បាត់ដំបងៈ ក្មេងស្រីអាយុ១៦ឆ្នាំម្នាក់បានធ្វើអត្តឃាតដោយចងក សម្លាប់ខ្លួន កាលពី វេលាម៉ោង៩យប់ ថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១២ នៅលើបន្ទប់ ដេកជាន់ឡៅតឿ ផ្ទះលេខ ៤៦ អឺក្រុមទី២៦ ភូមិព្រែកមហាទេព សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបងដោយ បានប្រើខ្សែដុំសាកថ្មទូរស័ព្ទដៃ ចងជាមួយដែកដំបូលបន្ទប់ ដោយគេអះអាង ថា ព្រោះតែតូចចិត្តខឹងនិងឪពុកម្តាយ ស្តីបន្ទោសពេលនាងដើរលេងក្រៅផ្ទះ ណាមួយទំនងជាខឹង និង ឪពុក ម្តាយ បង្ខំឲ្យយកប្តីទាំងខ្លួន នៅវ័យក្មេងផងក៏មិនដឹង?។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះដែលធ្វើអត្តឃាតចងក សម្លាប់ខ្លួន មានឈ្មោះមាស ច័ន្ទ អារុណរស្មី ភេទស្រី អាយុ១៦ឆ្នាំ មានទីលំនៅផ្ទះលេខ៤៦អឺ ក្រុម ទី២៦ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ប្រភពក្រៅផ្លូវការពីអ្នកជិតខាង បានខ្សឹបខ្សៀវគ្នា ពីកន្លែងកើតហេតុបានឲ្យដឹងថា ក្មេងស្រីរងគ្រោះ ត្រូវបាន ឪពុកម្តាយបញ្ឈប់លែងឲ្យរៀនសូត្រ ដោយបាន ភ្ជាប់ពាក្យជាមួយ អណិកជនខ្មែរ នៅបរទេសម្នាក់ ហើយនឹង ត្រូវរៀបការជាមួយគ្នា នាពេលខាងមុខនេះ ទាំងបង្ខំដោយក្មេងស្រីរងគ្រោះមិនបានស្រឡាញ់នោះទេព្រោះ បុរសម្នាក់នោះ មាន អាយុចាស់ជាងខ្លួនច្រើន។

ប្រភពបន្តថា តាំងពីក្មេងស្រីរងគ្រោះបានភ្ជាប់ពាក្យរួចមក ឪពុកម្តាយហាមមិនឲ្យដើរលេងផ្ទះមិត្តភក្តិ ឬដើរ លេង រហេតរហូតនោះទេ ពេលនាងបានចេញពីផ្ទះដើរលេងពេលណា ពេលត្រឡប់មកផ្ទះវិញ គឺត្រូវបាន ឪពុកម្តាយស្តីបន្ទោស ឬវៃប្រដៅស្ទើរ រៀងរាល់ លើក មិនដែលខានទេ។ ក្មេងស្រីរងគ្រោះតែងតែមកនិយាយ ប្រាប់អ្នកជិត ខាងគ្រប់ពេល ហើយនាងរស់នៅដោយមានការកៀបសង្កត់ផ្លូវចិត្ត និងផ្លូវកាយគ្មាន សេរីភាព ពីអាណាព្យាបាលរាល់ពេល រស់នៅមិនដូចកូនអ្នកដ៏ទៃឡើយ។

ជាក់ស្តែងនៅថ្ងៃកើតហេតុវេលាម៉ោងប្រហែល៦ល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១២ ក្មេងស្រីរងគ្រោះបាន ចេញទៅលេងផ្ទះអ្នកជិតខាង(ផ្ទះមិត្តភក្តិស្រី)ពេលត្រឡប់មក ផ្ទះវិញក៏ត្រូវឪពុកស្តីបន្ទោសយ៉ាងចាស់ដៃ ធ្វើឲ្យ ក្មេងស្រីរងគ្រោះកាន់ តែអស់សង្ឈឹម គ្មានទឹកចិត្តចង់រស់រានមានជីវិតតទៀតឡើយ។ លុះដល់អំឡុង ម៉ោងប្រមាណជា៩យប់ ថ្ងៃដដែល ក្មេងស្រីរងគ្រោះបានយកកាំបិត អារក ដៃរបស់ខ្លួនរួចរត់ចូលបន្ទប់ទឹក ហើយ ឡើងទៅលើបន្ទប់ ឡៅតឿយកខ្សែដុំសាកថ្មទូរស័ព្ទដៃ មកចងកជាប់ និងដែកដំបូល បន្ទប់បណ្តាលឲ្យ ស្លាប់តែម្តង។

ក្រោយមកក្រុមគ្រួសារបានដឹងថាជនរងគ្រោះចងក សម្លាប់ខ្លួនហើយ ពួកគេបាន ត្រៀម ដឹកសពចេញយក ទៅដាក់វត្តដែលនៅជិតផ្ទះដើម្បីធ្វើបុណ្យ តែរឿងនេះត្រូវ បានសមត្ថកិច្ចនិងអ្នកសារព័ត៌មានដឹង ហើយ សមត្ថកិច្ចជំនាញបានសុំចូលត្រួតពិនិត្យ សពនិងធ្វើកោសល្យវិច័យតាមជំនាញច្បាប់ តែត្រូវម្ចាស់ផ្ទះឈ្មោះ មិល យួង អតីត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង (ចូលនិវត្តន៍) និងក្រុមគ្រួសារបានរារាំង មិនអនុញ្ញាតិ ឲ្យចូលពិនិត្យឡើយ ដោយលោកបានអះអាងថា មិនបាច់ពិនិត្យឡើយ ព្រោះជារឿងក្រុមគ្រួសារ របស់គាត់ ហើយគាត់ជាគ្រូពេទ្យស្រាប់ (ទន្តបណ្ឌិត)ទាំងលោក មិល យួង និងក្រុមគ្រួសារ បានស្រែកស្តី ឲ្យសមត្ថកិច្ច ដោយយកដៃច្រានចេញ មិនឲ្យចូលក្នុងផ្ទះទេ មិនតែប៉ុណ្ណោះក្រុមគ្រួសារ បានស្រែកគំរាម ដាក់អ្នកសារ ព័ត៌មានថា បើអាណា! ហ៊ានថតចុះកាសែតពួកគេនឹងប្តឹងកាសែតនោះព្រមទាំងប្រមាថយក ស្បែកជើងចោល មកលើក្បាលអ្នកសារព័ត៌មានចំពោះមុខសមត្ថកិច្ចទៀតផង។

ការរារាំងនេះធ្វើឲ្យសមត្ថកិច្ចមានសភាពតានតឹងកាន់តែខ្លាំងដោយម្ចាស់ផ្ទះមិនសហការជាមួយសមត្ថកិច្ច ឡើយ។ ក្រោយពីមានសភាពមិនល្អនេះកើតឡើងហើយ លោកវរសេនីយ៌ឯក ជេត វណ្ណនី ស្នងការរង បានសុំ យោបល់លោកស្នងការស ថេត និងលោកព្រះរាជអាជ្ញានួន សានដើម្បីមាន ចំណាត់ការ។ ក្រោយមកលោក ព្រះរាជអាជ្ញាបាន បញ្ជាឲ្យលោកព្រះរាជអាជ្ញារង តូច សុភក្តី ចុះផ្ទាល់ដើម្បីសុំម្ចាស់ផ្ទះឲ្យមន្រ្តីជំនាញ បច្ចេក ទេសវិទ្យាសាស្រ្ត នគរបាលក្រុងបាត់ដំបង ចូលពិនិត្យសព និងធ្វើកោសល្យវិច័យតាមផ្លូវច្បាប់។

លោក អាត់ រី  នាយផ្នែកបច្ចេកទេសវិទ្យាសាស្រ្តនគរបាលក្រុងបាត់ដំបង បានបញ្ជាក់ថា ក្រោយពីលោកបាន ពិនិត្យ និងធ្វើកោសល្យវិច័យ លើសាកសព ក្មេងស្រីរង គ្រោះរួចមកឃើញថា សពក្មេងស្រីរងគ្រោះ ពិតជាធ្វើ អត្តឃាតចងក សម្លាប់ខ្លួនពិត ប្រាកដមែន ហើយ បានធ្វើកំណត់ហេតុប្រគល់សព ជូនក្រុមគ្រួសារ ដើម្បីធ្វើ បុណ្យតាមប្រពៃណី។

លោក តូច សុភក្តី ព្រះរាជអាជ្ញារងបានបញ្ជាក់ថា ចំពោះសមត្ថកិច្ចជំនាញចុះ មកពិនិត្យ និងធ្វើកោសល្យ វិច័យលើសព ទោះជាសពនោះស្លាប់ដោយសារអ្វីក៏ដោយ ច្បាប់បានកំណត់ឲ្យ ត្រូវតែត្រួត ពិនិត្យរបស់ សមត្ថ កិច្ចជំនាញគ្រប់កន្លែងអញ្ចឹង ហើយ មិនមែនការពិនិត្យនេះខុសពីទម្រង់ច្បាប់នោះទេ តែម្ចាស់ផ្ទះគាត់មិនយល់ ទើបគាត់ មិនចង់សហការ ជាមួយសមត្ថកិច្ចនោះគឺខុសច្បាប់ទៅវិញទេ។ លុះត្រាតែមានអាថ៌ កំបាំងអ្វីដែល ម្ចាស់ផ្ទះលាក់លៀម ពីសមត្ថកិច្ចទើបមិនចង់ឲ្យគេចូលត្រួតពិនិត្យ។

ពាក់ព័ន្ធទៅនិងប្រភពព័ត៌មាន មួយចំនួនខាងលើនេះ អ្នកយកព័ត៌មានមិនអាច សុំការបំភ្លឺ ពីក្រុមគ្រួសារ ក្មេង ស្រីរងគ្រោះបានទេ ព្រោះពួកគាត់បានខឹង នឹងអ្នកសារព័ត៌ មាននៅយប់កើតហេតុ ម្យ៉ាងទៀត អ្នកព័ត៌មាន មិនចង់រំខានដល់ក្រុមគ្រួសារសពដែល កំពុងមានទុក្ខនិងរវល់ធ្វើបុណ្យផងទើបមិនអាចទៅសុំធ្វើការបំភ្លឺ៕

ដោយ៖ជាយក្រុង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]