អង់គ្លេស៖ កាលពីពេលថ្មីៗនេះ មានហេតុការណ៍រន្ទះបាញ់ បាញ់យន្តហោះចំនួន ២គ្រឿង ដែលកំពុងហោះហើរនៅលើទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ក្នុងអំឡុងពេល មានព្យុះភ្លៀង កាលពីថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០១៦ កន្លងទៅនេះ ប៉ុន្តែគួរឲ្យសោកស្តាយទិដ្ឋភាពនៃហេតុការណ៍នោះ ត្រូវគេថតបានតែមួយប៉ុណ្ណោះ។

បើតាមវីដេអូឃ្លីប ដែលគេថតបាននោះ បានបង្ហាញឲ្យឃើញ រន្ទះបាញ់ដ៏គួរឲ្យខ្លាច បាញ់ប្រហារទៅលើ យន្តហោះមួយគ្រឿង ដែលកំពុងតែហោះហើរ នៅលើផ្ទៃអាកាស ប៉ុន្តែជាសំណាងល្អ មិនបង្កឲ្យមានគ្រោះថ្នាក់អ្វីកើតឡើងឡើយ ដោយសារតែ យន្តហោះត្រូវបានគេបង្កើតឡើង ដើម្បីអាចប្រឈមមុខ ឬទប់ទល់ នឹងរន្ទះបាញ់បាន ដូច្នេះហើយ អ្នកដំណើរនៅលើយន្តហោះទាំងអស់ បានត្រឹមតែទទួលបានបទពិសោធន៍នៃស្នូរសម្លេងរន្ទះ និងពន្លឺភ្លឺផ្លេក ដែលបាញ់ឆ្លងកាត់ពួកគេ តែប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា យន្តហោះទាំង២គ្រឿង ដែលទទួលរងការវាយប្រហារពីរន្ទះបាញ់ មានមួយគ្រឿង គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍ British Airways និងមួយគ្រឿងទៀត ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍ Icelandair ក្នុងប្រទេសអង់គ្លេស ខណៈយន្តហោះដែលត្រូវគេថតបាននោះ មិនដឹងជាមួយគ្រឿងណា ឲ្យប្រាកដឡើយ។

ទោះបីជាយ៉ាងណា អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍ British Airways បានប្រាប់ឲ្យដឹងថា «រន្ទះបាញ់ បានកើតឡើងគឺជារឿងធម្មតា ហើយយន្តហោះ គឺត្រូវបានរចនាឡើង ដើម្បីអាចទប់ទល់នឹងពួកវាបាន។ យ៉ាងណាក៏ដោយ យន្តហោះដែលទទួលរងការវាយប្រហារពីរន្ទះបាញ់នោះ នឹងត្រូវទទួលបាន ការត្រួតពិនិត្យឡើងវិញ មុនពេលអាចហោះហើរ ម្តងទៀតបាន»៕

រូបភាព៖ ទិដ្ឋភាព រន្ទះបាញ់ បាញ់យន្តហោះមួយគ្រឿង

ប្រភព៖ បរទេស

កំណត់ហេតុខ្មែរឡូត

គួររំលឹកផងដែរថា កាលពីខែសីហា ឆ្នាំ២០១៥ មុននេះ យន្តហោះ Delta មួយគ្រឿង ដឹកអ្នកដំណើរ១១១នាក់ ត្រូវរន្ទះបាញ់ចំ ស្តែងៗតែម្តង។

ទិដ្ឋភាពគួរឲ្យរន្ធត់ស្តែងៗមួយបានកើតឡើង ដោយយន្តហោះរបស់ ក្រុមហ៊ុន អាកាសចរណ៍ Delta មួយគ្រឿង ត្រូវបានរន្ទះបាញ់ ខណៈពេលកំពុងរៀបនឹង ហោះចាកចេញពី អាកាសយាន្តដ្ឋាន មួយនៅ សហរដ្ឋអាមេរិក។

តាមប្រភពព័ត៌មានបានឲ្យដឹងថា យន្តហោះ Delta ប៊ូអ៊ីញ737-900R ជើងហោះហើរ 67 ត្រូវបានរន្ទះបាញ់ កាលពីថ្ងៃអង្គារ៍នេះ ខណៈពេល​យន្តហោះ មួយនេះបាន ចតតំរង់ជួរ ត្រៀមនឹង ហោះចាកចេញ ពី អាកាសយាន្ត ដ្ឋាន អន្តរជាតិ អាត្លង់តា អំឡុងពេល កំពុងតែមានភ្លៀងធ្លាក់យ៉ាង ខ្លាំង ។

ក្នុងនោះដែរ ទិដ្ឋភាពពេលរន្ទះបាញ់យន្តហោះ យ៉ាងស្តែងៗ ត្រូវគេថតបានទាំងស្រុង និង បង្ហោះលើបណ្តាញ អ៊ីនធើណេត ផងដែរ ។

យ៉ាងណាមិញ បើតាមសំដីអ្នកនាំពាក្យ ឲ្យក្រុមហ៊ុនអាកាសចរណ៍ Delta បានបញ្ជាក់ថា ក្នុងហេតុការណ៍នេះ មិនបានបណ្តាលឲ្យ អ្នកដំណើរទាំង ១១១ នាក់ និង បុគ្គលិកអាកាសចរ ៦នាក់ទៀត នៅលើយន្តហោះ កើតមានគ្រោះថ្នាក់ ឬ​ មានរបួសអ្វី នោះទេ ។

អ្នកនាំពាក្យរូបនេះ បន្តថា យន្តហោះត្រូវបាន ផលិតនិងច្នៃឡើងដោយមាន ប្រព័ន្ធការពារ ពីកាំរន្ទះ ប៉ុន្តែក្នុងករណី នេះ ក្រុមហ៊ុនកំពុងតែ ធ្វើការស៊ើបអង្កេត និងស្វែងរក មូលហេតុបណ្តាល ឲ្យកើតហេតុការណ៍នេះ ពីព្រោះ ក្រុមហ៊ុន Delta តែងតែគិតពី សុវត្ថិភាពជាចំបង ៕

រូបភាព៖ យន្តហោះ Delta ត្រូវរន្ទះបាញ់ចំស្តែងៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]