​រៀងរាល់ថ្ងៃសុក្រ ខ្មែរឡូត នឹងធ្វើការដកស្រង់ ព័ត៌មានសំខាន់ៗ ពីប្រភពសារព័ត៌មានមួយចំនួន អំពីដំណើរវិវឌ្ឍន៍នយោបាយ នៅក្នុងប្រទេសកម្ពុជា យកមកចែករំលែក ជូនដល់ប្រិយមិត្តបានជ្រាប ជាដំណឹង។ នៅក្នុងសប្តាហ៍នេះ មានប្រធានបទ គួរឲ្យចាប់អារម្មណ៍ ដែលនឹងមានខ្លឹមសារត្រួសៗ ដូចខាងក្រោម៖​

លោក កឹម សុខា ថាគូប្រជែងកំពុងប្រើយុទ្ធសាស្ត្រ “កាត់ក្បាល ហើយបំបែកខ្លួន”

ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលកំពុងរងការចោទប្រកាន់រឿងអាស្រូវស្នេហា លើកឡើងថាគូប្រជែងរបស់ខ្លួនកំពុងប្រើប្រាស់យុទ្ធសាស្ត្រដើម្បីកំចាត់ថ្នាក់ដឹកនាំទាំងពីររបស់គណបក្សនេះ រួចបំបែកអ្នកគាំទ្រតាមក្រោយ ដោយលោកហៅយុទ្ធសាស្ត្រនេះថា“កាត់ក្បាលទាំងពីរហើយបំបែកខ្លួន”។ លោកបន្ថែមថា៖ “ពុះក្បាល បំបែកខ្លួន ពុះក្បាល គឺក្បាលមាន២នាក់ សម រង្ស៊ី និង កឹម សុខា ពុះឲ្យបែកគ្នា។ ពុះបានហើយបានបំបែកខ្លួន បំបែកថ្នាក់ក្រោមតទៀត ដោយគេដឹងថា សង្គ្រោះជាតិគ្រប់មូលដ្ឋានទាំងអស់ចេញពីមូលដ្ឋានពីរ (គណបក្ស) សម រង្ស៊ី និង(គណបក្ស)សិទ្ធិមនុស្ស។ អ៊ីចឹងគេថា បើក្បាលអត់បែកទេ ក្រោមនោះក៏អត់បែកដែរ មែនទេបងប្អូន? ចឹងបានគេថាពុះក្បាលសិន គឺថាពុំក្បាលហើយបំបែកខ្លួនបានយ៉ាងស្រួលនេះជាយុទ្ធសាស្ត្ររបស់គេដំណាក់កាលទី១”។ លោកមានប្រសាសន៍៖ “ដោយសារក្បាលយើងគេពុះវាមិនបែក បានគេចាប់ឈានដល់ដំណាក់កាលយុទ្ធសាស្ត្រទី២ យុទ្ធសាស្ត្រទី២មិនមែនត្រឹមពុះក្បាលទេបងប្អូនដើម្បីបំបែកខ្លួននេះ កាត់ក្បាល កាត់ក្បាលទាំងពីរតែម្ដង កាត់ក្បាលហើយបានបំបែកខ្លួន”។ ប្រភព៖ VODHOTNEWS

លោក សម រង្ស៊ី ថាទាល់តែកម្ពុជាមានប្រជាធិបតេយ្យពិតទើបរកអ្នកគប់គ្រាប់បែកឃើញ

មេដឹកនាំបក្សប្រឆាំងអំពាវនាវ ឲ្យយុវជនបង្កើនភាពក្លាហាន ក្នុងការជំរុញកម្ពុជាឲ្យមានលទ្ធិប្រជាធិបតេយ្យ ពិតប្រាកដតាមរយៈ ការបោះឆ្នោត នៅពេលខាងមុខ ដែលលោកថាទើបអាចរកឃើញ ជនល្មើសដែលគប់គ្រាប់បែក លើក្រុមបាតុករកាលពីជិត២០ឆ្នាំមុន។ ក្នុងពិធីរំឭកខួបនៃព្រឹត្តិការណ៍ គប់គ្រាប់បែកសម្លាប់ បាតុករមុខរដ្ឋសភាកាលពី១៩ឆ្នាំមុន ដែលធ្វើឡើង នៅថ្ងៃទី៣០ខែមីនានេះ ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ដែលកំពុងនីរទេសខ្លួន ថ្លែងតាមវីដេអូខន់ហ្វឺរិន ពីក្រៅប្រទេសមកថា លោកនូវតែចាត់ទុកថា ការស្លាប់របស់ក្រុមអ្នកតវ៉ាពេលនោះ លោកថាប្រវត្តិសាស្ត្រនិងជាវីរភាព សម្រាប់យុវជនជំនាន់ក្រោយ ក្នុងការជំរុញឲ្យមានកំណែទម្រង់រដ្ឋ។ លោកបន្តថា៖ “សូមក្មួយៗកូនចៅទាំងអស់ចង់ចាំ អំពីយុវជនដូចគ្នា ទាំងសិស្ស ទាំងនិស្សិត ទាំងកម្មករដែលបានតស៊ូ ដើម្បីយុត្តិធម៌ពេលនោះ យើងនឹងសម្រេចទាំងប្រជាធិបតេយ្យ ចាប់ពីឆ្នាំ២០១៧និង២០១៨។ ដូច្នេះខ្ញុំសុំអំពាវនាវ ឲ្យយុវជនទាំងអស់ មានស្មារតីរឹងមាំនឹងដល់ការលះបង់ ពលីកម្មរបស់យុវជន ថ្ងៃ៣០មីនាឆ្នាំ១៩៩៧”។ ប្រភព៖ VODHOTNEWS

មេធាវី CNRP កំពុងរៀបចំពាក្យប្ដឹងហើយ តែលោក ស្រី ចំរើន ប្រកាសថា មិនភ័យខ្លាច

មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានបញ្ជាក់ថា មេធាវីគណបក្សលោកកំពុងរៀបចំឯកសារដើម្បីដាក់ពាក្យប្ដឹងលោក ស្រី ចំរើន ដែលបានដឹកនាំក្រុមអ្នកតវ៉ា ដោយក្លែងបន្លំអត្តសញ្ញាណគណបក្សខ្លួន។ ថ្លែងចំពោះមុខអ្នកកាសែតនៅព្រឹកនេះអ្នកនាំពាក្យរូបនេះ បញ្ជាក់ដូច្នេះថា៖«យើងត្រូវប្ដឹងព្រោះយើងស្គាល់មេក្រុម ឯចំពោះអ្នកពាក់អ្នកកាន់ទង់យើងអត់ស្គាល់ទេ ដូចនេះធម្មតាកាលណាមានក្រុម មានមេក្រុម មេក្រុមត្រូវទទួលខុសត្រូវហើយ រឿងទាំងឡាយណាក៏ដោយ។ មេធាវីរបស់គណបក្សកំពុងតែរៀបចំសិក្សា»។ ប្រភព៖ ThmeyThmey

ឯកឧត្តម កឹម សុខា មានចំណុចច្រើនស្រដៀងសម្តេច ហ៊ុន សែន តែខុសច្រើនពីឯកឧត្តម រង្ស៊ី

បន្ទាប់ពីវិភាគ លើអត្តចរិត ចំណុចខ្លាំង និងចំណុចខ្សោយរបស់សម្តេច ហ៊ុន សែន និងឯកឧត្តម សម រង្ស៊ី ហើយ អ្នកវិភាគលោក អ៊ូ វីរៈ បានបន្តវិភាគ ទៅលើអត្តចរិតរបស់ឯកឧត្តម កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ។ លោក អ៊ូ វីរៈ យល់ថា អត្តចរិតរបស់ឯកឧត្តម កឹម សុខា មានចំណុចច្រើន ស្រដៀងនឹងសម្តេច ហ៊ុន សែន តែខុសគ្នាច្រើន នឹងចរិតឯកឧត្តម សម រង្ស៊ី។ ចំណុចសំខាន់ៗ ដែលអ្នកវិភាគលោក អ៊ូ វីរៈ មើលឃើញថា ចរិតរបស់ឯកឧត្តម កឹម សុខា ស្រដៀងគ្នាច្រើននឹងចរិតសម្តេច ហ៊ុន សែន នោះ គឺឯកឧត្តម កឹម សុខា ជាមនុស្សឈ្លាសវៃ ឆាប់យល់ រាប់អានមនុស្សជុំវិញខ្លួន និងសួរយោបល់ពីអ្នកដទៃច្រើន។ «លោក កឹម សុខា គាត់នៅក្នុងប្រទេស ជិតស្និទ្ធជាមួយពលរដ្ឋ លោកមានសន្តានចិត្តច្រើន រាប់អានមនុស្សជុំវិញ មានមនោសញ្ចេតនាខ្ពស់។ ត្រង់ន័យនេះ គាត់ស្រដៀងនឹងលោក ហ៊ុន សែន ដែរ»។ នេះជាការបញ្ជាក់របស់លោក អ៊ូ វីរៈ ទន្ទឹមនឹងអត្ថាធិប្បាយថា ឯកឧត្តម កឹម សុខា មានចំណុចខុសគ្នាច្រើនពីឯកឧត្តម សម រង្ស៊ី ដែលជាដៃគូរបស់លោក។ ប្រភព៖ ThmeyThmey

កម្ពុជាសាទរប្រមុខបក្សប្រឆាំងមីយ៉ាន់ម៉ាដែលត្រូវតែងតាំងជារដ្ឋមន្ត្រីការបរទេស

រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ដែលជិតផុតអាណត្តិ លោក ហោ ណាំហុង នៅថ្ងៃទី៣០ ខែមីនា សម្ដែងការអបអរសាទរចំពោះប្រមុខបក្សប្រឆាំងនៃប្រទេសមីយ៉ាន់ម៉ា (Myanmar) អ្នកស្រី អ៊ុង សាន ស៊ូជី (Aung San Suu Kyi) ក្រោយពេលអ្នកស្រីត្រូវបានរដ្ឋាភិបាល ដែលកើតចេញ ពីការបោះឆ្នោតប្រជាធិបតេយ្យ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា តែងតាំងជារដ្ឋមន្ត្រីក្រសួងការបរទេស។ លោក ហោ ណាំហុង ថ្លែងក្នុងលិខិតផ្ញើទៅកាន់អ្នកស្រី អ៊ុង សាន ស៊ូជី ដោយបង្ហាញនូវក្ដីរំពឹងថា ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរនឹងនៅបន្ត ព្រមទាំងរីកចម្រើនទៅមុខ ដើម្បីផលប្រយោជន៍ទៅវិញទៅមក ដល់ប្រជាជននៃប្រទេសរៀងខ្លួន ក្នុងបរិបទនៃការកសាង សហគមន៍សេដ្ឋកិច្ចអាស៊ាន។ ប្រភព៖ RFA

លោក ហ៊ុន សែន ចង់ចងសម្ពន្ធភាព ជាមួយក្រុមអ្នកកាសែត

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់ចងសម្ពន្ធភាព ជាមួយអ្នកកាសែត ដែលបញ្ជាក់ថា លោកពេញចិត្តសកម្មភាពរបស់ក្រុមអ្នកសារព័ត៌មាន។ លោក ហ៊ុន សែន ថ្លែងដូច្នេះ ក្នុងពេលលោកទទួលពានរង្វាន់ «សន្តិភាព និងការអភិវឌ្ឍ» ដែលផ្ដល់ដោយ សហព័ន្ធអ្នកសារព័ត៌មានអាស៊ាន(Union Media ASEAN-UMA) នាទីស្ដីការគណៈរដ្ឋមន្ត្រី ថ្ងៃទី២៩ ខែមីនា។ លោក ហ៊ុន សែន ក៏មានគម្រោងណាត់ជួបអ្នកកាសែតមួយឆ្នាំម្ដង ដើម្បីជជែកគ្នាផង បរិភោគបាយជុំគ្នាផងដែរ៖ «វិធីល្អជាងគេ គឺការជួបជុំមានទទួលទានអាហារ និងរាំកម្សាន្តតែម្តងទៅ អស់លោកលោកស្រីមិនបាច់ព្រួយបារម្ភទេ រដ្ឋមន្ត្រីក្រសួងព័ត៌មាន យើងខ្ញុំពូកែរៀបចំណាស់រឿងនេះ សុំឯកឧត្តម ខៀវ កាញារីទ្ធ ពិនិត្យមើលតើមានប៉ុន្មាន ដើម្បីយើងកំណត់ តើគួរជួបគ្នានៅណា ជួបគ្នាផង ជជែកគ្នាផង សួរគ្នាផងទើបឆ្ងាញ់បាយ»។ លោក ហ៊ុន សែន ថែម ទាំងអះអាងថា លោកជានាយករដ្ឋមន្ត្រី ដែលជួបអ្នកកាសែតច្រើនជាងគេ។ លោក រំពឹងថា ការជួបជុំគ្នា ជាមួយក្រុមអ្នកកាសែតនេះ មិនរងការចោទប្រកាន់ថា លោកទិញទឹកចិត្តអ្នកកាសែតនោះទេ។ ប្រភព៖ RFA

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]