លោក គង់ ចំរ៉ុង តារាសម្តែងមានប្រជាប្រិយភាពបង្គួរ ថ្មីៗនេះ នៅក្នុង Account Facebook របស់ លោក បាន ផ្ទុះនូវជំលោះវាយប្រហារគ្នាយ៉ាងស្រួចស្រាល់ ដោយមានការប្រើពាក្យ អសុរោះ ជាមួយនឹង Account facebook តារាចម្រៀង Hip Hop អេដា ហើយបានរាលដាលទៅដល់ Friend ជាច្រើននាក់ទៀត ដែលតែងតែមានការទាក់ទងគ្នាតាមរយៈ Comment ឆ្លើយឆ្លងគ្នាធ្វើឲ្យ អេដា មានការខឹងសម្បាយ៉ាង ខ្លាំង ហើយបានគំរាមប្តឹង លោក គង់ ចំរ៉ុង តាមផ្លូវច្បាប់ ទៅកាន់ តុលាការ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ ។

ការផ្ទុះជំលោះពាក្យសំដី ក្នុងបណ្តាញសង្គម Facebook ដ៏ពេញនិយមនាពេលនេះ ត្រូវបានគេមើលឃើញថា ពួកគេ មិនបានយកបណ្តាញទំនាក់ទំនងមួយនេះ សម្រាប់បម្រើឲ្យផលប្រយោជន៍របស់ខ្លួន ឬជាការទាក់ទង គ្នាក្នុងន័យស្រលាញ់រាប់អានគ្នា ឬក្នុងលក្ខណៈ ជាមុខជំនួញអ្វីឡើយ ពោលគឺពួកគេបានប្រែក្លាយ ពីទំនាក់ ល្អក្នុងសង្គម Facebook ទៅជាកាហែកហួរគ្នា ប្តឹងប្តល់នៅចំពោះមុខច្បាប់ទៅវិញ និងបានបញ្ជាក់ឲ្យឃើញ កាន់តែច្បាស់ថា កាឈ្លោះប្រកែកគ្នានេះគ្រាន់តែជាផ្នែកមួយ នៅក្នុងសម័យបច្ចេកវិទ្យាទំនើបតាមរយៈប្រព័ន្ធ អ៊ីនធើណិត តែប៉ុណ្ណោះ ពួកគេមិនគិតពីទំនាក់ទំនងល្អ នៅពេលជួបគ្នាផ្ទាល់នោះទេ ។

ទោះបីជាយ៉ាងណាការទម្លាយ ឲ្យដឹង រហូតដល់ថ្នាក់ ចាត់ការគ្នាដល់តុលាការនៅពេលនេះ លោក គង់ ចំរ៉ុង ដែលភាគីជំលោះ និងជាមុខព្រួញ ដែល អេដា ត្រៀមប្តឹង បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិល ឲ្យដឹងថា លោកមិនបានដឹង ពីការប្រើពាក្យ អសុរោះ ដាក់គ្នាជាមួយ អេដា លើបណ្តាញ Facebook ពោល គឺក្នុងAccount របស់លោកនោះឡើយ ដោយសារតែ លោកជាប់រវល់ការងារ នៅក្នុងប្រទេសថៃ និងទើបតែ ត្រឡប់ មកវិញកាលពីម្សិលមិញនេះ (ថ្ងៃទី១៩ខែសីហាឆ្នាំ២០១២)។

លោក គង់ ចំរ៉ុងនិយាយថា" ខ្ញុំទើបមកពីថៃ ពេលឃើញ Account របស់ខ្ញុំ គេយកទៅលេង ខ្ញុំក៏បានស្តីបន្ទោស ឲ្យអ្នកលេងនោះដែរ ។ បើតាមខ្ញុំសួរមិត្តភក្តិ គេប្រាប់ថា អេដា បានជេប្រមាថ ពួកសិល្បៈដែលស្លៀកពាក់សិច ស៊ី រឿងអ៊ីចឹងៗ... ទុកឲ្យក្រសួងគេចាត់ចែងទៅ...! យើងចាំបាច់ទៅចេះដឹងធ្វើអី ...! ខ្ញុំឃើញពាក្យខ្លះមិនមែន ជាពាក្យរបស់ខ្ញុំសរសេរទេ តែគេគិតថា Account របស់ខ្ញុំ "។

គង់ ចំរ៉ុង បន្តទៀតថា " ចំពោះខ្ញុំរឿងនេះ វាអត់អីទេ ខ្ញុំរីករាយនឹងប្រឈមមុខ ជាមួយគាត់ (អេដា) បើគាត់គិត ថា គាត់ជាអ្នកត្រូវ ។ ប៉ុន្តែខ្ញុំក៏ចង់ជំរាបទៅវិញផងដែរថា មុននឹងធ្វើបែបនេះ បើគិតថាខ្លួនឯងត្រូវ អញ្ជើញធ្វើ ចុះ... ! ហើយខ្ញុំ ក៏រីករាយនឹងទទួលដែរ... បើខ្ញុំខុស ? ។ តែគាត់មិនគិតទេថា គាត់ត្រូវប្រឈមមុខ ជាមួយតារា ប៉ុន្មាន អ្នកទៀត ដែលគាត់បានជេរគេវិញ ព្រោះគេក៏ត្រៀម និងប្តឹង គាត់វិញដែរ ដូចជា ឆៃ លីដាឡែន,អេឡិច ចិន្ត្រា,អេនឌី ,ពេជ្រ អាវីហ្សា, ដែលគាត់ជេរគេ នៅលើទំព័រ Facebook របស់គាត់ ។ គាត់ដៀល ស្រីអស់ហ្នឹង សុទ្ធតែស្រីខូច ជាខ្ទើយ ជាអី....! អ៊ីចឹងៗគាត់បរិហាកេរ្តិ៍ គេទាំងស្រុង គាត់បាញ់បានតែខ្ញុំមួយ ប៉ុន្តែប៉ុន្មាននាក់ ទៀត ក៏គេត្រៀម ជាមួយគាត់ដែរ ។ តែចំពោះខ្ញុំ ទទួលស្គាល់ថា Facebookរបស់ខ្ញុំ គេយកទៅលេងមែន ខ្ញុំអត់ ដឹង។ ម្យ៉ាងទៀត រូបអស់ហ្នឹង វាបានបែកធ្លាយជាយូរមកហើយ បើសិនជាថ្មីៗ គាត់ចេញមកអន្តរាគមន៍ គាត់ថា មិនស័កិ្តសម យ៉ាងម៉េចៗ អាហ្នឹងប្រហែលជា អាចនិយាយបានថា អស់កែអញ្ចឹងចុះ...! នេះដល់ពេលក្រសួង សើរើឡើងវិញស្រាប់តែគាត់ចេញមក វាយប្រហារអ្នកសិល្បៈ គ្នាឯង ហើយក្នុងនាមខ្ញុំជាអ្នក សិល្បៈម្នាក់ដែរ ខ្ញុំក៏មានការឈឺចាប់ និង មើលទៅមិនសមរម្យនោះទេ មិនគួរណាគាត់ ធ្វើអ៊ីចឹងទេ... ពាក្យធ្ងន់ៗ ដែលមាននៅ ក្នុង Account facebookរបស់ខ្ញុំ ខ្ញុំប្រាប់ថា ខ្ញុំមិនបានសរសេរវានោះទេ តែខ្ញុំក៏សូមទោសផងដែរ ដែលខ្ញុំ បណ្តោយឲ្យមានអ្នកយក Account facebook របស់ខ្ញុំ ទៅលេងផ្តេសផ្តាស បែបនេះ " ។

ទោះបីជាយ៉ាងណា មានការលើកឡើងថា ជាធម្មតាកាលណា មនុស្សម្នាក់បង្កើត Account facebook ផ្ទាល់ខ្លួន មួយ គឺតែងតែមាន Password (លេខសម្ងាត់) របស់ពួកគេរៀងៗខ្លួន ដើម្បីជាសោមួយរក្សានូវ ទិន្នន័យព័ត៌ផ្ទាល់ ខ្លួន ប្រើប្រាស់ដោយផ្ទាល់ និងគ្មានជនទី២ណាអាចចូលទៅកាន់ទំព័រ Account នោះបានទេ ប្រសិនបើ គេមិន បានដឹងលេងសម្ងាត់ ។ ចុះសម្រាប់លោក គង់ ចំរ៉ុង ដែលមាន Account កំពុងមានបញ្ហានេះ ហើយលោកគិត ថា វាមិនមែនជាសំដី ដែលលោកនិយាយផ្ទាល់ សួរថាតើមានមនុស្សប៉ុន្មាននាក់ជឿលើការអះអាងនេះ ?
ទោះបីជាយ៉ាងណា លោក គង់ ចំរ៉ុង បានបន្ថែមថា Facebook របស់លោក គឺបង្កើតឡើង ដើម្បីជួយសម្រួល ដល់មុខរបររកស៊ី ពិសេសគឺការបើកហាងលក់ខោអាវ ហើយមានមនុស្សពីរ បី នាក់ផ្សេងទៀត ដែលលោក ទុកចិត្តបំផុត អាចដឹង (Password) និងអាចចូលលេងក្នុង Account facebook បាន ខណៈពេលលោក មិននៅក្នុងប្រទេស និយាយរួម កុំឲ្យដាច់ម៉ូយ ខោអាវដែលធ្លាប់ទាក់ទងក្នុងបណ្ដាញសង្គមនេះ ។

លោក គង់ចំរ៉ុង ក៏បាននិយាយថា ប្រសិនបើលោក នៅក្នុងស្រុក ក៏មិនបណ្តោយ ឲ្យមានរឿងរ៉ាវបែបនេះ កើត ឡើងដែរ ព្រោះជាអ្នកសិល្បៈដូចគ្នា ជួបមុខគ្នាស្ទើររាល់ថ្ងៃ គួរមានការអធ្យាស្រ័យ ចំពោះគ្នាទៅវិញទៅមក ចៀសវាងការមានរឿងអាក្រក់ ជាមួយគ្នាកើតឡើង។ តែករណីនេះ លោកត្រៀមដើរតាមក្រោយ អេដា អាចកំដរ លេងៗ បាន ប្រសិនបើចង់ជួបគ្នានៅចំពោះមុខច្បាប់ ៕

ដោយ៖ យ៉ាន់ សុខរិទ្ធ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]