បរទេស៖ ម្សិលមិញនេះ Huawei ដែលជាក្រុមហ៊ុនទូរសព្ទដ៏ល្បីឈ្មោះមួយ ក្នុងចំណោមម៉ាកទូរសព្ទល្បីៗបំផុត នៅលើពិភពលោក បានប្រកាសចេញម៉ូដែលស្មាតហ្វូនលំដាប់កំពូល របស់ខ្លួនជាផ្លូវការហើយ ដោយទទួលបានការចាប់អារម្មណ៍ ជាពិសេសទៅលើកាមេរ៉ាខាងក្រោយ ដែលមានដល់ទៅ២ ឯណោះ។

ទូរសព្ទស្មាតហ្វូនប្រភេទ Flagship ម៉ូដែល Huawei P9 ត្រូវបានទទួលស្គាល់ជាផ្លូវការ លើកាមេរ៉ារបស់ខ្លួន ពីសំណាក់ Leica ដែលជាក្រុមហ៊ុនជំនាញខាងកញ្ចក់ដ៏ល្បីឈ្មោះរបស់អាល្លឺម៉ង់។ ចំនុចពិសេស ដែលគួរឲ្យកត់សម្គាល់ គឺកាមេរ៉ាចំនួន២ របស់វាតែម្តង ដែលអាចផ្តិតយករូបភាពក្នុងកម្រិត ១២មេហ្គាភិចហ្សែល ជាមួយអេក្រង់ ៥.២អ៊ិញ។

តើហេតុអ្វីបានជាវា មានកាមេរ៉ាដល់ទៅ២ ខុសពីគេបែបនេះ? ដើម្បីអ្វី?

ស្មានហ្វូន ត្រកូល P9 មានកាមេរ៉ា២ពិតមែន ប៉ុន្តែវាមានមុខងារខុសគ្នា។ កាមេរ៉ាមួយ សម្រាប់ RGB Sensor ដែលមានមុខងារសំខាន់បំផុតក្នុងការចាប់យក«ពណ៌» ខណៈដែលកាមេរ៉ាមួយទៀត សម្រាប់ Monochrome Sensor ដែលចាប់យកទ្រង់ទ្រាយរូបភាពជាលក្ខណៈ ស-ខ្មៅ។ សរុបមកមានន័យថា កាមេរ៉ាមួយវាមានតួនាទី ធ្វើយ៉ាងណាចាប់យកពណ៌ ឲ្យបានល្អបំផុត ដោយវាមិនផ្តោតលើភាពលម្អិតនៃរូបភាពទេ ចំណែកកាមេរ៉ាមួយទៀត វាផ្តោតសំខាន់តែលើភាពលម្អិតច្បាស់ល្អ នៃរូបភាពប៉ុណ្ណោះ ហើយពេលដែលវាធ្វើការបញ្ចូលគ្នា បង្កើតបានជារូបភាពមួយ ដែលមានពណ៌ស្អាត និងរូបភាពច្បាស់ល្អ។

បន្ថែមពីនេះផងដែរ ទូរសព្ទប្រចាំឆ្នាំ២០១៦ របស់ Huawei នេះ ត្រូវបានបំពាក់មកនូវកម្លាំងថ្ម 3,000mAh មានរន្ធ USB-C និង microSD។ វាមាន RAM 3GB ហើយជាពិសេសមាន CPU ប្រភេទ octa-core Kirin 955 ដែល Huawei បង្កើតដោយខ្លួនឯងផ្ទាល់តែម្តង។

គួរបញ្ជាក់ផងដែរថា Huawei បានចេញម៉ូដែល P9 Plus ក្នុងពេលតែមួយផងដែរ ជាមួយទំហំអេក្រង់ ៥.៥អ៊ិញ បំពាក់បច្ចេកវិទ្យា Super AMOLED និងមានសមត្ថភាពបង្ហាញរូបភាពក្នុងកម្រិត 1080 (FHD)។ ទូរសព្ទនេះភ្ជាប់មកជាមួយ RAM 4GB និងទំហំផ្ទុកទិន្នន័យ 64GB និងមានថាមពលថ្ម 3,400mAh ៕

តាមដានរូបភាព និងវីដេអូ Huawei P9 ខាងក្រោមជាមួយខ្មែរឡូត ដោយមេត្រី៖

ប្រភព៖ TheVerge

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]