ភ្នំពេញ៖ ប្រហែលជាប៉ុន្មានថ្ងៃមកនេះ នៅក្នុងបណ្តាញសង្គម ហ្វេសប៊ុក មានការចាប់អារម្មណ៍ខ្លាំង ទៅលើកីឡាករបាល់ទាត់ និងជាខ្សែប្រយុទ្ធ របស់ក្រុមជម្រើសជាតិ កម្ពុជា គឺកីឡាករ កែវ សុខផេង ទាក់ទងទៅនឹង រូបថតមួយសន្លឹក ដែលទើបនឹងបង្ហោះ នាពេលថ្មីៗនេះ។

រឿងហេតុមួយនេះ គឺផ្តើមចេញពីរូបថតមួយសន្លឹក របស់កីឡាករ កែវ សុខផេង ដែលបានថតនៅពេល ដែលរូបគេនិង ក្រុមគ្រួសារ ធ្វើដំណើរទៅសែនផ្នូរ តាមទំនៀមទម្លាប់ របស់ជនជាតិចិន ដោយក្នុងនោះគេអាច សង្កេតឃើញនៅលើផ្នូរ របស់ជីដូនជីតា កីឡាកររូបនេះ មានឈ្មោះជាអក្សរវៀតណាម។

ដោយសារតែចំណុចនេះហើយ បានធ្វើឲ្យអ្នកលេងហ្វេសប៊ុក ក៏ដូចជាទំព័រមួយចំនួនតូច បានយករូបភាពរបស់គាត់ ទៅត្រូល (លេងសើចចំអក) និងរិះគន់យ៉ាងធ្ងន់ធ្ងរ ខ្លាំងមែនទែន។

យ៉ាងណាមិញ កីឡាករ កែវ សុខផេង ក៏បានធ្វើការបង្ហោះ នូវការរៀបរាប់ ដែលបង្ហាញពីភាពទុក្ខសោក និងមិនសប្បាយចិត្ត ជាខ្លាំងចំពោះ បញ្ហានេះ ដោយក្នុងនោះ លោកបានសរសេរ នៅលើទំព័រហ្វេសប៊ុក របស់ខ្លួនថា “បន្ទាប់ពីរូបនេះ ត្រូវបាន Page ខ្លះយកទៅ Troll ខ្លះយកទៅប្រៀបធៀប ខ្លះយកទៅវិភាគ ហើយវាយប្រហារ... ខ្ញុំគ្រាន់តែចង់ដឹងថា គ្រួសារខ្ញុំធ្លាប់ធ្វើអ្វីខុសចំពោះអ្នកមែនទេ? វៀតណាមសុទ្ធតែអាក្រក់មែនទេ? ខ្ញុំកើតនៅទឹកដីកម្ពុជា កម្ពុជា ជាទីកំណើតរបស់ខ្ញុំ គ្រាន់តែដូនតាខ្ញុំ ជាប់ខ្សែស្រឡាយវៀតណាមប៉ុន្នោះ! គ្រាន់តែមានដូនតាជាប់ ខ្សែស្រឡាយវៀតណាមក៏ខុសដែរ? ខ្ញុំដឹងពួកគេមិនចូលចិត្តខ្ញុំទេពេលនេះ តែរឿងបាល់ទាត់ខ្ញុំនៅតែព្យាយាមលេង! ខ្ញុំស្រលាញ់កម្ពុជា កម្ពុជាទឹកដីកំណើតខ្ញុំ ទោះស្លាប់ក៏នៅទីនេះដែរ!”។

បន្ថែមពីនេះទៀត ម្សិលមិញនេះ ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិ កម្ពុជា ម្នាក់នេះ ក៏បានរៀបរាប់បន្ថែមទៀតថា «ខ្ញុំបាទ កែវ សុខផេង, កើតនៅប្រទេសកម្ពុជា ខេត្តក្រចេះ ឆ្នាំ1993 សញ្ជាតិខ្មែរ, គ្មានសញ្ជាតិពីរបីអីនោះទេ, គ្រាន់តែដូនតាពីមុនជាប់ខ្សែស្រឡាយខ្មែរកាត់ចិន-វៀតណាម, តើមានខ្មែរណាដែលឆេងម៉េងតែខ្លួនមិនមែនកាត់ចិន-វៀតណាមនោះ? ខ្ញុំបានចូលរួមជួយវិស័យបាល់ទាត់ខ្មែរព្រោះខ្ញុំជាខ្មែរខ្ញុំត្រូវជួយជាតិខ្ញុំ ខ្ញុំគ្មានអ្វីអាចបញ្ជាក់ថាខ្ញុំស្រលាញ់និងស្នេហាជាតិខ្មែរដូចបងប្អូនមួយចំនួននិយាយតាម សង្គមfacebook នោះទេ! គឺមានតែប្រឹងប្រែងជួយជាតិខ្ញុំ(ខ្មែរ) ដោយការលេងបាល់ទាត់នេះតែប៉ុន្នោះ! ខ្ញុំក៏មិនចូលចិត្ត....ប៉ុន្តែ....»។

គូសបញ្ជាក់ផងដែរថា នេះជាការរៀបរាប់ ក៏ដូចជាការបញ្ចេញអារម្មណ៍ទុក្ខសោក របស់តារាបាល់ទាត់ ក្នុងប្រទេសកម្ពុជា បន្ទាប់ពីរូបគេ បានក្លាយទៅជាគោលដៅ ដ៏ក្តៅគគុកមួយ សម្រាប់ទទួលរងការរិះគន់ និងការសើចចំអក នានា ពីមនុស្សជាច្រើន៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]