ភ្នំពេញ ៖ លោក ជួន ណារិន្ទ នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១២ កម្លាំងរបស់លោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យម្នាក់ វេលាម៉ោងប្រហែល ១៧និង០០នាទី នៅចំណុចមុខព្រលាន យន្ដហោះ ពោធិ៍ចិនតុង ក្នុងករណីអំពើប៉ុនប៉ងមនុស្សឃាត កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១២ វេលាម៉ោង ១២និង៥០នាទី រំលងអធ្រាត្រ នៅចំណុចផ្ទះសំណាក់សម្បត្ដិផល បន្ទប់លេខ៥១៦ ជាន់ទី៥ ផ្លូវលេខ១៥០ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ។

លោក ជួន ណារិន្ទ បានបន្តថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ សាន សុផល ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត ភូមិដំរិល ស្រុកអូរាំងឪ ខេត្ដកំពង់ចាម ទីលំនៅសព្វថ្ងៃផ្ទះលេខ ២១៣ ផ្លូវ ១៩ ភូមិ១១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើ បានសារភាពថា “ មុនពេលផ្ទុះអាវុធនៅផ្ទះសំណាក់សម្បត្ដិផលនោះ គឺដោយសារ មានទំនាស់ជាមួយឈ្មោះ ធា ម្ដងរួចមកហើយ ដោយសារ នៅថ្ងៃទីមិនចាំ ខែកញ្ញា ឆ្នាំ២០១១ វេលាម៉ោងប្រហែល ០៤និង០០ ទៀបភ្លឺ ដោយឈ្មោះ សាន សុផល បានណាត់ឱ្យឈ្មោះ សី ភេទស្រី ត្រូវជាសង្សារឈ្មោះ ធា មកយកលុយដែល សាន សុផល ធ្លាប់បានខ្ចីវិញ នៅម្ដុំក្រោយវិទ្យាល័យ ព្រះស៊ីសុវត្ថិ ពេលជួបគ្នា ខ្លួនបានហុចលុយដែលបានខ្ចីចំនួន ១១០ដុល្លារ ទៅឲ្យទៅឈ្មោះ សី ពេលនោះឈ្មោះ ធា និងមិត្ដភក្ដិ ០២នាក់ទៀត មិនស្គាល់ឈ្មោះ បានមកដល់ ហើយឈ្មោះ ធា បានស្ទុះមកវាយលើខ្លួនជាច្រើនដៃ ច្រើនជើង និងបានយកទូរស័ព្ទ ខ្សែក និងលុយរបស់ខ្លួនមួយចំនួន ក្រោយមកខ្លួនបានរត់ដោះខ្លួនចេញទៅផ្ទះខ្ញុំបាត់។ ក្រោយមកគំនុំនេះខ្លួនបានគុំទុក ក្នុងចិត្ដជានិច្ច រង់ចាំឱកាសល្អនឹងសងសឹកវិញ រហូតមកដល់ថ្ងៃទីមិនចាំ ក្នុងខែកក្កដា ឆ្នាំ២០១២ វេលាម៉ោងប្រហែល ១២និង៣០នាទីរំលងអធ្រាត្រ មានមិត្ដភក្ដិរបស់ខ្លួនម្នាក់ឈ្មោះ ឌី បានទូរស័ព្ទមកប្រាប់គេថា ឈ្មោះ ធា កំពុងស្នាក់នៅក្នុងផ្ទះសំណាក់សម្បត្ដិផល បន្ទប់លេខ៥១០ ជាន់ទី ៥ ឮដូចនេះ ឈ្មោះ សាន សុផល បានបបួលមិត្ដភក្ដិម្នាក់ ឈ្មោះ វីន ឲ្យទៅជាមួយ ពេលទៅដល់ផ្ទះសំណាក់ ក៏បានចូលទៅបន្ទប់លេខ ៥១០ ពេលបើកទ្វារបន្ទប់បានឃើញ ឈ្មោះ ធា ,  ឈ្មោះ សី ត្រូវជាសង្សារ ឈ្មោះ ធា , ឈ្មោះ ស្មៀន និងឈ្មោះ បុល ត្រូវជាមិត្ដភក្ដិ ពេលនោះគេបានសួរនាំឈ្មោះ ធា ថា “ កាលពីលើកមុន (មួយឆ្នាំ កន្លងមក) ហេតុអ្វីបានជាឯងវាយអញ ឈ្មោះ ធា មិនបានតបវិញឡើយ  ពេលនោះរូបគេ បានដកកាំភ្លើងខ្លីម៉ាក កា-៥៤ ចេញពីចង្កេះវាយទៅលើក្បាល ឈ្មោះ ធា មួយស្នាប់កាំភ្លើង និងបន្ដវាយមួយស្នាប់កាំភ្លើងទៀត តែឈ្មោះ ធា បានគេចត្រូវចំខ្នង បណ្ដាលឲ្យ រាលកៃផ្ទុះចំនួន ០១គ្រាប់ ធ្វើឲ្យឈ្មោះ ធា ត្រូវគ្រាប់រងរបួស តែមិនដឹងថា ត្រូវចំកន្លែងណាទេ  បន្ទាប់មករូបគេ បានចុះពីលើបន្ទប់ ផ្ទះសំណាក់ ដើម្បីគេចខ្លួនមកនៅតាមផ្ទះសំណាក់ នៅជាយក្រុង រហូតមកដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១២ វេលាម៉ោងប្រហែល ១៦និង៣០នាទី ពេលធ្វើដំណើរ ចេញពីម្ដុំពេទ្យលោកសង្ឃ ដើម្បីទៅលេងមិត្ដភក្ដិ ឈ្មោះ វណ្ណា នៅម្ដុំមុខព្រលានយន្ដហោះ ពោធិ៍ចិនតុង ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក៏ត្រូវសមត្ថកិច្ច ឃាត់ខ្លួន និងនាំមកកាន់ ការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់តែម្ដង” ។

ជនសង្ស័យបានសារភាពទៀតថា ចំពោះអាវុធខ្លីម៉ាក កា-៥៤ ដែលរូបគេបាន វាយលើឈ្មោះ ធា បណ្ដាលឱ្យរាលកៃត្រូវរបួសនោះ រូបគេបានយកកាំភ្លើងនោះ ទៅបោះចោល នៅមុខវិទ្យាល័យសន្ធរម៉ុក បាត់ហើយ។

ក្រោយពីធ្វើការសាកសួរចប់ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ  បានធ្វើការប្រគល់ជនសង្ស័យខាងលើ ឱ្យទៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដែលជាម្ចាស់ ករណី ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]