ភ្នំពេញ៖ ការប្រគុំតន្រ្តីជាប្រវត្តិសាស្ត្រ ដ៏កម្រ នៅថ្ងៃបុណ្យចូលឆ្នាំ នៅលើទឹកដីកម្ពុជាក្រោម បន្ទាប់ពីសិល្បៈករល្បី មានលោកព្រាប សុវត្ថិ អ្នកនាងម៉េង កែវពេជ្ជតា និងសិល្បៈករខ្មែរជាច្រើនទៀត បានដឹកដៃគ្នា ធ្វើការប្រគុំតន្ត្រី នៅទីនោះ ស្រាប់តែឭដំណឹងថា ការប្រគុំតន្ត្រីនោះ ត្រូវបានអាជ្ញាធរវៀតណាម បិទធ្វើឲ្យប្រជាជន ទាំងនៅកម្ពុជាក្រោម និង នៅកម្ពុជាទាំងមូល សម្តែងនូវការខកចិត្តយ៉ាងខ្លាំង ។

ក្នុងការប្រគុំតន្ត្រីនេះ សំបុត្រតម្លៃ៦ដុល្លារ ត្រូវបាន ពលរដ្ឋកម្ពុជាក្រោម បានទិញដើម្បីរងចាំទស្សនា ការប្រគុំតន្ត្រីដ៏កម្រ ជាលក្ខណៈប្រវត្តិសាស្ត្រ តែអ្វីដែលគួរឲ្យសោកស្តាយ ការប្រគុំតន្ត្រីធ្វើបានតែមួយយប់ ក៏ត្រូវបាន អាជ្ញាធរវៀតណាម ក្នុងតំបន់ ធ្វើការបិទ មិនឲ្យប្រគុំបន្ត នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៦។

សម្រាប់ព័ត៌មានលម្អិតទាក់ទិនរឿងនេះ មិនត្រូវបានគេទម្លាយ ព័ត៌មានលម្អិតឡើយ ហើយអ្នកដឹកនាំសម្តែង ការប្រគុំតន្ត្រីនេះទៀត សោត លោក តាំ មិនបានប្រាប់ឲ្យ ល្អិតល្អន់ឡើយជុំវិញបញ្ហានេះ។ ដោយឡែក ប្រធានសមាគមន៍សិល្បៈករខ្មែរ លោក សុះ ម៉ាច វិញ ក៏បានថ្លែងទាំង រអាក់រអួល មិនដឹងពីមូលហេតុ ដែលអាជ្ញាធរ វៀតណាម បិទការប្រគុំតន្ត្រីនេះ ។

លោកថា «ប្រទេសដែលខ្ញុំធ្លាប់ទៅសម្តែង គេមានទិដ្ឋាការ ឬវីសា ចូលទៅប្រទេសគេ ហើយស្ព័នស័រ នៅទីនោះ នឹងរៀបចំការសម្តែង មានរយៈពេលប៉ុន្មានថ្ងៃ ដែលបានសុំច្បាប់រួចរាល់ហើយ ដើម្បីសូមសិទ្ធការសម្តែង » ។ លោកបន្ថែមទៀតថា «ខ្ញុំមិនយល់ច្បាស់ ពីប្រទេស ជិតខាង គឺវៀតណាម គេមានច្បាប់យ៉ាងម៉េច ហើយខ្ញុំក៏មិនទាន់ ទទួលបានព័ត៌មានច្បាស់ដែរ »។ លោកបានបន្តក្នុង ន័យសោកស្តាយថា «ខ្ញុំមិនហ៊ានបញ្ចេញ ទស្សនៈយ៉ាងណានោះដែរ តែក៏សោកស្តាយណាស់ ក្នុងការបិទការប្រគុំតន្ត្រីនេះ»៕ 

តារាចម្រៀង លោក ព្រាប សុវត្ថិ

ផ្តល់សិទ្ធដោយ៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា កាលពីពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ គេសង្កេតឃើញថា បទចម្រៀងរបស់លោក ព្រាប សុវត្ថិ ទទួលបានការពេញនិយមច្រើន ពីសំណាក់អ្នកគាំទ្រដែលធ្វើឲ្យ លោកមានអារម្មណ៍សប្បាយ និងរំភើបរហូតដល់រំលេចសារ អរគុណទៅដល់ទស្សនិកជន ដែលពេញចិត្ត និងគាំទ្របទចម្រៀង របស់លោក ។

កំពូលតារាចម្រៀង ដែលជ្រកក្រោមដំបូល ផលិតកម្មហង្សមាស លោក ព្រាប សុវត្ថិ ដែលគេមើលឃើញថា មានអ្នកគាំទ្រច្រើនលើសលប់ជាងតារានានានោះ ថ្មីៗនេះបាន រំលេចសារ ជូនពរនិងអរគុណ ទៅដល់អ្នកគាំទ្ររបស់លោកថា « ជំរាបសួរបងប្អូន ពូមីង អ៊ំប្រុសអ៊ំស្រី ប្អូនៗយុវវ័យទាំងអស់! ខ្ញុំបាទមានអារម្មណ៏រំភើបរីករាយ នូវការគាំទ្រ របស់បងប្អូន ចំពោះបទចម្រៀង សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខនេះ ដោយរាល់ MV Teaser ទទួលបាននូវការចាប់អារម្មណ៍ និងគាំទ្រជាច្រើន ។ ខ្ញុំបាទសូមជូនពរ បងប្អូនទាំងអស់ ឲ្យជួបតែសេចក្តីសុខ សុខភាពល្អ ទៅទីណាទទួលបាន តែសេចក្តីសុខសុវត្ថិភាព ទាំងអស់គ្នា » ។

នៅក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរឆ្នាំនេះ គេសង្កេតឃើញថា តារាចម្រៀង លោក ព្រាប សុវត្ថិ បានចេញបទចម្រៀងជាច្រើន បទដែលមានដូចជា «សម្លសម្លក់», «ផ្លាប់», «អត្ថន័យភ្នំខ្សាច់», «ហេកុប» និងមានបទចម្រៀងពិរោះៗ ជាច្រើនបទទៀត ៕ 

តារាចម្រៀង លោក ព្រាប សុវត្ថិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ