ហុងកុង៖ គ្រូពេទ្យដែលធ្វើការព្យាបាលករណីក្មេងស្រីអាយុ ១១ឆ្នាំម្នាក់ ដែលយំមកចេញឈាម បានភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីប្រទះឃើញកែវដាក់ភ្នែក (contact lens) ជាប់នៅក្នុងភ្នែករបស់នាង អស់ពេល២ឆ្នាំ។

នេះបើតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងស្រីជនជាតិហុងកុង មិនបញ្ចេញឈ្មោះម្នាក់ បានប្រញាប់រត់រកការជួយសង្គ្រោះបន្ទាន់ បន្ទាប់ពីត្របកភ្នែកឡើងហើម។ នៅក្នុងនោះ នាងនិងម្ដាយត្រូវបាន គេប្រាប់ឲ្យដឹងថា នាងមានដុំពកឈ្មោះ chalazion ដែលជាបញ្ហាទូទៅមួយ ដែលដុំពកបានបង្កើតចេញជារូបរាង នៅលើត្របកភ្នែក ក្រោយពីក្រពេញប្រេងបានកកស្ទះ។ ក្នុងគ្រានោះ នាងត្រូវបានគេឲ្យថ្នាំសម្លាប់បាក់តេរី និងត្រលប់មកផ្ទះវិញ ដែលនាថ្ងៃព្រឹកបន្ទាប់ ក៏មានរឿងភ្ញាក់ផ្អើលកើតឡើង បន្ទាប់ពីនាងយំ បែរជាចេញជាឈាមទៅវិញ។

ក្រោយពីមានហេតុការណ៍នេះ នាងត្រូវបានបញ្ជូនទៅជួប វេជ្ជបណ្ឌិតអ្នកជំនាញខាងចក្ខុ និងធ្វើការស្កេនមើល នេះយោងតាមរបាយការណ៍ ដែលវេជ្ជបណ្ឌិតនេះ រៀបរាប់នៅក្នុងទស្សនាវដ្ដី BMJ និងបើតាមរូបភាព ក្រោយពីការស្កេនរួច បានបង្ហាញយ៉ាងច្បាស់ ពីដុំពកនៅលើភ្នែករបស់នាង ដែលជាសារធាតុរាវ និងមានគែមផងដែរ។ ដោយសារតែការរកឃើញបែបនេះ វេជ្ជបណ្ឌិតយល់ថា ដុំពកនៅលើភ្នែកនាងនេះ នឹងធ្វើឲ្យប៉ះពាល់ដល់ភ្នែករបស់នាង ទើបមានការវះកាត់យកដុំពកនេះ ចេញជាបន្ទាន់។

យ៉ាងណាមិញ លទ្ធផលពិតជាធ្វើឲ្យវេជ្ជបណ្ឌិតនាំគ្នាស្រឡាំងកាំង ក្រោយពីដុំពក បានប្រែក្លាយជា កែវដាក់ភ្នែក (contact lens) ទៅវិញ ក្រោយពីការវះកាត់។ បន្ទាប់មក ទើបម្ដាយរបស់នាងនឹកឃើញរឿង ដែលកូនស្រីនាងបានបាត់កែវដាក់ភ្នែក (contact lens) ម្ខាង កាលពី២ឆ្នាំមុន ដែលនាងបានពាក់ពេញមួយយប់ ដើម្បីជួយកែប្រែទម្រង់នៃកញ្ចក់ភ្នែក ដែលជាស្រទាប់ខាងលើនៃភ្នែក ដើម្បីកុំឲ្យនាងម្ញ៉ូបខ្លាំងជាងមុន។

ទោះជាយ៉ាងណា នៅក្នុងរបាយការណ៍ដែលចុះផ្សាយនៅក្នុងទស្សនាវដ្ដីនោះ ត្រូវបានវេជ្ជបណ្ឌិត និយាយថា វាជារឿងដ៏ពិបាកក្នុងការធ្វើរោគវិនិច្ឆ័យ ដោយសារតែក្រុមគ្រួសាររបស់ក្មេងស្រីនេះ មិនបានរៀបរាប់ឲ្យលំអិតទាក់ទងនឹង បញ្ហាជ្រុះបាត់កែវដាក់ភ្នែកនេះ កាលពីមុន។ ជាចុងក្រោយ មិនមានរបាយការណ៍ណាមួយ បានបញ្ជាក់ថា មានរឿងអ្វីកើតឡើងជាបន្ទាប់លើក្មេងស្រីនេះ ក្រោយពីជួបហេតុការណ៍នេះ នោះទេ។

រូបភាពនៅពេលដែលនាងយំចេញឈាម(ខាងឆ្វេង) និងកែវដាក់ភ្នែក (contact lens) ដែលនាងជាប់ ក្នុងភ្នែកអស់ពេល ២ឆ្នាំ
រូបភាពស្កេន ឃើញមានដុំពកម្យ៉ាងនៅពីលើភ្នែកនាង

ប្រភព៖ ឌេលីម៉ែល

រឿងដែលអ្នកត្រូវដឹង ទាក់ទងនឹងកែវដាក់ភ្នែក (contact lens) និងវិធីការការពារភ្នែក៖

តាមរយៈវេបសាយសុខភាពរបស់ អាមេរិក ដែលធ្លាប់ទទួលពានរង្វាន់ បានបង្ហាញពី លក្ខខណ្ឌ មួយចំនួន ក្នុងការថែរក្សា កែវដាក់ភ្នែក (contact lens) យ៉ាងណា ឲ្យមានសុវត្ថិភាព ដែលមានដូចខាងក្រោម៖

១. មុននឹងកាន់ កែវដាក់ភ្នែក អ្នកគួរតែលាង ដៃ ឲ្យបានស្អាត ជាមួយនឹង សាប៊ូ ធម្មតា និងនៅលើដៃ មិនគួរលាប ប្រេង ,ទឹកអប់ និងឡេ ដោយសារតែ សារជាតិទាំងនេះ អាចបញ្ជូន ទៅក្នុងកែវដាក់ភ្នែក ដែលអាចធ្វើប៉ះពាល់ ដល់កែវភ្នែកនិង បង្កជាការរមាស់ផ្សេង..។

២. ក្រោយពីលាងដៃ ត្រូវជូតឲ្យស្ងួត ជាមួយនឹងកន្សែង។

៣. ប្រសិន ជាអ្នកត្រូវប្រើប្រាស់ ស្បៃបាញ់សក់ អ្នកគួរតែប្រើប្រាស់មុននឹងពាក់កែវដាក់ភ្នែក

៤. អ្វីដែលកាន់តែ ប្រសើរ អ្នកគួរតែកាត់ក្រចកដៃឲ្យខ្លី ដើម្បីបង្កើនភាពងាយស្រួល ដាក់កែវដាក់ភ្នែក ចូលទៅ ក្នុងភ្នែក បញ្ចៀសការធ្វើឲ្យកែវដាក់ភ្នែក ឆូត។

៥. អ្នកគួរតែ ពាក់កែវដាក់ភ្នែកមុននឹង ធ្វើការ តុបតែងមុខ ហើយអ្នកគួរតែ ដក lenses ចេញពីភ្នែក មុននឹង លាងគ្រឿងសំអាង នៅលើផ្ទៃមុខអ្នកដូចគ្នា។

៦. កែវដាក់ភ្នែក សម្រាប់ពាក់ភ្នែក មានច្រើនប្រភេទ និងមាន លក្ខខណ្ឌ ផ្សេងៗគ្នា ក្នុងការប្រើប្រាស់ ដូចនេះ អ្នកគួរតែធ្វើការពិភាក្សា ជាមួយនឹងគ្រូពេទ្យ ឬ អ្នកជំនាញ មុននឹង ប្រើប្រាស់។

៧. មិនគួរប្រើប្រាស់ទឹកម៉ាស៊ីន ដាក់ចំកែវដាក់ភ្នែក ឬ ដាក់កែវដាក់ភ្នែក ចូលទៅក្នុង មាត់ ដើម្បីលាងសំអាតវា ដោយសារតែ មេរោគតូចៗ អាចមាននៅក្នុងទឹក សូម្បីតែទឹកស្អាតទាំងនេះ អាចបណ្ដាល ឲ្យ ឆ្លងរោគ ឬ បំផ្លាញដល់ការមើលឃើញ របស់អ្នកក៏ថាបាន។

៨. អ្នកគួរតែ លាងសំអាតកែវដាក់ភ្នែក និមួយៗ ឲ្យស្អាត ដោយប្រើប្រាស់ ដៃចង្អុល ដុសថ្នមៗ និងអ្នកគួរតែលាង សំអាត ប្រដាប់ដាក់កែវដាក់ភ្នែក ឲ្យបានស្អាត ជាមួយនឹង ទឹកក្ដៅ និង ៣ខែ ត្រូវប្ដូរវាចេញម្ដង។

វិធីថែរក្សាភ្នែក ក្នុងការពាក់កែវដាក់ភ្នែក៖

១. អ្នកគួរតែ ពាក់កែវដាក់ភ្នែកទៅតាម ដំបូន្មាន ដែល អ្នកជំនាញនិងគ្រូពេទ្យ បានប្រាប់ ថាតើអ្នកអាច ពាក់បានប៉ុន្មានម៉ោង ក្នុងមួយថ្ងៃ។

២. ប្រសិនជា អ្នកមានបញ្ហា ក្នុងការចងចាំ មិនដឹងថា ពាក់កែវដាក់ភ្នែក តាំងពីពេលណាមក អ្នកគួរតែ សួរ អ្នកជំនាញ ឬគ្រូពេទ្យ ឲ្យជួយ សាររើពីប្រវត្ដិនៃ ការពាក់របស់អ្នក។ តែយោបល់ល្អ អ្នកគួរតែ ធ្វើការ កត់ទុក ដោយខ្លួនឯង។

៣. មិនគួរ ពាក់កែវដាក់ភ្នែក អ្នកដទៃ ដោយសារតែ អ្នកអាច ឆ្លងមេរោគ ពីកែវភ្នែក របស់ពួកគេ យ៉ាងងាយបំផុត នៅពេលដែល អ្នកបានពាក់កែវដាក់ភ្នែក របស់ពួកគេនោះ។

៤. មិនគួរគេង ខណៈដែល អ្នកនៅ ពាក់កែវដាក់ភ្នែក ក៏ព្រោះ នៅពេល បិទភ្នែក វាមិនអនុញ្ញាតឲ្យទឹកភ្នែក របស់អ្នកពាំនាំនូវ អុកស៊ីសែន (ដែលជួយ ដល់សុខភាពភ្នែកអ្នក) ចូលទៅក្នុងភ្នែករបស់ អ្នកទេ។

៥. ការពាក់កែវដាក់ភ្នែក អាចបណ្ដាល ឲ្យភ្នែករបស់ អ្នកឆាប់ប្រតិកម្ម នឹង ពន្លឺព្រះអាទិត្យ។ អ្នកគួរតែ ពាក់វ៉ែនតា ការពារពន្លឺព្រះអាទិត្យ ដែលមាន UV ការពារ ពេញលេញ នៅពេលស្ថិតនៅក្រោម ពន្លឺព្រះអាទិត្យ។

៦. ប្រសិនជាអ្នកច្រលំ ពាក់កែវដាក់ភ្នែក ពីក្នុងមកក្រៅ នោះវាមិនបណ្ដាលឲ្យអ្នក រងផលប៉ះពាល់អ្វីនោះទេ តែវានឹងធ្វើឲ្យ អ្នក មិនសូវមានភាពសុខស្រួល។ ដើម្បីបញ្ចៀស បញ្ហាទាំងនេះ អ្នកគួរដាក់កែវដាក់ភ្នែក នៅលើ ដៃចង្អុល នោះអ្នកនឹងឃើញ វាចេញជា ទម្រង់ រាងពែង។ ប្រសិនជា អ្នកឃើញវាមានរូបរាង ដូច រូបភាព ខាងក្រោមនេះ មានន័យថា អ្នកអាចពាក់កែវដាក់ភ្នែក បានដ៏ត្រឹមត្រូវហើយ។ 

៧. ប្រសិនជាអ្នកចាប់ផ្ដើម មានអាការៈរមាស់ភ្នែក អ្នកគួរតែធ្វើការ យកកែវដាក់ភ្នែក ចេញភ្លាមៗ ពីក្នុងភ្នែក និងឈប់បន្ដ ការប្រើប្រាស់វា លុះត្រាតែ អ្នកធ្វើការណាត់ជួប និងពិភាក្សា ពីសំណាក់គ្រូពេទ្យ ឬអ្នកជំនាញ។

៨. ប្រញាប់ប្រញាល់ ទៅរកគ្រូពេទ្យ ប្រសិនជា អ្នកមានអាការៈឈឺភ្នែក, ឡើងក្រហម , មើលមិនសូវច្បាស់, ហើម ឬអាការៈផ្សេងៗ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]