អាស៊ែបៃហ្សង់៖ នេះគឺជារឿងដ៏មានប្រយោជន៍មួយសម្រាប់នារីៗ ដែលចង់ថែរក្សារាងដ៏ស្រឡូន របស់ពួកគេ ជាពិសេសគឺអ្នក ដែលមានបុត្រទៅហើយនោះ អាចមើលបាន និងរៀនតាមវិធីសាស្ត្រ របស់ស្ត្រីនៅក្នុងវីដេអូម្នាក់នេះ ដើម្បីអាចសម្រេច គោលបំណងថែរក្សារាង ឲ្យបាននៅស្អាតល្អ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ស្ត្រីម្នាក់មានឈ្មោះ Jennifer Gelman កើតនៅឯ រដ្ឋកាលីហ្វ័រញ៉ា ដែលសព្វថ្ងៃនេះ រស់នៅក្នុងប្រទេសអាស៊ែបៃហ្សង់ មានអាយុ៤០ឆ្នាំ និងមានកូន៤នាក់ បានកំពុងធ្វើឲ្យមនុស្សជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង តាមរយៈវិធីសាស្ត្រក្នុងការ ហាត់ប្រាណបើទោះជា នាងមានភាពរវល់ក្នុងការ មើលថែកូនៗយ៉ាងណាក្តី។

Jennifer ឆ្លៀតហាត់ប្រាណ ពេលកំពុងមើលថែកូន

នៅក្នុងវីដេអូនោះ យើងអាចបានឃើញថា បើទោះជា Jennifer រវល់យ៉ាងខ្លាំងក្នុងការ ធ្វើកិច្ចការផ្ទះ មើលថែកូនទាំង៤ របស់នាង ដែលមានឈ្មោះថា Ethan (អាយុ៨ឆ្នាំ), Adam (អាយុ៦ឆ្នាំ), Max (អាយុ៤ឆ្នាំ) និង Gavin (អាយុ២ឆ្នាំ) ក៏នាងអាចឆ្លៀតពេលទាំងនោះ ដើម្បីធ្វើការហាត់ប្រាណ ប្រកបដោយភាពរលូន និងរីករាយយ៉ាងខ្លាំង ហើយជាពិសេសនោះ កូនៗទាំង៤របស់នាង ក៏បានជួយនាង ដើម្បីសម្រេចគោលបំណង របស់នាងផងដែរ។

Jennifer ក៏បាននិយាយថា “ថ្វីបើខ្ញុំក្លាយជាម្តាយ និងត្រូវចំណាយពេលជាច្រើន ដើម្បីមើលថែកូនៗ និងធ្វើកិច្ចការផ្ទះនោះ ក៏មិនមែនមានន័យថា វាជាឧបសគ្គ សម្រាប់ការហាត់ប្រាណ ដើម្បីសុខភាព និងថែរក្សារាងនោះដែរ ដូច្នេះហើយខ្ញុំក៏ចាប់ផ្តើម បង្ហាញសកម្មភាព របស់ខ្ញុំនៅក្នុងវីដេអូនេះ ដើម្បីអាចបង្ហាញ ជូនទៅដល់នារីៗ ដទៃទៀត”។

Jennifer បានបន្តទៀតថា “ក្នុងនាមជាឪពុកម្តាយ យើងត្រូវការ កម្លាំង ស្មារតី និងភាពអំណត់ខ្ពស់ ដូច្នេះហើយវិធីសាស្ត្រនេះ អាចមានការលំបាក តែយូរៗទៅវានឹងក្លាយ ជារឿងធម្មតា ឬក៏ក្លាយទៅជា សកម្មភាពរីករាយ ផងដែរ”។ គូសបញ្ជាក់ផងដែរថា វីដេអូដែលបង្ហាញពី សកម្មភាពហាត់ប្រាណរបស់ Jennifer ទទួលបានការ ចាប់អារម្មណ៍ខ្លាំង និងមានការចូលទស្សនា ច្រើនមែនទែន៕

តោះចង់ដឹងថា វីដេអូនោះយ៉ាងណា សូមទស្សនាទាំងអស់គ្នា៖

ប្រភព៖ ដេលីម៉េល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]