បរទេស៖ បច្ចុប្បន្នតន្រ្តី បានក្លាយជាផ្នែកមួយយ៉ាងសំខាន់ នៃជីវិតរបស់យើង។ ដោយក្នុងនោះ វាមានបង្កប់ទៅដោយ ទាំងភាពសប្បាយរីករាយ មនោសញ្ចេតនា ក្រៀមក្រំ ចាក់ដោតយ៉ាងជ្រាលជ្រៅ ដល់ក្រអៅបេះដូងអ្នកស្តាប់ផងដែរ។

យ៉ាងណាមិញប្រិយមិត្តមួយចំនួន​ ប្រហែលជាពុំសូវបានចាប់អារម្មណ៍ ជាមួយនឹង តារាចម្រៀងខាងប៉ែកអឺរ៉ុបឡើយ តែភាគច្រើនពេញនិយមបទចម្រៀង របស់តារាចម្រៀងខាងប៉ែកអាស៊ីយើងប៉ុណ្ណោះ។ ថ្ងៃនេះខ្មែរឡូតសូមបង្ហាញ ពីតារាចម្រៀងស្រីដែលមានប្រជាប្រិយភាពខ្លាំងបំផុត ខាងប៉ែកអឺរ៉ុប ដែលជាប់ក្នុងតារាងទាំង១០ ក្នុងឆ្នាំ២០១៦នេះ ដែលត្រូវបានចុះផ្សាយ​ ដោយគេហទំព័រអន្តរជាតិមួយ។

តោះចង់ដឹងថា តារាស្រីទាំងអស់នោះជានរណា ដែលអាចទាក់ចិត្តប្រិយមិត្តអ្នកគាំទ្រជាច្រើន រហូតធ្លាក់ដល់តារាងទាំង១០ តោះតាមដានជាមួយនឹងខ្មែរឡូតទាំងអស់គ្នា៖  

១០. Cheryl Cole

នាង Cheryl Cole គឺជាតារាចម្រៀងម្នាក់ ដែលទទួលបានប្រជាប្រិយភាពខ្លាំងគួរសម តាមរយៈបុគ្គលិកលក្ខណៈ និងការសម្តែងក្បាច់រាំរស់រវើក។ នាងទទួលបានប្រជាប្រិយភាព ក្រោយពីលេចមុខតាមរយៈស្ថានីយ៍ទូរទស្សន៍មួយ តាំងពីឆ្នាំ២០០២ មកម្ល៉េះ។ អាល់ប៊ុមច្រៀងទោលដំបូងរបស់នាង​​ បានចេញលក់តាំងពីឆ្នាំ២០០៩ ហើយទទួលបានការគាំទ្រជាច្រើន រហូតដល់បច្ចុប្បន្ន។ នាងបានសាងស្នាដៃចម្រៀងពិរោះ រហូតចូលក្នុងតារាងលេខរៀងកំពូលទី១០។  

៩. Pink

តារាចម្រៀង Pink មានឈ្មោះពិតថា Alecia Beth Moore ។ នាងគឺជាអ្នកនិពន្ធចម្រៀង បទភ្លេង តារាសម្តែង និងថែមទាំងជាអ្នកចម្រៀងម្នាក់ផងដែរ។ អាល់ប៊ុមច្រៀងទោលរបស់នាងដំបូង មានចំណងជើងថា “Can’t Take Me Home” តាមរយៈចម្រៀងមួយបទនេះដែរ ធ្វើឲ្យនាងរកប្រាក់ចំណូលបានយ៉ាងច្រើន ជាពិសេសមានការគាំទ្រ និងមានប្រជាប្រិយភាពយ៉ាងខ្លាំង។  

៨. Demi Lovato

Demi Lovato ជាតារាចម្រៀងស្រី សញ្ជាតិអាមេរិក និងក៏ជាតារាសម្តែងស្រីម្នាក់ផងដែរ។ ដំបូងឡើយនាងបានចូលខ្លួនសម្តែងជាតួអង្គតុក្កតាក្នុងរឿង “Barney and Friends” ។ ក្រោយមកនៅក្នុងរឿង “Camp Rock” ដែលជាស្នាដៃនិពន្ធ និងដឹកនាំរបស់ផលិតកម្ម Disney បានលេចមុខនាងជាថ្មី ជាអ្នកចម្រៀង និងអ្នកសម្តែងម្នាក់នៅក្នុងរឿងនោះផងដែរ ដែលជំរុញឲ្យនាងចេះតែមានការទទួលស្គាល់ច្រើន តាំងពីពេលនោះមក។ អាល់ប៊ុមចម្រៀងដំបូងរបស់នាង មានចំណងជើងថា “Don’t Forget” ដែលលក់ដាច់បំផុតជាង ៥សែនបន្ទះ (ឌីស)។ 

៧. Beyonce

Beyonce ជាតារាចម្រៀងស្រី សញ្ជាតិអាមេរិក ជាអ្នកសម្តែង និងជាអ្នកនិពន្ធបទចម្រៀង ហើយនាងក៏ជាកំពូលតារាចម្រៀងស្រីម្នាក់ដែលមានគេទទួលស្គាល់ជាច្រើនផងដែរ។ នៅក្នុងឆ្នាំ២០០៣ នាងបានចេញអាល់ប៊ុមចម្រៀងដែលមានចំណងជើងថា “Dangerously in Love” ដែលលក់ដាច់អស់ ១១លានបន្ទះ មិនតែប៉ុណ្ណោះបានឈ្នះពានរង្វាន់ Grammy Award ចំនួន៦ ផងដែរ។ រហូតបានសាងស្នាដៃជាច្រើន រួមនឹងបទចម្រៀងល្បីៗជាច្រើនផ្សេងទៀត នាពេលបច្ចុប្បន្នផងដែរ។  

៦. Rihanna

អាល់ប៊ុមទី៣ របស់ Rihanna បទ “Good Girl Gone Bad” បានចេញលក់ក្នុងឆ្នាំ២០០៧ ដែលជួយឲ្យនាងមានគេស្គាល់កាន់តែច្រើនក្នុងវិស័យសិល្បៈ។ ហើយអាល់ប៊ុមចម្រៀងមួយនេះផងដែរ ធ្វើឲ្យនាងឈ្នះពានរង្វាន់ Grammy Award ផងដែរ។ ចាប់តាំងពីពេលនោះមក នាងក៏បន្តសាងស្នាដៃ រហូតបានឈ្នះពានរង្វាន់ American Music Awards ចំនួន៨ Grammy Awards ចំនួន៧ និងពានរង្វាន់ Brit Award ចំនួន២ ផងដែរ ដែលធ្វើឲ្យនាងចេះតែមានភាពល្បីល្បាញ រហូតដល់ពេលបច្ចុប្បន្ននេះ។  

៥. Shakira

នាងគឺជាតារាចម្រៀងស្រី សញ្ជាតិកូឡុំប៊ី ដែលមានក្បាច់រាំប្លែកៗ រស់រវើក។ នាងបានចេញអាល់ប៊ុម ជាច្រើនជាភាសាកំណើតរបស់នាង ហើយដោយឡែកក្នុងអាល់ប៊ុមទី៥០ នាងបានបញ្ចេញការលក់ចម្រៀង លើទីផ្សារអង់គ្លេស (ជាភាសាអង់គ្លេស) ដែលមានអ្នកគាំទ្រជាច្រើន។ ជាពិសេសបទ “Waka Waka” សម្រាប់ការប្រកួតបាល់ទាត់ FIFA 2010 World Cup ដែលមានសន្ទុះនៃការគាំទ្រខ្លាំងបំផុតរហូតដល់បច្ចុប្បន្ន។ នាងក៏ធ្លាប់បានឈ្នះពានរង្វាន់ MTV Music Awards, Grammy Awards, Billboards Music Awards និងពានរង្វាន់ជាច្រើនទៀតផងដែរ។  

៤. Lady Gaga

នាងគឺជាតារាចម្រៀង តារាសម្តែង និងជាអ្នកជំនួញស្រីម្នាក់ផងដែរ។ អាល់ប៊ុមចម្រៀងដំបូងរបស់នាង មានចំណងជើងថា “The Fame” ដែលធ្វើឲ្យនាងឆាប់មានការទទួលស្គាល់​ ពីសំណាក់មហាជនជាច្រើន។ មិនតែប៉ុណ្ណោះនាងក៏ជាតារាម្នាក់ ដែលចូលចិត្តការតុបតែងខ្លួនប្លែកៗ តែមានអ្នកគាំទ្រស្រលាញ់ ចូលចិត្តជាច្រើន និងធ្លាប់បានឈ្នះពានរង្វាន់ល្បីជាច្រើនផងដែរ។ 

៣. Taylor Swift

នាងគឺជាតារាស្រី សញ្ជាតិអាមេរិកម្នាក់ដែលមានភាពស្រស់ស្អាតបំផុត ហើយត្រូវបានមហាជន និងអ្នកគាំទ្រជាច្រើនស្រលាញ់ ចូលចិត្ត។ ជាពិសេសជាមួយនឹងបទចម្រៀង បែបជនបទ ឬស្រុកស្រែ យ៉ាងពិរោះៗ មិនតែប៉ុណ្ណោះ នាងក៏ជាអ្នកនិពន្ធបទចម្រៀងថ្មីៗ ហើយក៏ធ្លាប់បានឈ្នះបានរង្វាន់ជាច្រើនផងដែរ។  

២. Adele

នាងគឺជា តារាចម្រៀងសញ្ជាតិអង់គ្លេសម្នាក់ ដែលមានបែបបទសំលេងនៃការច្រៀង យ៉ាងពិរោះរណ្តំ។ អាល់ប៊ុមចម្រៀងរបស់នាង បានការលក់ដាច់ខ្លាំងបំផុត ជាង៥០លានបន្ទះ និង៤០លានបន្ទះទៀត ធ្វើការចែកចាយលក់ពាសពេញពិភពលោក ដែលមានការគាំទ្រជាខ្លាំង។ យ៉ាងនេះហើយទើបជួយឲ្យនាង បានឈ្នះពានរង្វាន់ល្បីជាច្រើន ដូចជាពានរង្វាន់ Grammy Award ជាដើម។  

១. Jennifer Lopez

នាងគឺជាសិល្បករម្នាក់ ដែលមានការពេញនិយមជាខ្លាំង រហូតធ្លាក់ដល់ចំណាត់ថ្នាក់លេខ១ ក្នុងតារាងទាំង១០។ ដំបូងឡើយ នាងចាប់ផ្តើមអាជីពរបស់នាង ជាអ្នករាំ ប៉ុន្តែក្រោយមក ក៏ងាកមកចាប់អាជីពជាអ្នកចម្រៀងវិញ ហើយក៏ក្លាយជាតារាចម្រៀងស្រីម្នាក់ ដែលមានប្រជាប្រិយភាពខ្លាំងតែម្តង។ នាងចាប់ផ្តើមប្រឡូកចូលក្នុងវិស័យចម្រៀង ក្នុងឆ្នាំ១៩៩១។ ដោយសារតែសម្លេងល្អ គួបផ្សំពូកែរាំ និងសម្រស់ស្រស់ស្អាតថែមទៀតនោះ ទើបធ្វើនាងមានការគាំទ្រ យ៉ាងឆាប់រហ័សពីសំណាក់មហាជនជាច្រើន។ ហើយនាងក៏ធ្លាប់បានឈ្នះ ពានរង្វាន់ល្បីជាច្រើនផងដែរ។ មិនតែប៉ុណ្ណោះប្រសិនជានាងសម្តែង ក្នុងខ្សែភាពយន្តវិញ គឺរកប្រាក់ចំណូលបានខ្ទង់រាប់លានដុល្លារឯណោះ៕ 

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]