រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ១៥ សីហា ២០១២ អង្គការមូលនិធិបង្ការរបួសអាស៊ី បានប្រកាសសម្ពោធដាក់ឲ្យប្រើប្រាស់ រូបភាពអប់រំស្តីពីការពាក់មួកសុវត្ថិភាពក្នុងចំណោមអ្នករួមដំណើរ តាមទោចក្រយានយន្តនៅមជ្ឈមណ្ឌលកម្សាន្តឌ្រីមលែនឌ៍ ដែលជាព្រឹត្តិការណ៍បង្ហាញពីភាពស្និទ្ធស្នាលលក្ខណៈគ្រួសារ និងមិត្តភក្តិសំដៅលើកកម្ពស់ការប្រើប្រាស់មួកសុវត្ថិភាពក្នុង ចំណោមអ្នករួមដំណើរតាមទោចក្រយានយន្ត ។

ពិធីនេះជាផ្នែកមួយនៃយុទ្ធនាការផ្សព្វផ្សាយជា សាធារណៈក្រោមពាក្យស្លោក «ព្រួយបារម្ភពីគ្នាធ្វើដំណើរគ្រប់វេលាពាក់មួកសុវត្ថិភាព» ។ ពិធីប្រកាសសម្ពោធផ្ទាំងរូបភាពអប់រំនៅមជ្ឈមណ្ឌលសម្សាន្ត ឌ្រីមលែនឌ៍ ក៏បានប្រកាសពីការចាប់ផ្តើមប្រកួតប្រជែងរូបថត ដែលបានថតពីរូបភាពអប់រំស្តីពីការពាក់មួកសុវត្ថិភាពក្នុងចំណោម អ្នករួមដំណើរតាមទោចក្រយានយន្ត តាមបណ្តាញទំនាក់ទំនងសង្គម Facebook (Asia Injury Prevention Foundation) ដែលរំពឹងថានឹងមានបេក្ខជនចូលរួមប្រមាណពី ៣.០០០ទៅ៦.០០០នាក់ ដើម្បីមានឱកាសឈ្នះរង្វាន់ជាច្រើនតាមរយៈការផ្ញើរូបថតទាំងនោះមក កាន់អង្គការតាមអ៊ីមែលៈ [email protected]

ភ្ញៀវកិត្តិយសចំនួន២០០នាក់ បានអញ្ជើញចូលរួមក្នុងកម្មវិធីនេះដែលរួមមានមន្ត្រីរាជរដ្ឋាភិបាល ក្រុមគ្រួសារសិស្ស-និស្សិត អ្នកសារព័ត៌មាន ក្រុមហ៊ុនឯកជន ដៃគូពាក់ព័ន្ធលើការងារសុវត្ថិភាពចរាចរណ៍ តារាចម្រៀង និងសិល្បករមួយចំនួនផងដែរ ។ ភ្ញៀវដែលចូលរួមក្នុងកម្មវិធីសម្ពោធខាងលើនេះបានចូលរួមក្នុង សកម្មភាពបែបលក្ខណៈគ្រួសារប្រកបដោយភាពរីករាយព្រមទាំងបានថតរូប របស់ខ្លួនជាមួយនឹងកុមារនៅកន្លែងផ្ទាំងរូបភាពអប់រំដែលបានដាក់ តម្លើងក្នុងមជ្ឈមណ្ឌលកម្សាន្តឌ្រីមលែនឌ៍ ។ ការផ្ញើរូបថតនេះនឹងទទួលចាប់ពីថ្ងៃទី១៦ សីហារហូតដល់ថ្ងៃទី១០ កញ្ញា ហើយនឹងបញ្ចប់ការជ្រើសរើសនៅថ្ងៃទី១ តុលា ។ អង្គការមូលនិធិបង្ការរបួសអាស៊ីក៏បានសាងសង់ផ្ទាំងរូបភាពអប់រំ នេះនៅខេត្តកណ្តាលផងដែរ ដែលមានអ្នកប្រើប្រាស់ផ្លូវជាង២.០០០នាក់ បានឃើញផ្ទាំងរូបភាពអប់រំនៅក្នុងមួយថ្ងៃៗ ។

ការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ ដល់ក្រុមគ្រួសារ គឺជាការចាំបាច់ដែលត្រូវអនុវត្តនៅក្នុងប្រទេសកម្ពុជា ។ កាលពីឆ្នាំ២០១០ មានមនុស្សស្លាប់១.៨១៦នាក់ និងរងរបួសធ្ងន់ចំនួន៦.៧១៨នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន៦.៩៤១ករណី ក្នុងប្រទេសកម្ពុជា ។ អ្នកធ្វើដំណើរតាមទោចក្រយានយន្តគឺជាអ្នកប្រើប្រាស់ ផ្លូវដែលងាយរងគ្រោះថ្នាក់ជាងគេ ដែលពួកគេបានរួមចំណែកដល់ទៅ៧២% នៃករណីគ្រោះថ្នាក់ចរាចរណ៍សរុប និង៦៧%នៃចំនួនអ្នកស្លាប់ទាំងអស់ដោយសារគ្រោះថ្នាក់ចរាចរណ៍ សរុប ។

លោក សុគន្ធ ថេរាយុ តារាចម្រៀងនៅផលិតកម្មថោនបានបញ្ជាក់ថា«យើងសូមបង្ហាញការគាំទ្រ យ៉ាងមុតមាំចំពោះសកម្មភាពនេះ ដែលមានគោលដៅលើកកម្ពស់ការពាក់មួកសុវត្ថិភាពក្នុងចំណោមអ្នករួម ដំណើរតាមទោចក្រយានយន្ត ជាពិសេសចំពោះកុមារដែលជាទីស្រឡាញ់» ។ លោកក៏បានជំរុញឲ្យប្រជាជនកម្ពុជាទាំងអស់ពាក់មួកសុវត្ថិភាពឲ្យ បានគ្រប់ពេលធ្វើដំណើរតាមទោចក្រយានយន្ត ។ លោកបានបន្ថែមទៀតថា «ក្នុងឱកាសដ៏រីករាយនេះ យើងសូមលើកទឹកចិត្តដ៏ទទូចឲ្យយុវវ័យទាំងអស់ ពាក់មួកសុវត្ថិភាព ទោះបីជាអ្នកបើកបរ ឬអ្នករួមដំណើរក៏ដោយ»។

ការពាក់មួកសុវត្ថិភាពបានត្រឹមត្រូវបានបង្ហាញ ថា អាចកាត់បន្ថយការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ដល់ទៅ៤២% និងរងរបួសក្បាលធ្ងន់ធ្ងរ៦៩%។តែទោះជាយ៉ាងណាក៏ដោយតាមរយៈលទ្ធ ផលនៃការសង្កេតរៀងរាល់ ២ខែម្តងនៅក្នុងរាជធានីភ្នំពេញ នាពេលថ្មីៗនេះបានបង្ហាញថា មានអ្នកបើកបរទោចក្រយានយន្តចំនួន៨៣.៨% បានពាក់មួកសុវត្ថិភាព ប៉ុន្តែមានអ្នករួមដំណើរគិតទាំងកុមារផងតែ៦.៧% ប៉ុណ្ណោះបានពាក់មួកសុវត្ថិភាព ។ ការសង្កេតក៏បានបង្ហាញថា អត្រាអ្នកពាក់មួកសុវត្ថិភាពនៅតាមបណ្តាខេត្តមួយចំនួននៅមាន កម្រិតទាបជាងនេះ ។

លោក ពៅ ម៉ាលី អគ្គលេខាធិការរងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបាន មានប្រសាសន៍ថា «សកម្មភាពរបស់អង្គការមូលនិធិបង្ការរបួសអាស៊ីនាថ្ងៃនេះបង្ហាញ ឲ្យឃើញនូវការយកចិត្តទុកដាក់ និងគាំទ្រដល់សេចក្តីព្រាងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដែល តម្រូវឲ្យអ្នកបើកបរទោចក្រយានយន្តអ្នករួមដំណើរគិតទាំងកុមារ ត្រូវពាក់មួកសុវត្ថិភាពដែលកំណត់តាមស្តង់ដារជាតិ» ។ លោកបានបន្ថែមទៀតថា «តាមរយៈផ្ទាំងរូបភាពអប់រំស្តីពីការពាក់មួកសុវត្ថិភាព អ្នករួមដំណើរតាមទោចក្រយានយន្តនៅក្នុងមជ្ឈមណ្ឌលកំសាន្តឌ្រីមលែនដ៍ នេះរួមផ្សំនឹងយុទ្ធនាការលើកកម្ពស់ការយល់ដឹងផ្សេងៗ ទៀតអំពីសុវត្ថិភាពចរាចរណ៍ខ្ញុំមានសុទិដ្ឋិនិយមថា នឹងប្រែក្លាយឥរិយាបថ អ្នកបើកបរ និងអ្នករួមដំណើរតាមទោចក្រយានយន្តឲ្យគោរពច្បាប់ គឺពាក់មួកសុវត្ថិភាពបានគ្រប់ៗគ្នា ១០០%ទាំងថ្ងៃ ទាំងយប់ ។

អង្គការមូលនិធិបង្ការរបួសអាស៊ីកំពុងសហការ យ៉ាងជិតស្និទ្ធជាមួយស្ថាប័នរាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធលើការងារសុវត្ថិភាពចរាចរណ៍ មួយចំនួននៅក្នុងប្រទេសកម្ពុជាសំដៅបង្កើនការប្រើប្រាស់មួកសុវត្ថិភាព ក្នុងចំណោមអ្នករួមដំណើរតាមទោចក្រយានយន្តឲ្យបាន៦០% ត្រឹមចុងឆ្នាំ២០១៥ នៅតាមបណ្តាខេត្ត-រាជធានីគោលដៅមួយចំនួនដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ។

លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា «ជាមួយនឹងសកម្មភាពដ៏មានសារៈសំខាន់ខាងលើនេះក៏ដូចជាសកម្មភាព អប់រំផ្សព្វផ្សាយជាសាធារណៈផ្សេងៗទៀត អង្គការមូលនិធិបង្ការបួសអាស៊ី សូមស្នើសុំដោយទទួចដល់អ្នកបើកបរទោចក្រយានយន្ត និងអ្នករួមដំណើរទាំងអស់ សូមពាក់មួកសុវត្ថិភាពចាប់ពីពេលឥឡូវនេះតទៅ បើទោះបីសេចក្តីព្រាងច្បាប់ស្តីពីការពាក់មួកសុវត្ថិភាពក្នុង ចំណោមអ្នករួមដំណើរតាមទោចក្រយានយន្តមិនទាន់ត្រូវបានអនុម័ត ក៏ដោយ» ។ លោកបានបន្ថែមទៀតថា «តាមរយៈគំនិតផ្តួចផ្តើមទាំងនេះយើងសង្ឃឹមថា នឹងបង្កើននូវទម្លាប់នៃការពាក់មួកសុវត្ថិភាពក្នុងចំណោមមាតា បិតា ឬអាណាព្យាបាលចំពោះកូនៗរបស់ពួកគាត់មិនថា ជាកុមារ ឬស្ថិតក្នុងវ័យណានោះទេ ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]