ខេត្តកំពង់ចាម ៖ បុរសអ្នករត់ម៉ូតូឌុបម្នាក់ឈ្មោះឡេង រ៉ាត អាយុ៣៦ឆ្នាំ រស់នៅក្នុងភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខណៈទៅបង់សំណាញ់នៅមាត់ទន្លេមេគង្គ ត្រង់ចំណុចមុខវត្តដីដុះ ក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ស្រាប់តែជាប់ម៉ូតូស្មាសវី ពណ៌ខ្មៅ ១គ្រឿងថ្មីសន្លាង ។ ហេតុការណ៍នេះធ្វើឱ្យមានការភ្ញាក់ ផ្អើលឡើងកាល ពីវេលាម៉ោង៣និង២៧នាទីរសៀលថ្ងៃទី១៦ សីហា ហើយម៉ូតូត្រូវបានសមត្ថកិច្ចយកមករក្សា ទុកនៅប៉ុស្តិ៍វាលវង់ជាបណ្តោះអាសន្នដើម្បីស្វែងរកម្ចាស់ ។

តាមលោកណោ ចាន់នី នាយរងប៉ុស្តិ៍រដ្ឋបាលសង្កាត់វាលវង់ឱ្យដឹងថា ខណៈពេលរូបលោកកំពុងធ្វើការនៅប៉ុស្តិ៍ក៏មាន ប្រជាពលរដ្ឋមករាយការណ៍ប្រាប់ថា មានគេបង់ សំណាញ់នៅមុខវត្តដីដុះ ជាប់បានម៉ូតូស្មាស១គ្រឿង ដែលដោះ ក្បាំងចេញសល់តែតួ ។ ក្រោយពេលទទួលបានព័ត៌មាននេះ លោកក៏ចុះទៅជាបន្ទាន់និងឃើញពិតមែន ដែលគេបង់សំណាញ់នៅចម្ងាយពីច្រាំងទន្លេប្រមាណ២ម៉ែត្រ និងជម្រៅទឹកប្រហែលជា១ម៉ែត្រ ហើយម៉ូតូនេះត្រូវបានលោកសំ ផាត អធិការនគរបាលក្រុងកំពង់ចាមឱ្យ យកមករក្សាទុកបណ្តោះអាសន្ននៅប៉ុស្តិ៍វាលវង់ ។

លោក ណោ ចាន់នី បញ្ជាក់ថា ម៉ូតូនេះមានលេខតួ ១១១៦៦៥ អាចត្រូវបានជនសង្ស័យ ណាម្នាក់ជិះមកប្លុងចោលនៅក្នុងទន្លេ កាលពីយប់ថ្ងៃទី១៥ សីហា ដូច្នេះប្រសិនបើបងប្អូនណាបាត់ម៉ូតូមានភិនភាគដូចខាងលើ សូមមេត្តាមកទាក់ទងនៅប៉ុស្តិ៍ វាលវង់នឹងទទួលបានព័ត៌មានលម្អិត ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]