ខេត្តកំពង់ចាម ៖ បុរសម្នាក់ឈ្មោះអាត សំអុល អាយុ៥៤ឆ្នាំ រស់នៅភូមិ៣៣ ឃុំតាអុង ស្រុកចំការលើ បានរងរបួស១កាំបិតធ្លាយពោះវៀន កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៧ សីហា ហើយត្រូវបានក្រុមសាច់ញាតិដឹកតាមរថយន្តសង្គ្រោះបញ្ជូនទៅ កាន់មន្ទីរពេទ្យបង្អែកខេត្តទាំងយប់ ចំណែកកូនប្រុសដែលបង្កឱ្យឪពុករងរបួសបានរត់គេចខ្លួន បាត់ស្រមោល ។ មូលហេតុនៃការបង្កឱ្យឪពុករងរបួសនេះមានប្រភពនិយាយខុស គ្នា ដែលមួយថាបុរសជាឪពុកដួលលើកាំបិត ឯមួយទៀតថាកូនប្រុសទាស់សម្តីក៏ចាក់ឪពុក ។

ស្ត្រីឈ្មោះឆាយ សុឃីម អាយុ៥៥ឆ្នាំ ជាប្រពន្ធបុរសរងគ្រោះ និយាយថា នៅយប់នោះកូនប្រុសគាត់ឈ្មោះអុល សីហា អាយុ២៣ឆ្នាំ ជាកូនទី៤ ក្នុងចំណោមកូន៨នាក់ បានយកកាំបិតប៉័ងតោចុងស្រួចមកកាប់ទឹកកកដុំនៅក្នុងផ្ទះ តៀម ដើម្បីបំបែកជាបំណែកតូចៗដាក់ក្នុងធុងទឹកកកតូចមួយ សម្រាប់ទុកផឹកទាំងអស់គ្នា ។ ខណៈពេលកូនប្រុសកំពុងកាប់ទឹកកកមិនទាន់រួចផង ប្តីគាត់ដើរចូលទៅក្នុងផ្ទះ ស្រាប់តែចៃដន្យរអិលដួលផ្កាប់មុខទៅលើកាំបិត បណ្តាលឱ្យត្រូវពោះមុតធ្លាយពោះវៀនមកក្រៅ ។ ពេលឃើញឪពុកត្រូវរបួសបែបនេះ កូនប្រុសរូបនោះមានការភិតភ័យក៏រត់ចេញពីផ្ទះបាត់ ចំណែកប្តីគាត់ត្រូវបានដឹកមកសង្គ្រោះជាបន្ទាន់នៅមន្ទីរ ពេទ្យបង្អែកស្រុកចំការលើ តែដោយសារស្ថានភាពរបួសធ្ងន់ពេកក៏ដឹកបន្តមកសង្គ្រោះ ទាំងយប់នៅមន្ទីរពេទ្យបង្អែកខេត្ត ។

លោកអ៊ិត តារា អធិការនគរបាលស្រុកចំការលើប្រាប់ថា នៅក្នុងករណីនេះ ក្រោយពីកើតហេតុនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំតាអុង បានចុះទៅដល់ផ្ទះខាងលើដឹងថា បុរសរងគ្រោះឈ្មោះសំអុល ទំនងស្រវឹងស្រាផងពេលដើរចូលទៅក្នុងផ្ទះ ក៏រអិលជើងនឹងទឹកកកដែលកំពប់លើឥដ្ឋ បណ្តាលឱ្យដួលត្រូវចំលើកាំបិតមុតធ្លាយពោះវៀន តែករណីនេះមិនត្រូវបានឪពុកម្តាយប្តឹងឱ្យសមត្ថកិច្ចមាន ចំណាត់ការចំពោះកូនប្រុសនោះទេ ។

ចំណែកតាមប្រភពមួយផ្សេងទៀតនិយាយថា នៅយប់នោះបុរសរងគ្រោះស្រវឹងស្រា ឯកូនប្រុសឈ្មោះសីហា ក៏ស្រវឹងស្រាដូចគ្នា ដែរ ហើយមានទំនាស់ពាក្យសម្តីប្រកែកគ្នាទៅវិញទៅមកតឹងសរសៃ ករៀងខ្លួន ។ ដោយសារទំនាស់ពាក្យសម្តីគ្នានេះ កូនប្រុសក៏យកកាំបិតមកចាក់ឪពុកត្រូវចំពោះធ្លាយពោះវៀន រួចហើយរត់គេចខ្លួនបាត់មិនមែនគាត់ដួលនោះទេ ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]