ថៃ៖ ក្រុមគ្រួសារជនជាតិអង់គ្លេសគ្នា៣នាក់ ត្រូវបានក្រុមក្មេងស្ទាវថៃ វាយប្រហារយ៉ាងសាហាវ នៅកណ្ដាលផ្លូវសាធារណៈ ក្នុងអំឡុងពេលដែលពួកគេ ធ្វើដំណើរកម្សាន្ដនៅតំបន់សមុទ្រហួហីន ប្រទេសថៃ កាលពីថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០១៦ ជាថ្ងៃឆ្លងឆ្នាំប្រពៃណីរបស់ថៃ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះដែលជាភ្ញៀវទេសចរនេះ មានបុរសជាប្ដីអាយុ ៦៨ឆ្នាំ និងប្រពន្ធអាយុ ៦៥ឆ្នាំ ខណៈកូនប្រុសរបស់ពួកគាត់មានអាយុ ៤៣ឆ្នាំ។ ក្នុងហេតុការណ៍នេះ បុរសជាឪពុក និងកូនប្រុស បានរងរបួសក្បាលដាច់រយះ ចំនែកឯស្ដ្រីជាម្ដាយ បានរងនូវការប៉ះទង្គិចខ្លាំងត្រង់ភ្នែក និងក្បាល ដែលបណ្ដាលឲ្យមានសារធាតុរាវនៅក្នុងខួរក្បាល និងតម្រូវឲ្យមានការវះកាត់ភ្លាមៗ។ 

នេះបើតាមសម្ដីលោកប៉ូលិស Chaiyakorn Sriladecho បានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យមានហេតុការណ៍នេះ គឺដោយសារតែកូនប្រុសរបស់ពួកគាត់ បានដើរប៉ះបុរសថៃម្នាក់ដោយអចេតនា ដែលនាពេលនោះ ក៏មានក្រុមក្មេងស្ទាវថៃចេញមុខ ដាល់មុខពួកគាត់ទាំង៣ រួចវ៉ៃទាត់ធាក់យ៉ាងសាហាវ ក្នុងរយៈពេលតែ ២នាទីប៉ុណ្ណោះ ហើយហេតុការណ៍នេះ បានបញ្ចប់នៅពេលដែល ជនរងគ្រោះទាំង៣ ដេកដួលសន្លប់នៅនឹងដី ខណៈដែលជនដៃដល់ទាំងនេះ រត់បាត់ស្រមោលពីកន្លែងកើតហេតុ។

នាពេលនេះ ប៉ូលិសបានឃាត់ខ្លួន ក្រុមក្មេងស្ទាវថៃខាងលើ សរុបចំនួន ៤នាក់ ដែល៣នាក់ចាប់ខ្លួនបានភ្លាមៗ កាលពីថ្ងៃកើតហេតុ និងម្នាក់ទៀតទើបតែចាប់បាន កាលពីថ្ងៃព្រហស្បតិ៍មុននេះ និងអ្នកទាំង៤ មានអាយុពី ២០ ទៅ ៣០ឆ្នាំ។ ក្រោយពីការចាប់ខ្លួន អ្នកទាំង៤នាក់ បានធ្វើការសុំទោស និងពួកគេនិយាយថា ពួកគេមិនអាចធ្វើសកម្មភាពនេះទៅរួចនោះទេ ប្រសិនជាពួកគេមិនស្រវឹង។

គួរបញ្ជាក់ថា សកម្មភាពវាយប្រហារអ្នកទេសចរដ៏ព្រៃផ្សៃខាងលើនេះ ត្រូវបានថតជាប់ ដោយកាមេរ៉ាសុវត្ថិភាព និងត្រូវបានគេយកទៅ បង្ហោះចូលទៅក្នុងបណ្ដាញទំនាក់ទំនងសង្គមក្នុងសប្ដាហ៍នេះ និងនេះជាសកម្មភាពប្រើហិង្សាទៅលើភ្ញៀវទេសចរចុងក្រោយគេ ក្នុងប្រទេសស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍៕

ទស្សនាសកម្មភាពដែលក្រុមអ្នកទេសចររងការវាយប្រហារ ពីក្រុមអ្នកលេងក្នុងប្រទេសថៃ៖

ប្រភព៖ Foxnews

ការចាប់អារម្មណ៍ខ្មែរឡូត៖

យ៉ាងណាមិញ ក៏មានហេតុការណ៍ភ្ញាក់ផ្អើលមួយផ្សេងទៀត កាលពីថ្ងៃឆ្លងឆ្នាំប្រពៃណីថៃ ២០១៦មុននេះ ដែលបុរសបរទេសម្នាក់ បានបង្ហាញអំពីទង្វើមិនសមរម្យ ដាក់នារីថៃ និងបុរសនេះក៏ត្រូវបានប៉ូលិសធ្វើការ ឃាត់ខ្លួនផងដែរ។

នេះបើតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសដែលបានបង្កឲ្យមាន ភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះ មានឈ្មោះ Ben Bartanyi អាយុ៤៩ឆ្នាំ ជាជនជាតិអាមេរិក ហើយពេលនេះរូបគេ ក៏ត្រូវបានប៉ូលិសធ្វើការចាប់ខ្លួន រួចរាល់ហើយ ដោយក្នុងនោះប៉ូលិស ក៏ត្រៀមធ្វើការចោទប្រកាន់ទៅលើរូបគេ ពីបទធ្វើសកម្មភាព ព្រហើនកោងកាង នៅទីសាធារណៈ ផងដែរ។ ដើមហេតុដំបូង គឺផ្តើមចេញពីវីដេអូមួយ ដែលត្រូវបានបង្ហោះចូល ក្នុងបណ្តាញសង្គម ដោយបានបង្ហាញអំពីទិដ្ឋភាព លេងកំសាន្តរបស់មនុស្សជាច្រើន មានទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅតំបន់រមណីយដ្ឋាន ប៉ាតាយ៉ា របស់ប្រទេសថៃ ហើយក្នុងនោះគេឃើញមាន ការលេងបាញ់ទឹកដាក់គ្នាទៅវិញទៅមក យ៉ាងរីករាយ។ តែអ្វីដែលមិននឹកស្មាន គេស្រាប់តែថតបាននូវសកម្មភាពរបស់ Ben ដែលបានប្រព្រឹត្តអំពើអនាចារ ទៅលើនារីជនជាតិថៃម្នាក់ អាយុ២០ឆ្នាំ ដែលនាងជា នារីបម្រើការក្នុងបារមួយកន្លែង នាតំបន់នោះ។

បើតាមការបញ្ជាក់ ពីមន្ត្រីប៉ូលិស បានឲ្យដឹងទៀតថា នារីដែលជាប់ពាក់ព័ន្ធ ក្នុងរឿងនេះ បាននិយាយថា នាងមិនបានចងចាំអ្វីដែល បានកើតឡើងនាពេលនោះឡើយ តែយ៉ាងណាមិញ នាងបានដាក់ពាក្យបណ្តឹង ក្រោយពីបានឃើញវីដេអូ ដោយផ្ទាល់ភ្នែក។

ជុះវិញករណីនេះដែរ Ben Bartanyi ក៏បានសារភាពប្រាប់ថា រូបគេពិតជាអ្នកដែលបាន ធ្វើសកម្មភាពនោះប្រាកដមែន ហើយក៏បានធ្វើការសុំទោស ចំពោះទង្វើរបស់ខ្លួនផងដែរ។ ទោះយ៉ាងណាក៏ដោយ ការស៊ើបអង្កេតចំពោះរឿងរ៉ាវមួយនេះ នៅតែបន្ត រីឯ Ben ក៏អាចនឹងត្រូវ ទទួលទោសចំពោះទង្វើ របស់ខ្លួនផងដែរ។ គូសបញ្ជាក់ផងដែរថា រឿងរ៉ាវមួយនេះបានកើតឡើង កាលពីថ្ងៃសុក្រសប្តាហ៍មុន ជាអំឡុងពេលដែល មានពិធីបុណ្យមហាសង្រ្កាន្ត អបអរចូលឆ្នាំថ្មី នៅក្នុងប្រទេសថៃ ហើយរឿងនេះ បានធ្វើឲ្យមនុស្សជាច្រើន មិនថាតែប្រជាជនថៃ នោះទេ សុទ្ធតែមានភាព ភ្ញាក់ផ្អើលយ៉ាងខ្លាំង ម្យ៉ាងវិញទៀត អ្នកដែលបានមើលវីដេអូនោះហើយ ភាគច្រើនសុទ្ធតែ បង្ហាញពីភាពមិនពេញចិត្តជាខ្លាំង និងបានធ្វើការរិះគន់ យ៉ាងចាស់ដៃផងដែរ៕

ចុចទីនេះ ដើម្បីមើលព័ត៌មាន បុរសដែលប្រព្រឹត្ត អំពើអនាចារ ទាំងកណ្តាលវាល ប៉ុន្មានថ្ងៃមុន ក្នុងប្រទេសថៃ ត្រូវប៉ូលិសចាប់ខ្លួន (មានវីដេអូ)

សកម្មភាពដ៏សែនមិនគប្បី របស់ Ben ដែលបានធ្វើ ក្នុងអំឡុងពិធីកំសាន្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]