កំពូលអ្នកស្រាវជ្រាវឯកសារ នៃរបបខ្មែរក្រហមលោក ឆាំង យុ នៅថ្ងៃចន្ទនេះ បាន បង្ហើបឱ្យដឹងថា លោកមានរូបជនជាតិវៀតណាម ជាង៧០សន្លឹក ជារូបដែលគេជឿថាត្រូវ បានគេសម្លាប់ នៅមន្ទីរស-២១ ឬគុកទូលស្លែងនាសម័យខ្មែរក្រហមដ៏ប្រល័យ។

លោក ឆាំង យុ ប្រធាន មជ្ឈមណ្ឌលឯកសារកម្ពុជា បានថ្លែងប្រាប់អ្នកសារ ព័ត៌មាន នៅ ការិយាល័យរបស់លោក ឱ្យដឹងថា យ៉ាងហោចណាស់មានរូបថត ជនជាតិវៀតណាម ជិត៧០ សន្លឹកដែរ ក្នុង ចំណោម រូបថត ចំនួន១.៤២៧សន្លឹកដែលស្រ្តីម្នាក់បាន យកមកឱ្យលោក កាលពីថ្ងៃទី៩ ខែសីហាឆ្នាំ២០១២ កន្លងទៅនេះ។

លោ ឆាំង យុ បានអះអាងថា រូបទាំងនោះ នឹងត្រូវយកទៅដាក់តាំង បង្ហាញនៅសារមន្ទីរ ប្រល័យពូជសាសន៍ទួលស្លែង ដើម្បីស្វែងរកញាតិមិត្តគ្រួសារ របស់ពួកគេ នាពេលឆាប់ៗ នេះ។

រូបថតទាំងនោះ ដែលខ្លះមានឈ្មោះ ហើយខ្លះទៀតមិនមានឈ្មោះ មានទាំងចាស់ មានទាំង ក្មេង ទាំងស្ត្រី និងទាំងបុរស ត្រូវបានគេដាក់ក្នុងស្រោមសំបុត្រ ដែលមាន សរសេរថា "ភ្នាក់ ងារយួន លេខពិសេស" ក្នុង ឆ្នាំ១៩៧៨។ រូបថតទាំងនោះ ត្រូវគេសង្កេតឃើញថាមានសភាព ដូចគ្នាទៅនឹងរូបថតអ្នកទោស នៅសារមន្ទីរ ប្រល័យពូជសាសន៍ទួលស្លែងដែរ ដែលមានរូប មើលចំពីមុខនិងពីចំហៀង មានសរសេរលេខសម្គាល់ ហើយដៃទាំងសងខាង ទំនងជាត្រូវគេចងស្លាបសេក។

បើតាមលោក ឆំាង យុ រូបថតទាំងនោះ ត្រូវបានស្រ្តីម្នាក់ ដែលបម្រើការងារក្នុងសម័យអ៊ុនតាក់ នាឆ្នាំ១៩៩២ ប្រមូលទុក បន្ទាប់ពីគាត់បានដឹងថា គេនឹងអាចយកវា ទៅដុតចោល។

លោកឆាំង យុបានបន្តទៀតថា ក្នុងចំណោមរូបថតទាំងនោះ ត្រូវបានគេរកឃើញ ថាជាសាច់ ញាតិរបស់ គេខ្លះហើយ ហើយរូបផ្សេងទៀត លោកកំពុងធ្វើការ ថតចម្លងដើម្បីយកទៅ ដាក់ តាំងក្នុងគុកស្លែងដើម្បីប្រកាសរកញាតិរបស់ពួកគេ។

លោកឆាំង យុបានថ្លែងទៀតថា បន្ទាប់ពីលោកបានឃើញរូបថតទាំងនេះហើយ លោកមាន ការភ្ញាក់ផ្អើលជាខ្លាំង ដោយក្នុងនោះក៏មានរូបថត អ្នកទោសបស្ចឹមចំនួន ពីរ នាក់ផងដែរ តែរូប ថតនោះពុំមានឈ្មោះនោះឡើយ។ ហើយសម្រាប់រូបថតដែលមើលទៅហាក់បីដូច ជាជន ជាតិវៀតណាមសុទ្ធសាធនោះ ហើយភាគច្រើនក៏មិន មានឈ្មោះដែរ ដោយ រូបថតខ្លះ មាន សរសេរឈ្មោះ ង្វៀន យ៉ាងងួន ឡឹម យ៉ាងឡឺយ លឿង កុកវ៉ាយ និងយ៉ យ៉ាងរួមជាដើម។

 សូមបញ្ជាក់ថា គុក ទូលស្លែង ឬស-២១ គឺជាកន្លែងធ្វើទារុណកម្មដ៏សាហាវ ក្នុងឆ្នាំ១៩៧៥-៧៩ កន្លែងនេះចូលហើយ ពុំអាចវិលក្រោយបានឡើយ ពោលគឺនឹងត្រូវបានសម្លាប់ ស្ទើតែ៩៩ភាគរយ ក្នុងចំណោមអ្នកទោស ដែលមានឈ្មោះ នៅក្នុងនោះមានមនុស្សមិនតិចជាង ១២០០០នាក់ឡើយ ដែលដែលបានស្លាប់ ក្នុងនោះភាគច្រើនជាបញ្ញវន្ត និងចាត់ទុកថាជាចារកម្ម។ មានមនុស្សប្រហែលជា ៧នាក់ប៉ុណ្ណោះ ដែលត្រូវបានរួចខ្លួន ពីកន្លែងដ៏សាហាវឃោរឃៅនេះ៕

ដោយៈ បាន ចក់

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]