ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយបុរសម្នាក់ ស្រវឹងស្រាជោកខ្លួន បានបើករថយន្តឌុបស្រីម្នាក់ ពីភ្នំពេញឆ្ពោះទៅកៀនស្វាយ ដោយរូបគេ បានបើករថយន្តក្នុងល្បឿនយ៉ាងលឿន ក៏រេចង្កូតមកខាងស្តាំដៃ បុកស្លាកយីហោហាង តារាវាលស្បូវ ដែលទុកនៅលើ ចិញ្ចើមផ្លូវ អូសទៅបុក បង្គោលភ្លើង មួយទៀត និងមិនទាន់អស់ល្បឿន ជ្រុលទៅបុកខ្ទប់ និងស្លាកយីហោ ការ៉ាសសាំង ជាប់ទៅមុខលែងរួច និងបណ្តាលឲ្យអ្នកបើករថយន្ត និងអ្នករួមដំណើរ ត្រូវរងរបួសធ្ងន់ធ្ងរ។

ហេតុការណ៍នេះ បានកើតឡើង នៅចំណុចមុខហាងតារាវាលស្បូវ ក្នុងភូមិបឹងឈូក សង្កាត់វាលស្បូវ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៣និង០០នាទីទៀបភ្លឺ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១២។

យោងតាមប្រភពព័ត៌មាន ពីនគរបាលចរាចរណ៍ ខណ្ឌមានជ័យ បានឲ្យដឹងថា មុនពេលកើតហេតុនោះ គេបានឃើញបុរសម្នាក់ មើលស្ថានភាពរបស់គេ គឺស្រវឹងស្រា ស្ទើរងើបមុខមិនរួច បានបើករថយន្តមួយគ្រឿង ម៉ាក Funcargo ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2F-8042 ឌុបស្រីម្នាក់ ក្នុងទិសដៅពីលិចទៅកើត គឺ ពីភ្នំពេញឆ្ពោះ ទៅស្រុកកៀនស្វាយ លុះបើកមកដល់ចំណុចកើតហេតុ មិនដឹងថា បុរសនេះកើតអ្វីនោះ បានបើករថយន្តរេទៅ ខាងស្តាំដៃពន្លះ ស្លាកយីហោ តារាវាលស្បូវ ដែលម្ចាស់ហាងយកមកតាំងបង្ហាញ ដល់ភ្ញៀវនៅលើចិញ្ចើមផ្លូវជាតិ លេខ១ ពេញទំហឹង អូសជាង ២០ម៉ែត្រ ទៅបុកនិងបង្គោលភ្លើងមួយដើមទៀត ដែលនៅពីមុខ ស្លាកយីហោ ហើយរថយន្តនៅមិនទាន់អស់ល្បឿន ក៏បន្តទៅបុកស្លាកការ៉ាស់សាំងនៅមុខហាង កៀបជាប់ទៅមុខលែងរួច។

ប្រភពដដែលបានបន្តថា បន្ទាប់ពីកើតហេតុនោះ គេបានឃើញបុរសអ្នកបើកបរ និងស្រីដែលរួមដំណើរ ជាមួយគ្នានោះខ្លះបែកក្បាល រយះដៃ រយះជើង គឺរងរបួសធ្ងន់ធ្ងរ ត្រូវបានប្រជាពលរដ្ឋ ជួយដឹកយកទៅមន្ទីរពេទ្យ នៅជិតនោះ ចំណែករថយន្តវិញនោះ ត្រូវរងការខូចខាតផ្នែកខាងមុខទាំងស្រុង។

ក្រោយពីកើតហេតុ នគរបាលចរាចរណ៍ ខណ្ឌមានជ័យ បានសហការជាមួយនគរបាលក្រុង ស្ទូចយករថយន្ត បង្កហេតុ ទៅរក្សាទុកនៅសាលារាជធានីភ្នំពេញ ដើម្បីឲ្យម្ចាស់រថយន្ត ចូលខ្លួនទៅដោះស្រាយ សំណងជូនរដ្ឋ ថ្លៃខូចខាតទ្រព្យសម្បត្តិសាធារណៈ។ យ៉ាងណាក៏ដោយ សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់ អត្តសញ្ញាណ អ្នកបើកបរ និងស្រីរួមដំណើរបានឡើយ ព្រោះអ្នកទាំងពីរនោះ នៅមិនទាន់ដឹងខ្លួនទេ៕

ដោយ៖ វាសនា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]