(ភ្នំពេញ)៖ យ៉ាងហោចណាស់បុរសម្នាក់ បានបែកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ខណ:ដែល២នាក់ទៀត បានរងរបួសធ្ងន់ ក្រោយពីពួកគេបាន​បើកម៉ូតូបញ្ច្រាស់គ្នា ហើយបានបុកពេញ​មួយទំហឹង​លាន់ដូចរន្ទះខែប្រាំង នៅវេលាម៉ោង ២:៤០នាទី រសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦នេះ ស្ថិតនៅតាមផ្លូវឌួងងៀប​ ហាង មុខសៀវផាឡាវ​ KTV​ សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់នោះ គឺជិះម៉ូតូម៉ាក FZ និង២នាក់ទៀត រងរបួសធ្ងន់ ជិះម៉ូតូម៉ាកសេ១២៥ ទាំង២គ្រឿង។

ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ខណ:សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ទាក់ទងទៅក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។

យ៉ាងណាក៏ដោយ សមត្ថកិច្ច មិនទាន់អាចបញ្ជាក់ពីអត្តសញ្ញាណជនរងគ្រោះទាំង៣នាក់ នៅឡើយទេ៕

ផ្តល់សិទ្ធិដោយ៖ FreshNews

ចំណាប់អារម្មណ៍ខ្មែរឡូត៖

គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស រយៈពេល ១ខែ ក្នុងខែមេសា ឆ្នាំ២០១៦យ៉ាងហោចណាស់ បានបណ្ដាលឲ្យមនុស្សប្រមាណជាង ៩០០នាក់ បានស្លាប់បាត់បង់ជីវិត និងរងរបួសធ្ងន់ និងស្រាល ។ យោងតាមនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ក្នុងខែមេសា ឆ្នាំ២០១៦ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៣៥៨លើក បើធៀបនឹងរយៈពេលដូចគ្នាក្នុងខែមីនា មានការកើនឡើងចំនួន ៦២លើក ស្មើនឹង ២១ភាគរយ, ស្លាប់ ១៨៧នាក់ កើនឡើង ៦៦នាក់ ស្មើនឹង ៥៥ភាគរយ, របួសធ្ងន់៤៣១នាក់ កើនឡើង ១៤២នាក់ ស្មើនឹង ៤៩ភាគរយ និងរបួសស្រាលចំនួន ២៩៩នាក់ កើនឡើង ១២៣នាក់ ស្មើនឹង ៧០ភាគរយ ។ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ៣៥៨លើក បានបណ្ដាលឲ្យខូចខាតម៉ូតូចំនួន ៣៥៨គ្រឿង, រថយន្តតូច ១៥៥គ្រឿង, រថយន្តធំ ៤៤គ្រឿង, យានផ្សេងៗ ៣១គ្រឿង និងថ្មើរជើង ៣៦គ្រឿង ។

មូលហេតុ ដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ គឺមកពីបើកបរក្នុងល្បឿនលឿនចំនួន ១៦០លើក, ស្រវឹង ៣១លើក, ប្រជែង ៣៨លើក, មិនគោរសិទ្ធិ ៤២លើក, មិនប្រកាន់ស្តាំ ៤៤លើក, បត់គ្រោះថ្នាក់ ២៦លើក, ងងុយដេក ៩លើក និងកត្តាយានយន្ត ៨លើក ។ រាជធានី និងខេត្តដែលមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ រួមមាន ទី១. ខេត្តបាត់ដំបង ២៧លើក, ស្លាប់ ១៨នាក់ និងរបួស ៧០នាក់, ទី២. រាជធានីភ្នំពេញ២៩លើក, ស្លាប់ ១៦នាក់ និងរបួស ២៦នាក់, ទី៣. ព្រៃវែង ២៤លើក, ស្លាប់ ១៥នាក់ និងរបួស ៣៤នាក់, ទី៤. កណ្ដាល ១៨លើក, ស្លាប់ ១៤នាក់ និងរបួស២៨នាក់, ទី៥. បន្ទាយមានជ័យ ១២លើក, ស្លាប់ ១៤នាក់ និងរបួស ៥៨នាក់, ទី៦. កំពង់ធំ ១៤លើក, ស្លាប់ ១២នាក់ និងរបួស ២២នាក់, ទី៧. កំពង់ស្ពឺ ២២លើក, ស្លាប់ ១១នាក់ និងរបួស ៩៤នាក់, ទី៨. តាកែវ ១៤លើក, ស្លាប់ ១១នាក់ និងរបួស ២៦នាក់, ទី៩. កំពង់ឆ្នាំង ៩លើក, ស្លាប់ ១០នាក់ និងរបួស ១៧នាក់ និងទី១០. ក្រចេះ ១៨លើក, ស្លាប់ ៩នាក់ និងរបួស ៥១នាក់ ។ លទ្ធផលត្រួតពិនិត្យអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក រយៈពេល ១ខែ ក្នុងខែមេសា មានមធ្យោបាយចូលគោលដៅចំនួន ៩២៨.១៣៩គ្រឿង (ម៉ូតូ ៦២ភាគរយ), មធ្យោបាយល្មើស ១៣២.៩៧០គ្រឿង (ម៉ូតូ ៦៩ភាគរយ), អប់រំ ៥២.៩៦៣គ្រឿង ស្មើនឹង ៤០ភាករយ និងពិន័យ ៨០.០០៧គ្រឿង (បង់ប្រាក់ ៨៧ភាគរយ) ។ ការងារត្រួតពិនិត្យល្បឿនរយៈពេល ៣០ថ្ងៃ ត្រួតពិនិត្យបានចំនួន ៤០.៤០០គ្រឿង (ល្មើស ៧.៦១៥គ្រឿង), (អប់រំ ១.៤៧០គ្រឿង និងពិន័យ ៦.១៤៥គ្រឿង) ។ ចំពោះការងារលទ្ធផល ត្រួតពិនិត្យអ្នកបើកបរមានជាតិ ស្រវឹងពីរាជធានី និងខេត្ត ក្នុងខែមេសា ត្រួតពិនិត្យបានចំនួន ៣០.៧៥០គ្រឿង (រថយន្ត ១១.១៦៥គ្រឿង, ម៉ូតូ ១៩.៥៨៥គ្រឿង), មានជាតិស្រវឹង ១.០៩៧នាក់ ស្មើនឹង ៤ភាគរយ, អប់រំ ១.០១១នាក់ (រថយន្ត ៣០១នាក់ និងម៉ូតូ ៧១០នាក់), ពិន័យ ៧៤នាក់ (រថយន្ត ២៦នាក់ និងម៉ូតូ ៤៨នាក់), ឃាត់ខ្លួន ៤៥នាក់ (រថយន្ត ១០នាក់ និងម៉ូតូ ៣៥នាក់) មានកម្រិតជាតិស្រវឹង ០,៤០ ដល់១.៦៧ ។ គួររំលឹកថា ក្នុងខែមេសា ឆ្នាំ២០១៦នេះ មានគ្រោះថ្នាក់ចរាចរណ៍ជាទ្រង់ទ្រាយធំ បានកើតឡើងចំនួន ២ករណី គឺ១ករណីកើតឡើងនៅខេត្តបាត់ដំបង បណ្ដាលឲ្យស្លាប់ ៨នាក់ និងរបួស៣៤នាក់ និង១ករណីទៀត បានកើតឡើងក្នុងខេត្តកំពង់ស្ពឺ បណ្ដាលឲ្យរបួសធ្ងន់-ស្រាល ប្រមាណជា ៧០នាក់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]