បន្ទាប់ពីលោកឧត្តមសេនីយ៍ ឆាយ គឹមសុន ស្នងការនគរបាលខេត្ត បានប្រជុំណែនាំពង្រឹង ការបង្ការ និងបង្ក្រាបបទល្មើសផ្សេងៗ ដល់កម្លាំងនគរបាលតាមបណ្តាស្រុក ក្រុងក្នុងខេត្តកំពង់ចាមនោះ លោក កែ ស៊ាងហាន់ អធិការនគរបាលស្រុកព្រៃឈរ បានដឹកនាំកម្លាំងនគរបាលក្រោមឱវាទរបស់ខ្លួន ចុះបង្ក្រាបកន្លែងលេងល្បែងស៊ីសងមួយវង់ (ប្រភេទអាប៉ោង) និងចាប់អ្នកលេងល្បែង បានចំនួន ៦នាក់ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១២ នៅភូមិកុមារាជ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

អធិការនគរបាលស្រុកព្រៃឈរ លោក កែវ ស៊ាងហាន់ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹង ថា អ្នកលេងល្បែងអាប៉ោង ដែលសមត្ថកិច្ចរបស់លោកបានចាប់ខ្លួនមានឈ្មោះ ទី១. ពៅ រី ភេទស្រី អាយុ ៣៩ឆ្នាំ ទីលំនៅក្នុងភូមិកើតហេតុ ទី២. ឈ្មោះ ធី ធួន ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិតាអុក ឃុំបឹង ណាយ ទី៣. ឈ្មោះ ទូច ណាក់ ភេទប្រុស អាយុ៥០ឆ្នាំ នៅភូមិតាអុក ទី៤. ឈ្មោះ ឆេង ស្រេង ភេទ ប្រុស អាយុ៤០ នៅភូមិទួលខ្ពស់ ឃុំក្រូច ស្រុកព្រៃឈរ ទី៥. ឈ្មោះ ម៉ាក់ លីន ភេទប្រុស អាយុ ៦៦ឆ្នាំ នៅភូមិស្តើងជ័យ ឃុំស្តើងជ័យ ស្រុកព្រៃឈរ ទី៦. ឈ្មោះ ជា តក់ ភេទប្រុស អាយុ៤៦ឆ្នាំ នៅភូមិតា អុក។

លោកអធិការបានឲ្យដឹងទៀតថា នៅមុនពេលចុះប្រតិបត្តិការ លោកបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅផ្ទះ អ៊ុក សូយ ស្ថិតក្នុងភូមិកុមារាជ មានលេងល្បែងអាប៉ោងដាក់លុយ។ បន្ទាប់ពីទទួលព័ត៌មាននោះ ទើបលោក បានសុំគោលការណ៍ពីលោកឧត្តមសេនីយ៍ ឆាយ គឹមសុន ស្នងការនគរបាលខេត្ត និងលោក លោកវរសេនីយ៍ឯក ជឹម សេងហុង ស្នងការរងទទួលផែនយុតិ្តធម៌ និងមានការឯកភាពពីលោក ផាន់ សុភ័ក្រ ព្រះរាជអាជ្ញារងផងនោះ ទើបលោកបានដឹកនាំកម្លាំងនគរបាល ក្រោមឱវាទចុះបង្ក្រាបកន្លែង លេងល្បែងនោះ និងឃាត់ខ្លួនមនុស្សចំនួន ៦នាក់ ខណៈដែលពួកគេកំពុងលេងតែម្តង។

លោកអធិការបានបន្តទៀតថា ក្នុងការបង្ក្រាបនោះ សមត្ថកិច្ចរបស់លោកបានរឹបអូសមេអាប៉ោង៥គ្រាប់ ចាន១ ផ្តិល១ ចានទ្រមេអាប៉ោង១ ហាន់តោ១ផ្ទាំង និងប្រាក់ចំនួន ៨៨.៦០០រៀល និងទូរស័ព្ទដៃចំនួន ៥គ្រឿងផងដែរ បញ្ជូនមកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តកំពង់ចាមចាត់ការទៅតាមនិតិវិធី៕

ដោយៈ នួន សត្យា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]