ខេត្តតាកែវ ៖ ក្រុមចោរ​ស្លៀក​លីអូដែល​បាត់​មុខ​មួយ​រយៈ​​ ឥឡូវ​នេះ​បាន​លេ​ច​​​មុខ​ជា​ថ្មី​​​ចេញ​ប្លន់​ប្រជា​ពលរដ្ឋ​​ទៀតហើយ ​ដោយ​ប្រមូល​យក​​អស់​ទ្រព្យ​សម្បត្តិ​ពី​ក្នុង​​ផ្ទះ​គ្មាន​សល់​ ។ ​ហេតុ​​ការណ៍​​នេះ​​បាន​កើតឡើង​​​កាល​ពី​វេលា​ម៉ោង​៧​និង​៣០​នាទី​​យប់ថ្ងៃទី​២២ កុម្ភៈ ២០១២ ​ស្ថិត​នៅភូមិ​ស្វាយ​រុន ឃុំ​ជំរះ​ពេន ។

លោក​វរសេនីយ៍​​ត្រី មឿង សារុន អធិការ​នគរបាល​ស្រុក​សំរោង​បាន​ឱ្យ​ដឹងថា ជនរង​គ្រោះ​​ជា​ប្តីឈ្មោះ​​ក្រិត ជុំ ​អាយុ​៤៥​ឆ្នាំ ​ត្រូវ​ចោរ​វាយ​មួយស្វាយ​កាំភ្លើងបែក​ក្បាល​​របួស​ធ្ងន់ ចំណែក​ប្រពន្ធឈ្មោះ​​សយ ណន ​អាយុ​៥០ឆ្នាំ ​។ ទ្រព្យ​សម្បត្តិ​​​ដែល​​ក្រុម​ចោរ​​ប្លន់​បាន​នោះ​រួម​មាន​ថវិកា​១២​លាន​រៀល ខ្សែ.ក​មាស​២ខ្សែ ខ្សែ​ដៃ​១​ខ្សែ ចិញ្ចៀន១​វ​ង់ សរុប​​២​តម្លឹង​មាស ។

លោក​អធិការ​នគរបាល​​ស្រុក​បាន​បន្ត​ទៀត​ថា ​បើ​តាម​ការ​ឱ្យ​ដឹង​ពីគ្រួសារ​​ជនរងគ្រោះ​​បាន​ប្រាប់​ថា នៅ​យប់​កើត​​ហេតុ​ ខណៈ​​ជនរងគ្រោះ និង​កូន​ៗ​កំពុងរៀបចំ​ហូប​បាយ​​​ពេល​ល្ងាច ស្រាប់​តែ​​មាន​មនុស្ស​​១​ក្រុម​មានគ្នា​៤​នាក់​ស្លៀក​ខោលី​​អូ​​បិទ​​ម៉ាស់​មុខ​ទាំង​អស់​គ្នា​​ប្រដាប់​ដោយ​កាំភ្លើង AK47 ១​ដើម​ដើរ​ចូល​​ភ្ជង់ ​គំរាម​ឱ្យ​​ប្តី​ប្រពន្ធ​​ខាងលើ​ប្រគល់​មាស​​ឱ្យ​ទៅពួកវា ។ ​ពេល​នោះ​​បុរស​ជា​ប្តី​និយាយថា ​អត់​មាន​មាស​ប្រាក់​​ទេ ​​ពួកចោរក៏​​វាយ​ក្បាល​បុរស​ជា​ប្តី​១​ស្វាយ​កាំភ្លើង​​​បែកក្បាល ។ ដោយ​ខ្លាច​ពួកចោរ​បាញ់​សម្លាប់​ក៏​បាន​​ប្រមូល​លុយ និង​មាស​​ប្រគល់​ទៅ​​ឱ្យ​ពួក​ចោរ​ទាំង​អស់​ ។

លោក​វរសេនីយ៍​​ទោ ​សែម សុជាតិ ​នាយ​ការិយា​ល័យ​ព្រហ្មទណ្ឌ​​កម្រិតធ្ងន់​​ខេត្ត​បាន​​ឱ្យ​ដឹង​ថា សមត្ថកិច្ច​​មិនទាន់​​មាន​តម្រុយ​​នៅឡើយ​ តែ​​ទោះ​ជា​យ៉ាង​ណា​​លោកសន្យាថា រក​មុ​ខ​សញ្ញា​ក្រុម​ចោរ​ប្លន់​​យក​មកផ្តន្ទា​​ទោស​ឱ្យ​ទាល់​តែ​បាន៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]