ខេត្តរតនគិរី ៖ ឃោរឃៅដោយសារតែរឿងប្រាក់៤០ម៉ឺនរៀល ប្រពន្ធបានក្លាយជាឃាតករ ដោយការយកកូនកាំបិតចុងស្រួចចាក់សម្លាប់ប្តីនៅក្រោមផ្ទះ លោកមេភូមិនាវេលាពាក់កណ្តាលអធ្រាត្រ ។ ទោះបីជាបែបណា ស្ត្រីជាប្រពន្ធត្រូវបានប៉ូលិសស្រុកកូនមុំចាប់ខ្លួន ។ ប៉ុន្តែអ្វីដែលគួរឱ្យស្រយុតក្នុងចិត្តនោះ គឺកូនប្រុសតូចៗ២នាក់ក៏ត្រូវទៅជាមួយម្តាយក្នុងអធិការ ដ្ឋាននគរបាលដែរ ។

រឿងរ៉ាវនេះបានកើតឡើងនៅថ្ងៃទី១៦ សីហា វេលាម៉ោង១២និង៤០នាទីរំលងអធ្រាត្រនៅក្រោមផ្ទះលោកមួន អឿង ជាមេភូមិ២ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ។ មន្ត្រីប៉ូលិសស្រុកកូនមុំបានឱ្យដឹងថា បុរសជាប្តីឈ្មោះសាន មុំ អាយុ៣៤ឆ្នាំ និងស្ត្រីជាប្រពន្ធឈ្មោះកែវ សាវី ហៅសាវេន អាយុ៣៨ឆ្នាំ ជាកសិករ ។ សមត្ថកិច្ចប៉ូលិសដដែលបានបន្តទៀតថា សមត្ថកិច្ចបានចុះទៅដល់ផ្ទះកើតហេតុទាំងយប់ ដើម្បីធ្វើការត្រួតពិនិត្យសាកសពឃើញមានស្នាមរបួសតែមួយ កន្លែង គឺចាក់ចំលើដោះខាងឆ្វេង (បេះដូង) ដោយសារប្រពន្ធយកកូនកាំបិតចុងស្រួចចាក់លិចជម្រៅមួយចង្អាម បណ្តាលឱ្យហូរឈាមដាប និងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

ស្ត្រីជាប្រពន្ធបានសារភាពប្រាប់ប៉ូលិសថា នៅមុនពេលកើតហេតុ វេលាម៉ោង៣ទៅ៤រសៀលប្តីបានទៅទារលុយថ្លៃលក់ឈើពីគេជំពាក់ បានលុយ៤០ម៉ឺនរៀល ហើយប្តីមិនចូលផ្ទះទេ ព្រោះរវល់ដើរផឹកស្រាស ។ ពេលដឹងថាប្តីដើរផឹកខ្លួនជាប្រពន្ធខឹងក៏ផឹកស្រាសតែ ម្នាក់ឯង អស់១លីត្រដែរ គឺអង្គុយផឹកចាប់ពីម៉ោង៥ទៅ៦ល្ងាច ទើបឈប់ផឹក ។ ស្ត្រីជាប្រពន្ធបានសារភាពបន្តថា ស្រាប់តែនៅម៉ោង៨យប់ប្តីក៏មកដល់ផ្ទះឮក្នុងស្ថានភាព ស្រវឹងស្រាយ៉ាងខ្លាំង ។ ពេលសួររកលុយប្តីនិយាយរបៀបតាក់តុប ព្រោះចាយអស់ ក៏បានឈ្លោះប្រកែកគ្នា និងជេរប្រមាថគ្នាកប់ៗមាត់ផ្អើលអ្នកភូមិ ។ ប្រពន្ធបន្តថា ប្តីបានធាក់ខ្លួនជាប្រពន្ធ៣ទៅ៤ជើងចំមុខបណ្តាលឱ្យហើម ខ្ទង់ច្រមុះជាំខៀវ ក្រោយពីធាក់ ខ្លួនជាប្រពន្ធហើយ ប្តីបានគេចខ្លួនចេញពីផ្ទះទៅសំងំដេកនៅក្រោមផ្ទះលោក មេភូមិធ្វើព្រងើយ ។  ដោយមានកំហឹងនឹងប្តីចាយលុយអស់ហើយ និងធ្វើបាបខ្លួនទៀត នៅពាក់កណ្តាលយប់ខ្លួនក៏យកកូនកាំបិតចុងស្រួចតាមរក ប្តីឃើញកំពុងដេកក៏ចាក់សម្លាប់តែម្តង ។

លោកមួន អឿង ជាមេភូមិបានឱ្យដឹងថា នៅយប់នោះគាត់ជាម្ចាស់ផ្ទះបានដេកលង់លក់ម្តងមកហើយ ដោយដេកជិតជនរងគ្រោះគ្រែតែមួយ២នាក់ ស្រាប់តែឮសំឡេងស្ត្រីជាប្រពន្ធនោះស្រែកសួរគាត់រកប្តី ហើយគាត់ក៏ប្រាប់ថា រកប្តីធ្វើអីវាដេកលក់ហើយ ។ ស្រាប់តែឮសូរសំឡេងបុរសជាប្តីស្រែកអូយជួយផង ពេលនោះគាត់ជាម្ចាស់ផ្ទះបើកភ្លើងពិលបញ្ចាំងសំដៅទៅជន រងគ្រោះឃើញមានឈាមហូរពេញខ្លួនទៅហើយ ។ ពេលនោះគាត់ឃើញស្ត្រីជាប្រពន្ធមានបំណងចាក់ប្តីម្តងទៀត គាត់ជាម្ចាស់ផ្ទះក៏ចាប់ដៃស្ត្រីជាប្រពន្ធដកហូតយកកូន កាំបិតចេញ ក្រោយមកបាន១៥នាទីប្តីដែលត្រូវប្រពន្ធចាក់នោះបានដាច់ខ្យល់ ស្លាប់ទៅ ។ ចំណែកប្រពន្ធជាឃាតករសម្លាប់ប្តីក៏ត្រូវបានសមត្ថកិច្ច ប៉ូលិសស្រុកកូនមុំចាប់ខ្លួនទាំងយប់ផងដែរ ។

លោកមេភូមិបន្តទៀតថា ក្រុមគ្រួសារនេះក្នុងមួយខែឈ្លោះប្រកែកគ្នា២៨ថ្ងៃទៅហើយ ។ ពីរនាក់ប្តីប្រពន្ធនេះមានកូនប្រុស២នាក់នៅតូចៗទាំងអស់ កូនច្បងមានអាយុ៨ឆ្នាំ ។ ពេលនេះឪពុកស្លាប់ ម្តាយជាប់គុក តើវាសនាកូនទាំង២ទៅជាយ៉ាងណា ? ចំណែកប៉ូលិសកំពុងកសាងសំណុំរឿងបញ្ជូនស្ត្រីជាឃាតករសម្លាប់ ប្តីទៅតុលាការផ្តន្ទាទោសតាមច្បាប់ ឯកូនតូច២នាក់ទំនងទៅជាមួយម្តាយដែរហើយ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]