ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម កម្ពុជា នាព្រឹកថ្ងៃសុក្រ ទី១៧ ខែសីហា ឆ្នាំ២០១២ បានបើកសម្ភោធពិធីតំាង ពិពរណ៍មួយ នៅមជ្ឈមណ្ឌលកោះពេជ្រ ដែលមានតំណាងក្រុមហ៊ុន និងរោងចក្រជាច្រើន ចូលរួមជាមួយនឹង ផលិតផលឧបករណ៍ប្រើប្រាស់ ដ៏សម្បូរបែប។

ក្នុងឱកាសបើកសម្ភោធ លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្មបានថ្លែងថា ពិព័រណ៍ ដែល មានរយៈ ពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ ថ្ងៃទី២០ ខែសីហា មានការចូលរួមពីបណ្តាក្រុមហ៊ុនជាង ២០០ ដែលមកពី ប្រទេសចំនួន ២០ដែលក្នុងនោះរួម កម្ពុជា ជាម្ចាស់ផ្ទះ ប្រទេសចិន សហរដ្ឋអាមេរិក និងប្រទេសជាច្រើនទៀត ជាងនេះទៅទៀត ក៏មានស្តង់ ទំាងអស់ចំនួន ៣០០ ដែលលើកនេះមានលក្ខណៈទ្រង់ទ្រាយធំ ខណៈដែលពីមុន មានតែស្តង់ជិត ២០០ប៉ុណ្ណោះ។

លោក ម៉ៅ ថូរ៉ា បាននិយាយថា «វេទិកានេះជាវេទិកាមួយ ដែលយើងហៅថាវេទិការវាងពាណិជ្ជករ និងពាណិជ្ជករ ដែលគួរឲ្យកត់សម្គាល់ និងមានសារៈសំខាន់ចំពោះបណ្តាអ្នកផលិត អ្នកទិញ ពាណិជ្ជករ អ្នកចែកចាយព្រមទំាង សម្រាប់មន្រ្តីរដ្ឋាភិបាលផងដែរ»។ «ព្រឹត្តិការណ៍នេះពាណិជ្ជកម្មនេះ នឹងត្រួសត្រាយផ្លូវសម្រាប់ប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មគ្រឿងម៉ាស៊ីន នៅពេលបច្ចុប្បន្ន និងពេលអនាគតជាមួយនឹងបច្ចេកវិទ្យាទំនើបទាន់ សម័យ»។
ជាងនេះទៅទៀតលោក ក៏បានលើកឡើងនូវអតា្រកំណើនតម្លៃពាណិជ្ជ កម្មបរទេសក្នុងរយៈពេល ០៦ខែ ដំបូង ឆ្នាំ២០១២ គឺបានកើនឡើង ១៦ភាគរយ បើធៀបកាលពីឆ្នាំ២០១១ រយៈពេលដូចគ្នា និងរំពឹងថានឹងមានកំណើន  ៦,៦ភាគរយ នៅឆ្នាំ២០១២នេះ។

ជាមួយគ្នានោះដែរ លោកស្រីតំណាងក្រុមហ៊ុន Yorkers Trade & Marketing Service Co., Lted ហុងកុង ដែលជាអ្នករៀបចំកម្មវិធីនេះឡើង ក៏បានលើកឡើងដែរថា ពិពរណ៍លើកនេះ គឺមានលក្ខណៈធំជាងមុន ដែល មានម៉ាស៊ីនឧស្សាហកម្មធំៗ និងម៉ាស៊ីនទំនើបៗជាច្រើន ប្រភេទ និងជាលើកទីបួនហើយ នៃការតំាងបង្ហាញ ម៉ាស៊ីនសម្រាប់ឧស្សាហកម្ម មកពី ប្រទេសជប៉ុន តៃវ៉ាន់ និងកម្ពុជា។

លោកស្រីបន្ថែមថា «ការពិពរណ៍នេះមិនត្រឹមតែទាញយកការយកចិត្តទុកដាក់ ពីកម្ពុជា ប៉ុណ្ណោះ គឺនៅក្នុង ទីតំាងអាស៊ាន ហើយជាព្រឹត្តិការណ៍ដែលយើងត្រូវធ្វើរាល់ឆ្នាំ មិនអាច ខាន បាននៅខែសីហានេះ»។

សម្ភារៈដាក់តាំងបង្ហាញនោះមានជាអាទិ៍ៈ សម្លៀកបំពាក់ និងវាយនភណ្ឌ ស្បែកជើង និង ស្បែក ក្រណាត់ និងឧបសាធន ប្លាស្ទីកនិងកៅស៊ូ ការបោះពុម្ព និងការវេចខ្ចប់ ការកែច្នៃម្ហូបអាហារ គ្រឿងបរិក្ខារពេទ្យ គ្រឿងលោហៈ និងស្វ័យប្រវត្តិ ឧបករណ៍ និងគ្រឿងដែក សេវាកម្ម និងគ្រឿងឧបករណ៍កសិកម្ម៕

ដោយៈ សៅ ដារ៉ានី

ផ្តល់សិទ្ធដោយ ដើមអម្ពិល

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]