ភ្នំរពញ៖ កិច្ចសម្ភាសដ៏កម្រមួយ ពាក់ព័ន្ធនឹងជីវិតឯកជនរបស់ កំពូលតារាចំរៀងប្រចាំផលិតកម្ម ថោន កញ្ញា មាស សុខសោភា នឹងចាក់ផ្សាយជូនទស្សនា លើកញ្ចក់ទូរទស្សន៍ ភីអិនអិន នៅដើមសប្តាហ៍ក្រោយ។ 

កំពូលតារាចំរៀងរូបនេះ នឹងបង្ហាញខ្លួនក្នុងកម្មវិធី ស៊ីអារម្មណ៍ ឬ Chit Chat Show របស់ ភីអិនអិន ដោយនឹងជជែកវែកញែក ពាក់ព័ន្ធជីវិតឯកជនរបស់នាង ជាមួយពិធីករពោរពេញដោយសំនួនវោហារ មិនចេញរីងស្ងួតលោក ប៉ែន ចំរ៉ុង។ ក្នុងកិច្ចសម្ភាសន៍នេះ ក៏មានវត្តមានម្ដាយតារារូបនេះ ចូលរួមជាភ្ញៀវកិត្តិយសផងដែរ។ 

កញ្ញា លួង ភីរ៉ូនីកា អ្នកផលិតកម្មវិធី ស៊ីអារម្មណ៍ បានប្រាប់ឲ្យដឹងថា មនុស្សជាច្រើនធ្លាប់ទទួលបានភាពរីករាយ ជាមួយនឹងការច្រៀង ក៏ដូចជាសម្តែងរបស់កញ្ញា មាស សុខសោភា ប៉ុន្តែពួកគេកម្របានឃើញ កិច្ចសម្ភាសន៍ផ្ទាល់របស់នាង ពិសេសគឺអ្វីដែលពាក់ព័ន្ធក្នុង ជីវិតឯកជនតែម្តង។ ពីកម្មវិធី នឹងផ្តល់ជូនទស្សនិកជន នូវអ្វីដែលមិនធ្លាប់ទទួលបានពីមុនមកអំពីជីវិតឯកជនរបស់ មាស សុខសោភា។ សុខសោភា គឺជាកំពូលតារាចំរៀងមួយរូប ក្នុងដួងចិត្តប្រិយមិត្ត ខណៈកំពូលតារាចំរៀងរូបនេះ តែងបង្ហាញខ្លួនជារឿយៗលើឆាកតន្រ្តីនៃ បណ្តាស្ថានីយទូរទស្សន៍ក្នុងស្រុក ជាច្រើន ក៏ដូចជាព្រឹត្តិការណ៍តន្រ្តីតាមបណ្តាខេត្តក្រុងទូទាំងប្រទេសផងដែរ។ 

កម្មវិធី ស៊ីអារម្មណ៍ ឬ Chit Chat Show របស់ ភីអិនអិន គឺជាកម្មវិធីកំសាន្តដ៏មានប្រជាប្រិយភាពមួយ ចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃចន្ទ វេលាម៉ោង ៨និង ៣០នាទីយប់ បន្ទាប់ពីកម្មវិធី មុខរបរខ្ញុំ ឬ My Place។ ចាប់តាំងពីផ្តើមផ្សាយដំបូងអំឡុង ខែមករា ដើមឆ្នាំ២០១៦នេះ ស៊ីអារម្មណ៍ បានបង្ហាញជូនប្រិយមិត្ត នូវវត្តមានតារាល្បីៗក្នុងវិស័យសិល្បៈ ជាច្រើនរបស់ប្រទេសកម្ពុជា ជាពិសេស កាលពីពេលកន្លងទៅ តារាកិត្តិយសចូលរួមក្នុងកម្មវិធី មានដូចជា លោក ចាន់ វឌ្ឍនាការ លោក ហេង ពិទូ ក៏ដូចជា កញ្ញា យូរី ជាដើម។ ស៊ីអារម្មណ៍ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ដោយមានចំនួនអ្នកតាមដាន ទស្សនាយ៉ាងច្រើន ទាំងលើកញ្ចក់ទូរទស្សន៍ ទាំងលើបណ្តាញសង្គម ខណៈទំព័រហ្វេសបុក និងគណនី YouTube របស់ កម្មវិធីស៊ីអារម្មណ៍ មានចំនួនអ្នកទស្សនារាប់លានដង។ ស៊ីអារម្មណ៍ ក៏ជាកម្មវិធីថ្មីមួយ ក្នុងចំណោមកម្មវិធីជាច្រើនរបស់ ភីអិនអិន ដែលបង្កើតឡើងដើម្បីបំពេញតម្រូវការទស្សនិកជន ក្នុងម៉ោងមាសរបស់ខ្លួន ដោយរាប់បញ្ចូលទាំងកម្មវិធីកំពុងទទួលបាន ប្រជាប្រិយភាពខ្លាំង គឺកម្មវិធី ការណាត់ជួបដ៏អស្ចារ្យ ឬ The Date Show ដែលបង្ហាញជូនពីអ្វី តារាសិល្បៈជាច្រើន ចង់ធ្វើ តែមិនធ្លាប់បានធ្វើ ក្នុងជីវិតឯកជនរបស់ពួកគេ។

ស្ថានីយទូរទស្សន៍ ភីអិនអិន បានបង្កើតកម្មវិធីកំសាន្តក្នុងស្រុកថ្មីៗជាច្រើន ដើម្បីបំពេញក្នុង ម៉ោងមាសរបស់ខ្លួន ជាការឆ្លើយតបទៅ នឹងបម្រាមរបស់ក្រសួងព័ត៌មានកាលពីពេលថ្មីៗ តម្រូវឲ្យគ្រប់ស្ថានីយ ទូរទស្សន៍ទាំងអស់ រាប់បញ្ចូលទាំងក្រុមហ៊ុនទូរទស្សន៍ខ្សែកាបផងនោះ ត្រូវចាក់ផ្សាយកម្មវិធី ក៏ដូចជារឿងផលិតក្នុងស្រុក ក្នុងអំឡុងម៉ោងមាសរបស់ខ្លួន ចន្លោះពីម៉ោង ៧ ដល់ម៉ោង ៩យប់ ជំនួសឲ្យភាពយន្ត និងកម្មវិធីបរទេស៕

ឈុតខ្លីពីកម្មវិធី ស៊ីអារម្មណ៍ សូមចុច៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចាន់ វឌ្ឍនាកា