ចិន៖ គួរឲ្យអាណិតលោកបងចោរ លួចខុសបច្ចេកទេស ត្រូវម្ចាស់គេដឹងខ្លួនទាន់។ បើតាមប្រភពបានឲ្យដឹងថា ហេតុការណ៍មួយកើតឡើង នៅលើរថយន្តក្រុងមួយគ្រឿង នៅប្រទេសចិន ដែលមានជនសង្ស័យជាចោរ ត្រូវនារីវ័យក្មេង រូបរាងស្រស់ស្អាតម្នាក់ ចាប់វាយយ៉ាងទក់សាច់។

តាមរយៈខ្សែវីដេអូឃ្លីប ដែលត្រូវបានថតដោយទូរស័ព្ទដៃ របស់អ្នកដំណើរម្នាក់នៅលើរថយន្តក្រុង បង្ហាញយ៉ាងច្បាស់ ពីសកម្មភាពជនសង្ស័យជាចោរ បានប្រើល្បិចចូលកៀកនារីវ័យក្មេងម្នាក់ ក្នុងបំណងលូកកាបូបស្ពាយរបស់នាង។

គេសង្កេតឃើញនារីរងគ្រោះ ហាក់បីដូចជាឈរមិនសូវអើពើ អ្នកនៅជុំវិញខ្លួនរបស់នាងឡើយ ដោយគិតតែឈរឈ្ងោកចុចទូរស័ព្ទដៃ។ លុះដល់ចំណតរថយន្តក្រុងដែលត្រូវឈប់ មានអ្នកដំណើរខ្លះក៏បានចុះ ចំណែកឯនារីវ័យក្មេងខាងលើ បានផ្លាស់ទីឈរដោយបែរខ្នង ផ្អែកកៅអីក្នុងសភាពធម្មតា ហើយក៏បន្តលេងទូរស័ព្ទរបស់នាងបន្តទៀត។

ភ្លាមនោះដែរ ចោរអត់ហុងស៊ុយបានបន្តសកម្មភាព ដើរទៅឈរពីក្រោយនាង និងបានប្រើដៃលូកកាបូបនារីរងគ្រោះដែលកំពុងស្ពាយ។ តែចៃដន្យអី លួចប៉ះនរណាមិនលួច លួចប៉ះអ្នកចេះក្បាច់គុណការ៉ាត់តេ ក៏ត្រូវនារីរងគ្រោះ ដឹងខ្លួនថាមានមនុស្សកំពុងតែលូកកាបូប នាងក៏ស្រែក ហើយចាប់កាច់ដៃចោរនោះ ថែមទាំងចាប់បោចសក់ រួចទាត់ជើងឲ្យដួល និងថែមទាំងទាត់ប៉ើងទៅទើរលើកៅអីអង្គុយម្ខាងទៀត​បង្កឲ្យមានឆោរឡោពេញរថយន្តក្រុងតែម្តង។

យ៉ាងណាមិញ បើក្រឡេកមកមើលទឹកមុខនារីរងគ្រោះវិញ ហាក់បីដូចជាខឹងក្រោធជាខ្លាំង ហើយឈរមើលទាំងស្រឡាំងកាំងផងដែរ៕

តោះចង់ដឹងយ៉ាងណា ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

រូបភាព៖ សកម្មភាពរបស់លោកបងចោរ កំពុងតែប្រើដៃលូកកាបូបនារីរងគ្រោះ
រូបភាព៖ សកម្មភាពនារីរងគ្រោះចាប់កាច់ដៃលោកបងចោរ
រូបភាព៖ សកម្មភាពនារីរងគ្រោះប្រើជើងធាក់លោកបងចោរ

ប្រភព៖ Mirror

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ទាក់ទងនឹងករណីខាងលើនេះដែរ បុរសជនជាតិចិនម្នាក់ ត្រូវបានអ្នកដំណើរដូចគ្នា លួចថតបានពីសកម្មភាព បើកកាបូបអ្នកដ៏ទៃ លួចយកលុយរាប់ពាន់ដុល្លារ នៅលើយន្តហោះ

បុរសឈ្មោះ Ma Qiquan អាយុ ៤៥ឆ្នាំ មានស្រុកកំណើត នៅខេត្ត Henan បានធ្វើសកម្មភាព លួចយកលុយពីកាបូប អ្នកដំណើរជនជនជាតិដាណឺម៉ាក អស់ជាង ៥,០០០អ៉ឺរ៉ូ (ប្រហែល ៥,៤៦០ដុល្លារអាមេរិក) នៅលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍តួកគី កាលពីថ្ងៃទី ៤មករា កន្លងទៅថ្មីៗនេះ។

បន្ទាប់ពីលួចលុយ បានសម្រេចរួចមក រូបគេហាក់បីដូចជាភ័យអរដោយមិនបានដឹងថា សកម្មភាពទាំងនោះ ត្រូវបានលួចថតដោយអ្នកដំណើរដទៃទៀត តាមទូរស័ព្ទដៃ ដែលមានការសង្ស័យមកលើខ្លួនគេឡើយ។ ក្រោយមក មានអ្នកដំណើរបានរាយការណ៍ ទើបជនសង្ស័យជនជាតិចិនរូបនោះ ត្រូវបានចាប់ខ្លួននៅពេលយន្តហោះចុះចត នៅឯព្រលានយន្តហោះទីក្រុងបាងកក។

ក្រោយការចាប់ខ្លួន ជនសង្ស័យបានបដិសេធថាខ្លួនមិនបាន លួចយកលុយនរណាម្នាក់ទេ ប៉ុន្តែក្រោយឃើញភស្តុតាងជាវីដេអូ ដែលលួចថតបាននោះ ទើបរូបគេគ្មានអ្វីតបត ហើយប្រាក់ទាំងនោះ ក៏ត្រូវបានគេឆែកឆេររកឃើញវិញផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]