះ រួមជាមួយជនបរទេស ដែលជាចំណាប់ខ្មាំង២០នាក់ផ្សេងទៀត ដែលពួកនេះ ធ្លាប់បានចាប់ជម្រិតកាលពីលើកមុនៗកន្លងមកផងដែរ៕

កីឡាករ Manny Pacquiao
ជនរងគ្រោះ ដែលត្រូវបានសម្លាប់កាត់ក្បាល John Ridsdel

ប្រភព៖ NBCNEWS

កំណត់ហេតុខ្មែរឡូត

គួររំលឹកឡើងវិញថា ខ្សែវីដេអូឃ្លីបមួយ បង្ហាញពីចំណាប់ខ្មាំង ជនជាតិកាណាដា ២នាក់ ដែលក្រុមអ៊ីស្លាមនិយម គំរាមសម្លាប់ ត្រូវបានបង្ហោះ និងចែកចាយ នៅលើបណ្តាញអ៊ីនធឺណែត ដោយវីដេអូឃ្លីបនោះ គឺជាការឲ្យដឹង ក៏ដូចជាសុំជំនួយបន្ទាន់ ជាលើកចុងក្រោយ ទៅកាន់ទីក្រុង Ottawa ប្រទេសកាណាដា ដើម្បីជួយសង្គ្រោះពួកគេ ពីការសម្លាប់កាត់ក្បាល ដោយពួក Abu Sayyaf។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ចំណាប់ខ្មាំង ជនជាតិកាណាដា ទាំង២នាក់នោះ មានឈ្មោះ John Ridsdel និង Robert Hall បាននិយាយទៅកាន់ កាមេរ៉ាដោយផ្ទាល់ ដោយមានកាំបិត ភ្ជង់ជាប់បំពង់.កពួកគេ ក្នុងគោលបំណង ឲ្យរដ្ឋាភិបាលកាណាដា ចំណាយប្រាក់ ដើម្បីលោះខ្លួនពួកគេ ក្នុងរយៈពេល ត្រឹមតែ ១០ថ្ងៃប៉ុណ្ណោះ បើមិនដូច្នោះទេ ពួកគេនឹងត្រូវ ក្រុមអ៊ីស្លាមនិយម ក្នុងប្រទេសហ្វីលីពីន ឈ្មោះថា Abu Sayyaf សម្លាប់កាត់ក្បាល តែម្តង។

លោក Ridsdel បាននិយាយថា «នេះគឺជាការព្រមាន យ៉ាងដាច់អហង្ការ និងស្នើសុំបន្ទាន់ ជាលើកចុងក្រោយបង្អស់ ទៅកាន់រដ្ឋាភិបាលហ្វីលីពីន កាណាដា និងក្រុមគ្រួសារ។ ប្រសិនបើ លុយ៨,៣លានដុល្លារអាមេរិក មិនបានទៅដល់ដៃពួកគេ មុនវេលាម៉ោង ៣រសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ ខាងមុខនេះទេ ពួកគេនឹងកាត់ក្បាលខ្ញុំ»។

ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលដាណាដា បានបដិសេធ ក្នុងការដោះស្រាយ ការគំរាមកំហែងនេះ ហើយបានប្រាប់ សារព័ត៌មានមួយ ឲ្យដឹងថា «មិនមានការពន្យល់ ឬ បង្ហាញ អំពីព័ត៌មានណាមួយ ដែលអាចធ្វើការ សម្រុះសម្រួលគ្នា ក្នុងការដែលធ្វើឲ្យ មានគ្រោះថ្នាក់ ដល់សុវត្ថិភាព របស់ប្រជាពលរដ្ឋកាណាដា នេះឡើយ»៕

ជនរងគ្រោះដែលជាចំណាប់ខ្មាំង សម្រាប់ទារប្រាក់ ថ្លៃលួសខ្លួន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]