រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ស្រី កញ្ញា រៀម ច័ន្ទ​បរ​មី បាន​រៀបចំ​ពិធី​ខួបកំណើត​គម្រប់​វ័យ​២៦​ឆ្នាំ​របស់​ខ្លួន កាលពី​រាត្រី​ថ្ងៃ​ទី​0៧ មេ​សា នេះ ជាមួយនឹង​វត្តមាន​ភ្ញៀវ​ជា​អ្នកសិល្បៈ​មួយ​ចំនួន​នៅ​ភោជនីយដ្ឋាន វី​ហ្វ្រេ​ន​។ អ្វី​ដែល​គេ​ចាប់អារម្មណ៍​នោះ គឺ​នាង​ទទួល​បាន​ចិញ្ចៀនពេជ្រ​មួយ​វង់​ពី​បុរស​ដែល​ជា​គូស្នេហ៍​។

ក្រោយ​ប្រឡូក​ក្នុង​អាជីព​សិល្បៈ​អស់​ជា​ច្រើន​ឆ្នាំ តារា​សម្តែង រៀម ច័ន្ទ​បរ​មី មិន​ដែល​ធ្លាយ​ចំណង​ស្នេហ៍​ក្រៅ​ឆាក​នោះ​ទេ ទើបតែ​ក្នុង​ថ្ងៃ​ខួបកំណើត​នាង​បាន​បង្ហាញ​រូបថត​ចិញ្ចៀនពេជ្រ​មួយ​វង់​ដែល​ទទួល​បាន​ពី​គូ​ស្មេ​ហ៍​។ តារា​ស្រី​រូប​នេះ​បញ្ជាក់​ថា កម្មវិធី​ខួបកំណើត​របស់​នាង​មិន​មាន​គម្រោង​ទុក​យូរ​នោះ​ទេ ទើប​មិន​មាន​សិល្បករ​ច្រើន​ត្រូវ​បាន​អញ្ជើញ តែ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ​ដោយ​មានការ​ជួយ​ជំរុញ​លើកទឹកចិត្ត​ពី​គូស្នេហ៍​របស់​នាង​។​ ទោះជា​យ៉ាងណា​ង​នេះ មិនមែន​ជា​លើក​ទី​១ ទេ ដែល​នាង​រៀបចំ​កម្មវិធី​ខួបកំណើត​នោះ​។ នាង​សារភាព​ថា ​នាង​ពិតជា​ទទួល​បាន​កាដូ​ពិសេស​មួយ​ពី​គូស្នេហ៍ គឺ​ចិញ្ចៀនពេជ្រ​មួយ​វង់​ដែល​នាង​បញ្ជាក់​ថា មាន​តម្លៃ​ត្រឹម​ពាន់​ដុល្លារ​ប៉ុណ្ណោះ។

នាង​បន្ត​ថា អ្វី​ដែល​មាន​តម្លៃ​ជាង​ចិញ្ចៀន​នោះ គឺ​ការ​ផ្តល់​ក្តី​ស្រលាញ់​ពី​គូស្នេហ៍​ដែល​មិន​អាច​កាត់ថ្លៃ​បាន​។ នាង​បញ្ជាក់​ថា បុរស​ដែល​ចូល​មក​ថែរក្សា​បេះដូង​នាង​នៅ​ពេល​នេះ ឈ្មោះ​វុ​ធ វ័យ​៣១​ឆ្នាំ ជា​អ្នកបម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន​មួយ​ផ្នែក​រចនា​។ នាង​បញ្ជាក់​ថា ការ​ស្គាល់គ្នា ទើបនឹង​មាន​រយៈពេល​កន្លះ​ឆ្នាំ​នេះ​ប៉ុណ្ណោះ ហើយ​អ្វី​ដែល​នាង​ដាក់​ចិត្ត​ស្រលាញ់​បុរស​នេះ​វិញ ព្រោះតែ​ការ​យកចិត្តទុកដាក់​ចំពោះ​នាង ស្រលាញ់ និង​យល់​ពី​អាជីព​ជា​អ្នកសិល្បៈ​របស់​នាង​។ នាង​បញ្ជាក់​ដែរ​ថា ក្រុម​គ្រួសារ​ទាំង​សង​ខាង​​នៅ​មិន​ទាន់​បានដឹង​អំពី​ទំនាក់ទំនង​ស្នេហា​នេះ​នៅឡើយ ហើយ​នាង និង​បុរស​នោះ ក៏​នៅ​មិន​ទាន់​មាន​គម្រោង​ចូល​រោងការ​នោះ​ដែរ ។ បរ​មី​និយាយ​ថា នាង​ចង់​ចំណាយពេល​ច្រើន​ជាង​នេះ​ទៀត ដើម្បី​សិក្សា​ស្វែង​យល់ចិត្ត​គ្នា​សិន ហើយ​អ្វី​ដែល​នាង​ចង់បាន​ គឺ​ការ​ស្វែង​យល់ចិត្ត​គ្នា​ឲ្យ​បាន​ស៊ីជម្រៅ ដើម្បី​ប្រាកដ​ថា ក្រោយ​រៀប​ការ​នឹង​មិន​មាន​អ្វី​ធ្ងន់ធ្ងរ​ដល់​ចំណងស្នេហា​មួយ​នេះ​។

គួរ​បញ្ជាក់​ដែរ​ថា រៀម ច័ន្ទ​បរ​មី បាន​ប្រឡូក​សិល្បៈ​ចាប់តាំងពី​ឆ្នាំ​២០០៩ មក​ម្ល៉េះ ដោយ​នាង​ទទួល​បានការ​គាំទ្រ​ច្រើន​ជាមួយនឹង​ការ​សម្តែង​ក្នុង​ខ្សែភាពយន្ត​ខ្នាត​ធំ និង​ខ្សែភាពយន្ត​ខ្លី​បែប​អប់រំ​។ ថ្មី​នេះ​នាង ទើបនឹង​បញ្ចប់​ការ​ថត​ខ្សែភាពយន្ត​ភាគ​របស់​ទូរទស្សន៍​មួយ​ចំនួន​ផង​ដែរ ហើយ​នាង​នឹង​បន្ត​ការ​ថត​ខ្សែភាពយន្ត​ភាគ​ថ្មី​របស់​ស្ថានីយ​ទូរទស្សន៍ CTV8HD រឿង «​វាសនា​កូនភ្លោះ​» ផង​ដែរ​។

តារា​ដែល​មាន​វត្តមាន​នា​ពេល​នោះ​មាន​អ្នក​នាង​ចាន់ តារា​ទី​, មាស សុខ​សោភា​, មាស សុខ​រតនៈ​, អ៊ឹម ជីវ៉ា​, អ្នក​នាង ស៊ុន ណា​រី​ម៉ូ​នី​កា​, អ្នក​នាង​ប៉ែន សុ​ផា​នី​, លោក​មី​ស្ទើរ​ឃី​ន លោក​អែន​ឌី ព្រមទាំង​តារា​មួយ​ចំនួន​ទៀត​៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចាន់ តារា​ទី