រាជធានីភ្នំពេញ ៖ បុរសចំនួន៣នាក់ ស្ថិតក្នុងស្ថានភាពស្រវឹងជោកជាំបានជិះម៉ូតូម៉ាកឌ្រីមសេ១២៥ ស៊េរី២០០៨ មួយគ្រឿង ធ្វើដំណើរមកពីខេត្តតាកែវ ទៅលេងប្អូនប្រុសធ្វើជាកម្មកររោងចក្រនៅជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជួបគ្រោះអកុសលជិះម៉ូតូធ្លាក់ស្ពាន៧មករា (ហៅស្ពានកំពង់ទួល) នៅត្រង់ចំណុចផ្លូវកោង បណ្តាលឱ្យរងរបួសធ្ងន់ទាំង៣នាក់ ហើយបានស្លាប់បាត់បង់ជីវិតម្នាក់នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ព្រះកុសុមៈ បានប្រមាណ៥ម៉ោង ។

គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង ៧យប់ថ្ងៃទី១៩ សីហា ២០១២ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ស្ពាន៧មករា (ហៅស្ពានកំពង់ទួល) ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។ ជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះខា អាយុ២៣ឆ្នាំ មានលំនៅភូមិរវាង ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ។ ចំណែកអ្នករងរបួស ១-ឈ្មោះហ៊ាន គង្គា អាយុ២៤ឆ្នាំ និង២-ឈ្មោះហ៊ន គា អាយុ២០ឆ្នាំ អ្នកទាំងពីរមានលំនៅភូមិ-ឃុំជាមួយគ្នាកំពុងសម្រាកព្យាបាលនៅ មន្ទីរពេទ្យព្រះកុសុមៈ ។

តាមសម្តីឈ្មោះហ៊ន គា បានឱ្យដឹងថា មុនពេលកើតហេតុខ្លួនរួមទាំងមិត្តភក្តិបាននាំគ្នាផឹកស៊ីក្នុង ភូមិតាំងពីរសៀលដោយអស់ប៊ីយែរ១កេស ។ លុះពេលផឹកចប់ឈ្មោះហ៊ាន គង្គា ក៏បាននាំគ្នាមកលេងប្អូនធ្វើកម្មកររោងចក្រនៅជម្ពូវ័នដោយ ជិះម៉ូតូម៉ាកឌ្រីមសេ១២៥ ស៊េរី២០០៨ មួយគ្រឿងគ្នា៣នាក់ គឺឈ្មោះហ៊ាន គង្គា ជាអ្នកឌុប ហើយខ្លួនជិះកណ្តាល និងឈ្មោះខា (ស្លាប់) ជិះខាងក្រោយ ។ ខណៈធ្វើដំណើរមកដល់ស្ពាន៧មករា ដែលជាចំណុចផ្លូវកោងជិះលឿនពេកក៏ជ្រុលធ្លាក់ស្ពានតែម្តង ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]