ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ត្រូវ​បាន​គេ​វាយ​នឹង​ឈើ​ជ្រុង​បណ្ដាល​ឲ្យ​របួសធ្ងន់ និង​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទី​ពេទ្យ ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅ​ក្នុង​ពិធី​បុណ្យសព​មួយ​កាលពី​ម៉ោង​៩ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៨ ខែមេសា នៅ​ភូមិ​ព្រែក​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ។

មន្ត្រី​នគរបាល​ស្រុក​ស្អាង​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​ឈ្មោះ លុក ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មុខរបរ​កសិក បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​ដល់​មន្ទី​ពេទ្យ​កាល់​ម៉ែត្រ​រាជធានី​ភ្នំពេញ ។ ចំណែក​ជនសង្ស័យ​ឈ្មោះ ចាំ ម៉ា​ប់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កសិករ បាន​គេចខ្លួន​ក្រោយ​ពេល​កើតហេតុ ។ អ្នក​ទាំង​២​នាក់​មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ជាមួយ​គ្នា ។

រូបភាព៖ ជនរងគ្រោះ

មន្ត្រី​នគរបាល​បាន​ដកស្រង់​សំដី​សាក្សី​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ឈ្មោះ លុក ប៊ុ​ន​ធឿ​ន បាន​មក​អង្គុយ​លេង​កំដរ​ផ្ទះ​បុណ្យសព ។ ពេល​នោះ​មានឈ្មោះ ថុ​ក ភេទ​ប្រុស បាន​ឲ្យ​លុយ​២​ពាន់​រៀល​ទៅ​ជន​រង​គ្រោះ​ទៅ​ទិញ​ស្រា​នៅផ្ទះ​ឈ្មោះ នួន លី​ឡា ហៅ​ម៉ា​ប់ តែ​មិន​បើកទ្វារ​លក់​ស្រា​ឲ្យ​ក៏​ត្រឡប់​មក​វិញ មក​អង្គុយ​លេង​ជាមួយ​ឈ្មោះ ថុ​ក នៅផ្ទះ​បុណ្យសព​ដដែល ។

ពេល​កំពង់​អង្គុយ​និយាយ​គ្នា​ជាមួយ​ឈ្មោះ ថុ​ក ជន​រង​គ្រោះ​បាន​និយាយ​រឿង​ទៅ​ទិញ​ស្រា​ផ្ទះ​ឈ្មោះ ម៉ា​ប់ អត់​បើកទ្វារ​លក់​ស្រា​ឱ្យ ស្រប​ពេល​នោះ​ស្រាប់តែ​ឈ្មោះ ចាំ ម៉ា​ប់ ជា​ជនសង្ស័យ​ដែល​មានឈ្មោះ​ដូច​អ្នកលក់​ស្រា​ដើរមក​ដល់​ក្នុង​ស្ថានភាព​ស្រវឹងស្រា​បានលឺ ស្មានថា​និយាយដើម​ខ្លួន ក៏​ខឹង​រហូត​ទំនាស់​ពាក្យ​សំដី​គ្នា ។

ពេល​នោះ​ជនសង្ស័យ​បាន​ដើរទៅ​យក​ឈើ​ជ្រុង​ប៉ុន​កំភួនដៃ​ប្រវែង​ជាង​១​ម៉ែត្រ​នៅ​ក្បែ​នោះ​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ លុក ប៊ុ​ន​ធឿ​ន ចំ​ក្បាល និង​ខ្លួន​ចំនួន​៣​ឈើ​ជ្រុង បណ្តាល​ឲ្យ​ដួល​ទៅ​ដី​របួសធ្ងន់ បន្ទាប់​មក​ជនសង្ស័យ​បាន​ទម្លាក់​ឈើ​ជ្រុង​ចោល​នៅ​កន្លែង​កើតហេតុ​រួច​គេចខ្លួន​បាត់​តែ​ម្តង ។

ភ្លាម​នោះ​ឈ្មោះ លុក ប៊ុ​ន​ធឿ​ន ត្រូវ​បាន​បងប្អូន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែត្រ រាជធានី​ភ្នំពេញ ក៏​បាន​ស្លាប់​នៅ​មន្ទី​ពេទ្យ​តែ​ម្តង ។ នៅ​ព្រឹក​ថ្ងៃ​ទី​២៩​មេ​សា​នេះ ក្រុម​គ្រួ​សារបាន​បញ្ជូន​ជន​រង​គ្រោះ​មក​ដល់​ផ្ទះ​វិញ ។

ក្រោយ​ពេល​នគរបាល​បច្ចេកទេស​ស្រុក​ពិនិត្យ​សាកសព​ឃើញ​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ​មាន​ស្នាម​មុត​ផុង​លលាដ៍ក្បាល​ផ្នែក​ខាងលើ ស្នាម​ជាំ​ឆ្អឹងជំនី​ខាងស្តាំ និង​ស្នាម​ជាំ​នៅ​ស្មា​ខាងឆ្វេង ហើយ​បាន​ប្រគល់​សាកសព​ជូន​ក្រុម​គ្រួសា​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី និង​បាន​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​បន្ត​តាម​ចាប់ខ្លួន​ជនសង្ស័យ​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ៕

រូបភាព៖ ជនរងគ្រោះ

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត

គួររំលឹកផងដែរថា កាលពី​វេលា​ម៉ោង​០៥​ល្ងាច ថ្ងៃ​ទី​១៧ មេ​សា នៅ​​ចំណុច​តាម​ផ្លូវ​ក្នុងភូមិ​កំពង់​​សំណាញ់​​១ សង្កាត់​​កំពង់​​សំណាញ់ ក្រុង​តា​ខ្មៅ ហេតុ​ការណ៍​មួយ​​គឺ​ផ្ដើម​​ចេញពី​ស្នេហា​​ត្រីកោណ​ បុរស​ម្នាក់ដោយ​ឃើញ​យុវជន​ម្នាក់​ទៀត​ឌុ​ប​​ស្រី​​ស្នេហ៍​​របស់​ខ្លួន​​ទប់​​ចិត្ត​​មិន​​បាន ​ក៏​​ហៅ​ប្អូនប្រុស​មក​ជួយ​ស្ទាក់​ផ្លូ​វ​វាយ​ បណ្ដាល​ឱ្យ​យុ​វ​ជន​ដែល​កំពុង​ដឹក​នារីនោះ​រង​របួស​រហូត​​សន្លប់។

ក្រោយ​ពី​​កើតហេតុ​ ជនសង្ស័យ២​នាក់​បងប្អូន​បាន​គេចខ្លួន រហូត​ដល់​រសៀល​ថ្ងៃ​ទី​១៩ មេ​សា ត្រូវ​បាន​នគរបាល​តាម​ចាប់ខ្លួន​បាន​ម្នាក់ ​។ មន្ត្រី​នគរបាល​ក្រុង​តា​ខ្មៅ​ឱ្យ​ដឹង​ថា ​ជនសង្ស័យ​​​ដែល​ឃាត់ខ្លួននេះឈ្មោះ​ប៊ុ​ន​លី ចាន់​ថា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំ​នៅ​​ភូមិ​ក្របៅ សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ​និង​ម្នាក់​ទៀត​បាន​គេចខ្លួន​ឈ្មោះ​ប៊ុ​ន​លី ផល្លា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​​កម្មករ​រោង​ចក្រ មាន​ទីលំនៅ​ភូមិ​សង្កាត់​ជាមួយ​គ្នា​ និង​ត្រូវជា​បងប្អូន​បង្កើត ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះចាន់ សំណាង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​កាត់ សង្កាត់​តា​ក្តុល ក្រុង​តា​ខ្មៅ ​។

​ប្រភព​បន្ត​​ថា មុន​​ពេល​កើតហេតុ ជន​រង​គ្រោះ​​និង​​ជន​សង្ស័យ​​បាន​ស្រឡាញ់​នារី​ម្នាក់​ឈ្មោះស្រី​ណា អាយុ​១៨​ឆ្នាំ​ ជា​សិស្ស​ ។ លុះ​​​វេលា​កើតហេតុ​​ ជន​ឈ្មោះប៊ុ​ន​លី ផល្លា បានឃើញ​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូឌុប​នារី​នោះ​​តាម​​ផ្លូវ បន្ទាប់​​មកក៏​បាន​ហៅ​ប្អូនប្រុស​របស់​ខ្លួន​ម្នាក់​​​​ឈ្មោះ​ប៊ុ​ន​លី ចាន់​ថា និង​​យក​ដែក​ទីប​​ជ្រុង​ប្រវែង​កន្លះ​​ម៉ែត្រយក​ទៅ​នាំ​គ្នា​វាយ​លើ​ជន​រង​គ្រោះ​ចំ​ក្បាល​ និង​ដងខ្លួន បណ្តាល​ឱ្យ​​មាន​​របួស​​ស្នាម​សន្លប់​ដេក​​នៅ​លើ​ថ្នល់​តែ​ម្តង បន្ទាប់​មក​ក៏​ត្រូវ​បងប្អូន​ដឹក​យក​ទៅ​ព្យាបាល​របួស នៅ​មន្ទីរពេទ្យ​ជ័យជំនះ ។ ​

រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​១៩ កម្លាំង​ប៉ុស្តិ៍​កំពង់​​សំណាញ់ សហ​ការ​ជាមួយ​ផ្នែក​ជំនាញព្រហ្មទណ្ឌក្រុងតា​ខ្មៅ បាន​ឃាត់ខ្លួន​ជន​សង្ស័យ​ម្នាក់​ឈ្មោះ​ប៊ុ​ន​លី ចាន់​ថា យក​មក​​សាកសួរ ហើយ​បាន​សារភាព​ថា​ ខ្លួន​និង​បងប្រុស​​ពិតជា​បាន​នាំ​គ្នា​ យក​ដែក​ទីប​ជ្រុង​ប្រវែង​កន្លះ​ម៉ែត្រ ​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ប្រាកដ​មែន​​ ៕

រូបភាព៖ ជនសង្ស័យត្រូវប៉ូលិសឃាត់ខ្លួន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]