រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា កីឡាករ​ប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ ពៅ សក្តិ​សិ​ទ្ឋ បាន​ត្រូវ​ប៉ូលិស​សង្កាត់​កា​កាប កោះហៅ​សាកសួរ​ទាក់ទង​ទៅ​នឹង​ការ​ប្រើ​អំពើ​ហិង្សា​វ៉ៃ​ទៅ​លើ​ប្រ​ព​ន្ឋ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​២៤ មេ​សា ២០១៦ នៅ​ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ ។ សេចក្តីរាយការណ៍​បាន​បន្ត​ថា នៅ​ចំពោះ​សមត្ថកិច្ច កីឡាករ ពៅ សក្តិ​សិ​ទ្ឋ អាយុ​២៩​ឆ្នាំ បាន​និយាយ​ថា មូលហេតុ​ដែល​ប្រើ​អំពើ​ហិង្សា​វាយ​ទៅ​លើ​ប្រ​ព​ន្ឋ​មួយ​ដៃ​ដោយសារ​ខឹង​ប្រ​ព​ន្ឋ​មាន​សាហា​យ​និង​យក​លិខិតឆ្លងដែន​( Passport) លាក់​ទុក ខណៈ​ខ្លួន​ត្រូវធ្វើ​ដំណើរ​ទៅ​ជប៉ុន​វិញ​នៅ​ថ្ងៃស្អែក​ទី​២៥ មេ​សា ព្រោះ​បេសកកម្ម​៤​ឆ្នាំ​របស់​គេ​ទើបតែ​បាន​២​ឆ្នាំ​ប៉ុណ្ណោះ និង​ថា​នៅ​ក្នុង​ប្រទេស​ជប៉ុន​រូបគេ​ធ្វើ​ជា​គ្រូ​ក្បាច់គុន​បុរាណ​ខ្មែរ​ផង​និង​ឡើង​សង្វៀន​ប្រដាល់​ផង ។ ចំណែកឯ​ប្រ​ព​ន្ឋ​ឈ្មោះ សុខ ធា​រ៉ា អាយុ​២៩​ឆ្នាំ បាន​និយាយ​តប​ថា មូលហេតុ​ដែល​នាង​យក​លិខិតឆ្លងដែន​លាក់​ដោយសារ ប្តី (​ពៅ សក្តិ​សិ​ទ្ឋ​) មាន​ស្រី​ថ្មី ។

យ៉ាងណា​ក៍ដោយ សេចក្តីរាយការណ៍​បាន​បន្ត​ថា ប្តី​ប្រ​ព​ន្ឋ​ទាំង​ពីរ​ដែល​រស់នៅ​ជាមួយ​គ្នា​៨​ឆ្នាំ​មក​ហើយ​និង​មានស្រុក​កំណើត​នៅ​ភូមិ​ស្វាយ​ជ្រុំ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល បាន​ធ្វើ​កិច្ចសន្យា​ឈប់​ប្រើ​អំពើ​ហិង្សា និង​ព្រម​រួម​រស់នៅ​ជាមួយ​គ្នា​ជា​ប្តី​ប្រ​ព​ន្ឋ​តទៅ​ទៀត ៕

ប្រភព៖ កោះសន្ដិភាព

ការចាប់អារម្មណ៍ខ្មែរឡូត៖

រំលឹកដល់កីឡាប្រដាល់ យើងអាចនឹកឃើញដល់ កីឡាករពេជ្រ សីហា ដែលតស៊ូអស់ពេល ១១ឆ្នាំ លើវិស័យ កីឡាប្រដាល់ និងបានប្រែក្លាយខ្លួន ពីក្មេងជនបទម្នាក់ ទៅជាកីឡាករល្បីឈ្មោះ។ សីហា កើតនៅក្នុងក្រុមគ្រួសារ ដែលមានឪពុកម្តាយ ជាអ្នកស្រែចំការ ដែលមិនមាន ឈាមជ័រ ជាអ្នកប្រដាល់នោះទេ គឺមានតែបងប្រុស គេតែម្នាក់គត់ ដែលចូលប្រឡូក ក្នុងវិស័យនេះ។ នៅឆ្នាំ ២០០៤ ពោលគឺក្នុងវ័យ១៥ ឆ្នាំ កុមារា ពេជ្រ សីហា បានបោះបង់ការសិក្សា ត្រឹមថ្នាក់ទី ៨ ដើម្បីធ្វើដំណើរ ជាមួយបងប្រុស ពេជ្រ សុផាន់ ដែលមានអាជីព ជាអ្នកប្រដាល់ មកកាន់រាជធានីភ្នំពេញ ដោយជ្រកក្រោមដំបូល ក្លឹបប្រដាល់ កងយុទ្ធពល ខេមរភូមិន្ទ ដែលជា ក្លឹបប្រដាល់ដំបូងបំផុត ក្នុងអាជីពរបស់ខ្លួន។ ក្នុងការចាកចោល ស្រុកកំណើត ចោលល្បែងលេង ចោលការរៀនសូត្រ មិត្តភក្តិ និងក្រុមគ្រួសារ មករៀនរស់ ដោយខ្លួនឯងបែបនេះ បានធ្វើឲ្យ សីហា មានការលំបាក យ៉ាងខ្លាំង ដោយ ២-៣ ខែដំបូង គាត់តែងអង្គុយយំ តែម្នាក់ឯង ព្រោះនឹកស្រុកកំណើត។

នៅក្នុងក្លឹបប្រដាល់ ក្រសួងការពារជាតិ (អតីត ខ.ភ.ម) ពេជ្រ សីហា ព្រោះតែដើម្បី អនាគត និងការចង់ សំរេចបំណង របស់ខ្លួន ដើម្បីកសាង កេរ្តិ៍ឈ្មោះ រូបគេបានខិតខំ ហ្វឹកហាត់ រហូតមានឈ្មោះ បោះសំលេង និងត្រូវបានប្រិយមិត្ត អ្នកស្នេហា វិស័យប្រដាល់ ចាត់ទុករូបគេជា កីឡាករជើងខ្លាំង មួយរូបរបស់កម្ពុជា។

ក្នុងរយៈពេលជាង ១១ ឆ្នាំ ក្នុងអាជីពជាអ្នកប្រដាល់ កីឡាករ ពេជ្រ សីហា ធ្លាប់ប្រកួតជាលក្ខណៈជាតិ និងអន្តរជាតិបាន ៩៨ ដង ឈ្នះ ៧៦ ដង ចាញ់ ១៦ ដង និងស្មើ ៦ ដង។ នៅការប្រកួតថ្នាក់ជាតិ សីហា ធ្លាប់ឈ្នះជើងឯក ទូទាំងប្រទេស និងរងជើងឯក ជាច្រើនដង ផ្សេងទៀត រីឯការប្រកួត អន្តរជាតិវិញ រូបគេធ្លាប់យកឈ្នះ កីឡាករបរទេសជាច្រើន ថែមទាំងធ្លាប់ធ្វើដំណើរ ទៅប្រកួតនៅក្រៅប្រទេស ជាច្រើនដង ដូចជា ធ្លាប់តំណាងឲ្យកម្ពុជា ទៅប្រកួតប្រដាល់ដ៏ធំ THAI FIGHT នៅប្រទេសថៃ និងប្រកួតអន្តរជាតិ នៅឥណ្ឌូនេស៊ី ហើយបានឈ្នះខ្សែក្រវ៉ាត់ ប្រដាល់ ក្បាច់គុនបុរាណខ្មែរ ពីប្រទេសអូស្រ្តាលី ថែមទៀតផង។

បើទោះជាមានបងប្រុស ជាអ្នកប្រដាល់ ក៏ពិតមែន តែ ពេជ្រ សីហា បានយក អធិរាជ ជង្គង់ទិព្វ កែងឆេះ អេ ភូថង គឺជានិមិត្តរូបរបស់ខ្លួន។ ក្រៅពីកីឡាប្រដាល់ សីហា ចូលចិត្តកីឡាបាល់ទាត់ ដោយរូបគេផ្ទាល់ គឺជាអ្នកគាំទ្រ ដ៏ផ្គាប់មុខម្នាក់ របស់ក្លឹប Manchester United នៃប្រទេសអង់គ្លេស។

ចំពោះជីវិតស្នេហាវិញ ពេជ្រ សីហា នៅមិនទាន់គិតគូរ នៅឡើយទេ ប៉ុន្តែកីឡាករជើងខ្លាំង រូបនេះ បានបង្ហើបឲ្យដឹងថា គេធ្លាប់មានសង្សារ ម្តង ពីរដង ដែរ តែក្រោយមក ក៏បែកគ្នាវិញ។ ក្រៅពីអាជីពជាកីឡាករ ប្រដាល់ ពេជ្រ សីហា មិនទាន់គិត ពីការប្រកបរបរ អ្វីផ្សេងទៀតនោះទេ ហើយគោលដៅ សំរាប់ពេលនេះ គឺរូបគេកំពុងត្រៀមខ្លួន ហ្វឹកហាត់ ដើម្បីប្រកួតប្រដាល់ ដណ្តើមជើងឯក ខារ៉ាបាវ ដែលមានទឹកប្រាក់ ចំនួន ៥០០០ ពាន់ដុល្លារអាមេរិក៕

រូបភាព៖ ពេជ្រ សីហា
រូបភាព៖ ពេជ្រ សីហា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អេ ភូថង