គ្រូពេទ្យផ្នែកវះកាត់មួយក្រុមបាន ធ្វើការវះកាត់យកសមមួយ ប្រវែងប្រមាណ ២៣សង់ទីម៉ែត្រ ដែលបានជាប់នៅក្នុង ពោះរបស់បុរសម្នាក់អស់រយៈពេលប្រមាណ ១ទសវត្ស។

Lee Gardner ដែលបានក្អួតមកចេញឈាម និង អាការៈឈឺក្នុងពោះជាខ្លាំងនោះ បានប្រាប់គ្រូពេទ្យផ្នែកវះកាត់ នៅឯតំបន់ Barnsley ទីក្រុង Yorkshire ភាគខាងត្បូង ថា គាត់បានលេបសមដែលមានប្រវែង ២៣សង់ទីម៉ែត្រមួយនេះ ចូលទៅក្នុងពោះដោយចៃដន្យ អស់រយៈពេលជិត ១ទសវត្សមកហើយ។

ប៉ុន្តែ លោក Gardner អាយុ ៤០ឆ្នាំ មួយរូបនេះបាននិយាយថា គាត់បានភ្លេចថាបានលេបរបស់មួយនេះ ចូលទៅក្នុងពោះ ដោយធ្លាប់មានគ្រូពេទ្យប្រាប់ថា សមមួយនេះ វានឹងរំលាយនៅក្នុងប្រព័ន្ទរាងកាយតាមធម្មតា។

គាត់បានបន្ថែមទៀតថា នៅពេលដែលក្រុមគ្រូពេទ្យធ្វើការឆ្លុះរាងកាយខ្ញុំតាមរយៈកាំមេរ៉ា ពួកគាត់បានសួរថា តើអ្នកប្រាកដទេថា មិនធ្លាប់បានលេបអ្វីចូលទៅក្នុងពោះ។

ខ្ញុំបានឆ្លើយថា បាទខ្ញុំប្រាកដណាស់។ ប៉ុន្តែនៅពេលដែលគ្រូពេទ្យបានប្រាប់ថា គាត់បានឃើញ ធ្មេញរបស់សំភារៈអ្វីមួយដែល មើលទៅដូចជាសម ពេលនោះខ្ញុំក៏នឹកឃើញថាធ្លាប់បានលេបវាចូលរាប់ឆ្នាំ មកហើយ។

លោក Gardner បាននិយាយថា ពេលនោះគាត់កំពុងតែលេងជាមួយ សមជ័រមួយនៅក្នុងមាត់របស់គាត់ រួចក៏ចៃដន្យលេបវាចូលទៅក្នុងពោះ ប៉ុន្តែវាមិនដែលបង្កជាបញ្ហាអ្វីដល់គាត់នោះទេ។

វេជ្ជបណ្ឌិត នៅឯមន្ទីរពេទ្យ Barnsley បានរកឃើញថា ធ្មេញរបស់សមមួយនេះ បានចុចចំលើស្បែកខាងក្នុង នៃពោះរបស់គាត់ បង្កអោយទៅជាដំបៅ និងមានឈាម។

ប៉ុន្តែបច្ចុប្បន្ន សមជ័រមួយនេះត្រូវបានយកចេញពីក្នុង ពោះរបស់លោក Gardner ក្រោយពីការវះកាត់អស់រយៈពេល ៤៥នាទី។ គាត់ត្រូវបានចេញពីមន្ទីរពេទ្យ និង សង្ឃឹមថាអាចជាបានដូចដើមវិញ ១០០ភាគរយ។

ដោយ នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]