បវរកញ្ញាចិននាងយូវេនសៀ  Yu WENXIA ដណ្តើមបានងារជាបវរកញ្ញាពិភពលោកឆ្នាំ២០១២ ក្នុងការប្រកួតប្រជែងបវរកញ្ញាពិភពលោក វគ្គផ្តាច់ព្រ័ត្រនៅទីក្រុងអ័រដូស ORDOS តំបន់ម៉ុងហ្គោលីក្នុងភាគខាងជើងចិនកាលពីថ្ងៃទី១៨ សីហា ។ នាងឈ្នះលើបេក្ខនារីចំនួន១១៥រូបទៀត ដែលចូលរួមក្នុងការប្រកួតនោះ។សាធារណជនពិសេសប្រជាជនចិន ផ្ទុះក្តីរីករាយយ៉ាងខ្លាំងក្រោយពីប្រកាស ពីជោគជ័យរបស់នាងយូ វេនសៀ ជាបវរកញ្ញាចិនទី២ ដណ្តើមបានងារបវរកញ្ញាពិភពលោក ។

មុនពេលចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រជ្រើសរើស បវរកញ្ញាពិភពលោកឆ្នាំ២០១២ នាងយូវេនសៀ ដែលស្លៀកពាក់រ៉ូបពណ៌ខៀវថ្លែងថា កាលពីពេលខ្ញុំនៅក្មេង ខ្ញុំតែងតែរីករាយខ្លាំងណាស់ ព្រោះមនុស្សជាច្រើនបានជួយខ្ញុំ ហើយខ្ញុំសង្ឃឹមថា នាពេលអនាគត ខ្ញុំអាចជួយកុមារ ដទៃៗទៀតឱ្យទទួលបានក្តីរីករាយដែរ ។

បវរកញ្ញាពិភពលោកឆ្នាំ២០១១ គឺបវរកញ្ញាជនជាតិវេណស៊ុយអេឡានាងអីុវីយ៉ាន សាកូស IVIAN SARCOS បានបំពាក់មកុដ ដល់បវរកញ្ញាពិភពលោកថ្មី ក្នុងឱកាសនៃពិធីមួយដែលរៀបចំឡើងនៅឯពហុកីឡដ្ឋានដុង សេង នៃទីក្រុងនោះ ដែលស្ថិតនៅក្បែរវាលខ្សាច់ហ្គោប៊ី ។ ពេលប្រកួតផ្តាច់ព្រ័ត្រនាងយូ វេនសៀ នៅលើឆាកកណ្តាលបេក្ខនារីដ៏ស្រស់ស្អាតទាំងឡាយស្លៀកពាក់រ៉ូបរាត្រីសមោសរបានច្រៀងបទចម្រៀងប្រជាប្រិយចិនមួយបទ ។

មានបេក្ខនារីដល់ទៅ១១៦រូប ចូលរួមក្នុងការប្រកួតជ្រើសរើសបវរកញ្ញាពិភពលោកឆ្នាំ២០១២ នេះ ដែលជាព្រឹត្តិការណ៍មួយតាមដាន ដោយទូរទស្សនិកជនប្រមាណជា១០០០លាននាក់លើពិភពលោក ពិសេសនៅអាស៊ី ។ បវរកញ្ញាតំបន់ហ្គាស់ GALLES របស់អង់គ្លេសនាង SOPHIE MOULDS ជាប់ចំណាត់ថ្នាក់ទី២ហើយបវរកញ្ញាអូស្ត្រាលីនាង JESSICA KAHAWATY ជាប់ចំណាត់ថ្នាក់ទី៣ ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]