ភ្នំពេញៈ ក្នុងពេលថ្មីៗនេះ អ្នកមេម៉ាយចាយសម្រស់កូនមួយ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះរូបថត បង្ហាញភាពសិ្នទ្ធស្នាល ផ្អែមល្ហែម ជាមួយគូស្នេហ៍ យ៉ាងចាស់ដៃ នៅម៉ាកាវ ដែលជាដើមហេតុ ធ្វើឲ្យមានអ្នករិះគន់ នាងជាច្រើន ទៅលើ សកម្មភាពល្អូកល្អើន មិនក្រែងភ្នែកញាតិ ទាំងដែលពួកនាង មិនទាន់រៀបការ ។ ពាក់ព័ន្ធទៅនិងការរិះគន់ នេះត្រូវបាន ម្ចាស់សាម៉ីខ្លួន នាង ចន ច័ន្ទលក្ខិណា ចេញមុខប្រតិកម្ម តបត បែបឈាមត្រជាក់ថា នាងចង់ឲ្យអ្នកដែល រិះគន់និងដៀលនាង ជាស្រីក្បត់ប្តី បានជួបប្តីក្បត់ និងមានរសជាតិជីវិត ឈឺចាប់ ដូចជានាងទើបដឹងថា នាងមាន អារម្មណ៍យ៉ាងណា ។

តាមរយៈសារដ៏វែងអន្លាយ ដែលអ្នកមេម៉ាយកូនមួយ អ្នកនាង ចន ច័ន្ទលក្ខិណា បានបញ្ចេញកំហឹង ដោយមិនសំចៃមាត់ថា « ខ្មែរកំពូលទើស កំពូលច្រណែន កំពូលរិះគន់ កំពូលវាយប្រហារ សិល្បៈឯង កំពូលតែស្ករ កំពូលរេដូចស្រល់ មិនចេះម្ចាស់ការខ្លួនឯង ឲ្យព័ត៌មានដឹកមុខ សំលាប់មនុស្ស ដោយមិនដឹងរឿងច្បាស់ មើលគ្រួសារឯង ប្តីឯងអោយល្អ កុំមកចោទខ្ញុំ ដៀលខ្ញុំ ស្គាល់ខ្ញុំអោយច្បាស់សិន ចាំហ៊ាននិយាយ ជូនពរពួកស្រីដែលដៀលខ្ញុំ ចៀសផុតពីភាពឈឺចាប់ ដោយសារប្តីក្បត់ម្តងហើយម្តងទៀត តែខ្ញុំចង់អោយ ពួកអ្នកជួបរឿង ទាំងនោះម្តង ពួកអ្នកនិងដឹងថា ការឈឺចាប់បែបនេះ វារបៀបម៉េច»។

តារាស្រីរូបនេះបានបន្ថែមទៀតថា « ខ្ញុំដើរលេងផ្អែមល្ហែម គឺខ្ញុំមិនចេះលាក់លួច លិបលរ ទេ ព្រោះខ្ញុំមិនបាន ឆក់ប្តីនរណាទេ ហើយខ្ញុំដាច់ខាត មិនឆក់របស់គេទេ ព្រោះខ្ញុំ ស្គាល់រសជាតិ បែបនោះ ច្បាស់ណាស់ ពីរឿងត្រូវគេឆក់ប្តី. តែមិនអីទេ ព្រោះខ្ញុំមានគុណវិបត្តិ ស្រលាញ់គឺចេញមុខ មិនដូចគេយកគ្នា៥ឆ្នាំ រហូតដល់ឥឡូវតែ មិនចេញមុខ តែម៉ែឪបងប្អូន មិត្តភ័ក្ត្រ ខាងប្រុសគេដឹងឮ គ្រាន់តែមិនផុសដូចខ្ញុំ » ។

ទន្ទឹមនឹងការរៀបរាប់ អារម្មណ៍ឈឺចាប់នោះ ដែលនាងក៏បានជូនពរ ទៅដល់មនុស្សស្រី ដែលដៀលនាងថា « ខ្ញុំជូនពរពួកស្រីដែល ដៀលខ្ញុំ ទាំងអស់ អោយប្តីក្បត់ ម្តងហើយម្តងទៀត គ្រប់គ្នា ដើររាល់យប់ និងជួបតែប្តី យកមិត្តភ័ក្ត្រ. យកស្រីនិងស្រាជាធំ ចាំមើលពួកអ្នក មានអារម្មណ៍យ៉ាងម៉េច ? អ្នកណាយល់ស្រប ការជូនពរខ្ញុំខ្លះ ? សូមទេវត្តាមេត្តា ជួយបង្ហាញអារម្មណ៍ បែបនោះ អោយពួកគេដឹងផង ដើម្បីអោយ ពួកស្រីទាំងនោះដឹង. ពួកអ្នកឯងចូលចិត្ត ឆ្កឹះភាពឈឺចាប់ គេណាស់ » ៕

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

គូសបញ្ជាក់ផងដែរថា អស់រយៈពេល ជាច្រើន ឆ្នាំហើយ ដែលតារា សម្តែងជើងចាស់ អ្នកមេម៉ាយ ចាយសម្រស់ ចន ច័ន្ទលក្ខិណា បានសម្រេចចិត្ត លែងលះស្វាមី ដែលមហាជនស្គាល់ យ៉ាងច្បាស់ថា ជាតារាសម្តែងមាឌធំលោក យុត្ថារ៉ា ឆានី រួច ។ កាលពីពេលថ្មីៗនេះតារារូបនេះ បានប្រកាសអរគុណទៅដល់ អតីតស្វាមីបែបបញ្ឆិតបញ្ឆៀងថា នាងធ្លាប់បូជាធ្វើ គ្រប់យ៉ាងដើម្បីមនុស្សប្រុស ប៉ុន្តែពេលនេះនាងបាន ក្លាយខ្លួន ទៅជាមនុស្សរឹងមាំ មិនខ្លាចអ្វីតទៅទៀតឡើយ។

តារាសម្តែង និងជាពិធីការិនី អ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេរបង្ហោះនៅលើ Facebook ផ្ទាល់ខ្លួនរៀបរាប់ពី អារម្មណ៍ផ្ទាល់ខ្លួនថា « កាលនៅម្នាក់ឯងរាល់ថ្ងៃ ក៏ក្លាយទៅជាទំលាប់ តាំងពីស្រីទន់ជ្រាយ ខ្លាចភាពងងឹត ខ្លាចខ្មោច ខ្លាចសព្វបែបយ៉ាង រហូតក្លាយជា មនុស្ស ម្ចាស់ការខ្លួនឯង ហើយភាពខ្លាចក៏មិនអាច មកតាមលងខ្ញុំបានទៀតឡើយ អរគុណដែលធ្វើ អោយខ្ញុំក្លាយជាស្ត្រី ហើយក៏មិនឲ្យអតីតកាល មកកាន់ក្អែលខ្ញុំទៀតឡើយ ខ្ញុំសុំធ្វើជាមនុស្សរឹងប៉ឹង រឹងរូស មានះ យកចិត្តខ្លួនឯងវិញម្តង ខ្ញុំចង់ស្គាល់ភាពទាំងនេះ ដើម្បីឲ្យដឹងថា ការយកចិត្ត ពីបុរសវាយ៉ាងម៉េច ខ្ញុំធ្លាប់បូជាដើម្បីមនុស្សប្រុស ឥឡូវខ្ញុំចង់ឲ្យមនុស្សប្រុសបូជា ដើម្បីខ្ញុំវិញម្តង តែបើអ្នកណាទទួល យកមិនបាន ខ្ញុំក៏មិនខ្វល់ដែរ បទពិសោធន៏គឺផ្លាស់ប្តូរ មនុស្សអញ្ចឹង » ។

តាមរយៈសាររបស់តារាស្រីនាង ចន ច័ន្ទលក្ខិណា បានសរបញ្ជាក់ឲ្យឃើញថា នាងបានក្លាយខ្លួនជាមនុស្សរឹងពឹង ខ្លួនទីពឹងខ្លួន មិនធ្វើជាមនុស្សទន់ខ្សោយ ដូចមុនទៀត ហើយនាង បានអះអាងថា ចាប់ពីពេលនេះតទៅ នាងមិនធ្វើអ្វីដើម្បី មនុស្សប្រុសទៀតទេ ផ្ទុយទៅវិញនាង ចង់ឲ្យមនុស្សប្រុស ធ្វើដើម្បីនាងខ្លះ ព្រោះរឿងរ៉ាវកន្លងមកវា គឺជាបទពិសោធន៍ ដែលធ្វើឲ្យ នាងមានការផ្លាស់ប្តូរ ដូចពេលបច្ចុប្បន្ននេះ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]