ខេត្តពោធិ៍សាត់ ៖ ក្រុមគ្រួសារមួយដែលមានឪពុក កូនស្រី និងកូនប្រុសត្រូវក្រុមចោរមិនស្គាល់មុខចូលទៅបាញ់ចាក់ និងវាយ បណ្តាលឱ្យរងរបួសធ្ងន់ ព្រមទាំងយកសម្ភារអស់មួយចំនួនទៀត ។ អំពើប្លន់នេះបានកើតឡើងកាលពីថ្ងៃទី១៦ សីហា ២០១២ វេលាម៉ោង៧និង៤៥នាទីយប់នៅខ្ទមចម្ការ ស្ថិតក្នុងភូមិប្រហាល ឃុំតាលោ ស្រុកបាកាន ។

លោកអនុសេនីយ៍ទោ អ៊ុក សុស នាយប៉ុស្តិ៍រដ្ឋបាលតាលោឱ្យដឹងថា ជនរងគ្រោះ ១-ឈ្មោះចូច ចេង ភេទប្រុស អាយុ៤៥ឆ្នាំ ជាឪពុក រងរបួសត្រូវគ្រាប់កាំភ្លើងមួយគ្រាប់ចំចង្កេះខាងឆ្វេងធ្លាយទៅ ស្តាំ ២-ឈ្មោះចេង គីវ ភេទស្រី អាយុ២២ឆ្នាំជាកូនត្រូវចោរចាក់មួយកាំបិតចំភ្លៅខាងស្តាំ និង៣-ឈ្មោះចេង សុភ័ក្ត្រ ភេទប្រុស អាយុ១៨ឆ្នាំ ជាកូនត្រូវចោរវាយនឹងដំបងជ្រុងរបួសបែកក្បាល ។

តាមការសាកសួរពីជនរងគ្រោះជាឪពុកឱ្យដឹង ថា នៅយប់ថ្ងៃកើតហេតុនោះគាត់រួមជាមួយកូនស្រី និងកូនប្រុសទាំង៣នាក់នៅឯដីចម្ការភូមិប្រហាល ឯប្រពន្ធនៅផ្ទះក្នុងភូមិច្រាំងបាក់ឯណោះ ។ ខណៈពេលគាត់កំពុងតែលើកឈើគ្រឿងផ្ទះតំរៀបដាក់លើគោយន្ត ដើម្បីដឹកយកមកផ្ទះនោះស្រាប់តែឃើញមនុស្ស៤នាក់ ក្នុងនោះ៣នាក់បានដើរចូលមកដោយមានកាន់អាវុធខ្លីធុន K54 ចំនួន២ដើម ឯម្នាក់ទៀតឈរនៅយាមផ្លូវខាងក្រៅ ពេលចូលមកដល់ខ្មាន់កាំភ្លើងម្នាក់បានបាញ់ឡើងលើ២គ្រាប់ ឃើញដូច្នេះគាត់ក៏រត់ចេញត្រូវគ្នាវាម្នាក់ទៀតបាញ់មួយគ្រាប់ ចំចង្កេះខាងឆ្វេងតែម្តង ។ បន្ទាប់មកពួកវាបានចាប់ខ្លួនកូនស្រីរបស់គាត់ដោះយកខ្សែ.ក ប្លាទីនមួយខ្សែ និងលុយ១០ម៉ឺនរៀល ព្រមទាំងចាក់មួយកាំបិតចំភ្លៅខាងស្តាំថែមទៀត នៅពេលដែលកូនប្រុសរបស់គាត់ចូលទៅជួយត្រូវពួកវាវាយនឹងឈើជ្រុង រងរបួសបែកក្បាល រួចហើយនាំគ្នាដើរចេញទៅវិញបាត់អស់ដោយយកទូរស័ព្ទមួយគ្រឿង ថែមទៀត ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]