ខេត្តកំពត ៖ ប៉ូលិសបានធ្វើការឃាត់ខ្លួនបុរសម្នាក់ដែលជាឪពុកក្មេងប្រុស អាយុ៧ឆ្នាំ ដែលត្រូវបានសម្លាប់យ៉ាងអាណោចអាធ័មមើលទៅគួរឱ្យព្រឺ ដោយសង្ស័យថា បុរសម្នាក់នេះជាអ្នកសម្លាប់កូនប្រុសរបស់ខ្លួន ដោយវះពោះ កាត់ដៃ និងខ្វេះភ្នែក ។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោងជិត៧យប់ថ្ងៃទី១៥ សីហា ២០១២ ហើយមកដល់ពេលនេះប៉ូលិសកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

បុរសជាឪពុកសម្លាប់កូនខ្លួនឯងម្នាក់នេះឈ្មោះ កឹម វិត អាយុ៤៣ឆ្នាំ មានកូន៧នាក់ ជាអ្នកចេះមន្តអាគម ចេះអំពើអាប ធ្មប់ បានសារភាពប្រាប់ប៉ូលិសថា រូបគាត់ជាអ្នកសម្លាប់កូនប្រុសឈ្មោះវ៉ែន សុធា អាយុ៧ឆ្នាំ ពិតប្រាកដមែន... ការសម្លាប់នេះមិនមែនមកពីស្អប់ ឬកុំគួនអ្វីនោះទេ គឺមកពីខ្លួនពេលនោះយល់តែភាពខ្មៅងងឹត កំរោលចូល ដូចមានអ្វីមួយអូសទាញឱ្យទៅសម្លាប់កូនខ្លួនឯងអញ្ចឹង ។

បុរសវិបល្លាសរូបនេះបញ្ជាក់ថា ពេលទាញកាំបិតសម្លាប់កូន គឺមើលឃើញកូនទៅជាសត្វជ្រូកទៅវិញ ពេលនោះខ្លួនមានអារម្មណ៍ថា វះពោះជ្រូក កាត់ដៃ និងខ្វេះភ្នែកសត្វជ្រូកឯណោះទេ មិនដឹងថា កូនខ្លួនឯងឡើយ... ទម្រាំដឹងខ្លួនហួសពេលទៅហើយ ។

បុរសកំរោលចូលឱ្យដឹងទៀតថា ពេលដឹងថាកូនស្លាប់ ខ្លួនមានអារម្មណ៍ភ័យរន្ធត់ផងដែរ ក៏បំភ្លៃសភាពការណ៍ថា បាត់កូនប្រុសអាយុ៧ឆ្នាំ ហើយប្រាប់បងប្អូនប្រជាពលរដ្ឋក្នុងភូមិ និងប៉ូលិសឱ្យជួយស្វែងរក និងប្រាក់កូនប្រុសច្បងមួយទៀតឱ្យជួយស្វែងរក ប៉ុន្តែរកមិនឃើញនោះទេ... រហូតដល់វេលាម៉ោងជាង៥ល្ងាចថ្ងៃទី១៥ សីហា ២០១២ ទើបខ្លួននឹកស្តាយ អាណិតកូន មិនដាច់អាល័យក៏សម្រេចចិត្តទៅយកសពកូនដែលខ្លួនលាក់ទុកក្នុង គម្ពោតព្រៃចម្ងាយប្រហែលជាង១០០ម៉ែត្រពីផ្ទះ មកធ្វើបុណ្យតាមប្រពៃណី ។

ចំណែកប៉ូលិសបានឱ្យដឹងថា ប៉ូលិសចាប់ផ្តើមសង្ស័យលើបុរសជាឪពុកនេះ ត្រង់ចំណុចថា គាត់ជាអ្នកដឹងកន្លែងដែលគេយកសពកូនទៅលាក់ទុកក្នុងគម្ពោត ព្រៃ និងយកសពកូនស្ងាត់ៗមកផ្ទះដោយខ្លួនឯង ដូច្នេះប៉ូលិសឃាត់ខ្លួនតែម្តងទៅ... ដំបូងឡើយ បុរសនេះមិនព្រមសារភាពទេ ប៉ុន្តែប៉ុន្មានម៉ោងក្រោយមកទើបគាត់សារភាពថា គាត់ពិតជាអ្នកសម្លាប់កូនខ្លួនឯងយ៉ាងព្រៃផ្សៃប្រាកដមែន តែវាជាអំពើទមិឡ ឬកំរោលចូលតែប៉ុណ្ណោះ មិនមែនគាត់ប្រព្រឹត្តដោយចិត្តឃោរឃៅរបស់ខ្លួនឯងនោះទេ ។

គួរបញ្ជាក់ថា ដំបូងឡើយត្រូវបានគេភ្ញាក់ផ្អើលថា ក្មេងប្រុសម្នាក់ត្រូវជនមិនស្គាល់មុខកាប់ស្លាប់នៅឯរោងចាំ សំណាបចម្ងាយជាង១០០ម៉ែត្រពីផ្ទះ ស្ថិតនៅក្នុងភូមិត្រពាំងបី ឃុំតាកែន ស្រុកឈូក ដែលសពកុមាររងគ្រោះត្រូវបានឪពុកម្តាយប្រទះឃើញកាលពីវេលាម៉ោង ជាង៥ល្ងាចថ្ងៃទី១៥ សីហា ។ កុមាររងគ្រោះឈ្មោះវ៉ែន សុធា អាយុ៧ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។

តាមសម្តីម្តាយកុមាររងគ្រោះបានឱ្យដឹងថា នៅវេលាម៉ោង២រសៀលកូនប្រុសរបស់ខ្លួនបានទៅចាំសំណាបដែលមាន ចម្ងាយជាង១០០ម៉ែត្រ ពីផ្ទះ។ ស្ត្រីជាម្តាយបន្តថា លុះវេលាម៉ោងជាង៥មិនឃើញកូនត្រឡប់មកផ្ទះវិញ ក៏ដើរទៅមើលស្រាប់តែឃើញកូនដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោច អាធ័មបំផុត ដោយត្រូវជនដៃដល់កាប់នឹងកាំបិតចំក្រោមដោះរយះដល់ពោះធ្លាយពោះ វៀន និងដាច់ដៃឆ្វេងម្ខាងបាត់រកអត់ឃើញ តែទីបំផុត គឺឪពុកជាអ្នកសម្លាប់ទៅវិញសោះ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]