ភ្នំពេញ៖ ជាការពិត មនុស្សស្រីភាគច្រើន តែងចង់់បានរូបសម្រស់របស់ខ្លួន ស្រស់ស្អាតលេចធ្លោ ពេលចេញទៅក្រៅម្តងៗ។ ហើយក្នុងនោះដែរ ពួកគេ ក៏ចូលចិត្តតុបតែងមុខបន្តិចបន្តួចផងដែរ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ពីមហាជនថែមមួយកម្រិតទៀត។ ចុះតើប្រិយមិត្ត ដែលចាប់អារម្មណ៍ទេថា មូលហេតុអ្វី បានញ៉ាំងចិត្តមនុស្សស្រីភាគច្រើន មិនអាចខ្វះការផាត់មុខបាន ពេលចេញទៅក្រៅ?

ទាក់ទឹននឹងរឿងនេះដែរ កញ្ញា ល័ក្ខ ជានិស្សិតឆ្នាំទី៤ នៅសាកលវិទ្យាល័យឯកជនមួយ បាននិយាយថា "រឿងផាត់មុខសម្រាប់មនុស្សស្រី វាចាំបាច់តែម្តង ពេលចេញទៅក្រៅ ដែលអាចឲ្យយើងលេចធ្លោ ក្នុងក្រសែភ្នែកអ្នកដទៃ។ បើខ្ញុំវិញ គឺតែងផាត់មុខបែបស្រាលៗ មិនមែនផាត់មុខក្រាស់ ដូចលេងល្ខោននោះទេ។ ហើយមូលហេតុដែលចូលចិត្ត ឲ្យខ្ញុំតុបតែងមុខបែបនេះ ព្រោះខ្ញុំគិតថា វាជួយឲ្យសម្រស់ក្មេងមួយកម្រិតទៀត ព្រោះថាពេលនេះ ខ្ញុំមានវ័យ២០ឆ្នាំក្រាស់ទៅហើយ ដូច្នេះបើខ្ញុំ មិនព្យាយាមតុបតែងមុខទេ វានឹងធ្វើឲ្យសម្រស់របស់ខ្ញុំ ធ្លាក់ចុះទៅតាមអាយុ។ ហើយមួយទៀត ការផាត់មុខនេះ ក៏អាចធ្វើឲ្យ គូស្នេហ៍របស់ខ្ញុំ កាន់តែស្រឡាញ់ខ្ញុំ ហើយថែមទាំងចូលចិត្តបណ្តើរខ្ញុំ ចូលរួមកម្មវិធីនានា ដើម្បីបង្អួតភ្នែកមហាជនទៀតផង"

រូបថតកញ្ញា ល័ក្ខ ពេលមិនទាន់ផាត់មុខ
រូបថតកញ្ញា ល័ក្ខ ពេលផាត់មុខហើយ

ដោយឡែក នារីវ័យក្មេងម្នាក់ទៀត ប្អូនស្រី មុនីកា ជាបុគ្គលិកក្នុងក្រុមហ៊ុនមួយកន្លែង ក៏បានបង្ហើបផងដែរថា "បើនិយាយរឿងផាត់មុខ ជាមួយខ្ញុំ គឺត្រូវគ្នាតែម្តង ព្រោះរាល់ថ្ងៃខ្ញុំ មិនអាចអត់ការតុបតែងមុខបាននោះទេ។ គ្រប់ពេលវេលា ខ្ញុំតែងតែធ្វើការប្រាស្រ័យទាក់ទង ជាមួយនឹងភ្ញៀវ ដូច្នេះហើយ ទម្រង់មុខវាពិតជាសំខាន់ណាស់ ដែលអាចទាញក្រសែភ្នែក របស់ពួកគេ ឲ្យស្តាប់ការរៀបរាប់មុខទំនិញរបស់យើងបាន។ ការផាត់មុខ វាពិតជាមានប្រយោជន៍សម្រាប់ខ្ញុំ និងការងារផងដែរ។ ហើយបច្ចុប្បន្ននេះ មនុស្សស្រីភាគច្រើន គឺមិនអាចទៅធ្វើការ ទាំងមុខស្លេកស្លាំង ស្នាមខ្មៅក្រោមភ្នែកបាននោះទេ គឺយើងត្រូវចេះបន្ថែមចន្លោះខ្វះខាត លើទម្រង់មុខរបស់ខ្លួនខ្លះៗផងដែរ"

រូបថត កញ្ញា មុនីកា ពេលមិនទាន់ផាត់មុខ
រូបថត កញ្ញា មុនីកា ពេលផាត់មុខហើយ

ទន្ទឹមនឹងនេះដែរ កញ្ញា ប៉ាត្តាវ័ណ្ណ ជានិស្សិត និងជាបុគ្គលិកបម្រើការងារ នៅក្នុងហាងគ្រឿងសម្អាងមួយកន្លែង បាននិយាយថា "ចំពោះមូលហេតុ ដែលញ៉ាំងចិត្តឲ្យខ្ញុំ ចូលចិត្តតុបតែងមុខ ព្រោះវាជួយឲ្យខ្ញុំ មានទំនុកចិត្ត ក្នុងការដើរចេញក្រៅ និងប្រាស្រ័យទាក់ទង ជាមួយនឹងមហាជនផងដែរ។ បើពេលខ្លះ ខ្ញុំមិនបានផាត់មុខ គឺអាចធ្វើឲ្យខ្ញុំ មិនហ៊ានចេញក្រៅ និងប្រឈមមុខ នឹងអ្នកណាទាំងអស់។ វាគ្រាន់តែជាគំនិតខ្ញុំ ដែលការផាត់មុខ ជួយឲ្យខ្ញុំ មានភាពជឿជាក់លើខ្លួនឯង និងមានថាមពល ក្នុងពេលធ្វើការផងដែរ"

រូបថត កញ្ញា ប៉ាត្តាវ័ណ្ណ ពេលមិនទាន់ផាត់មុខ
រូបថត កញ្ញា ប៉ាត្តាវ័ណ្ណ ពេលផាត់មុខហើយ

ចុះចំណែកប្រិយមិត្តខ្មែរឡូតវិញ យល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]