ទឹកភ្នែកខ្មោច (បទកាកគតិ)
១. អន្ធការរាត្រី   ពពករីងរៃ    កប់បាត់ដួងខែ
បាំងបិទរស្មី    នៃពន្លឺស្នេហ៍    វាលស្រូវវាលស្រែ
ប្រែងងឹតឈឹង។
២. ស្រមោលអន្ធការ    ហោះលើវេហាស៍    ស្ទើរលោះព្រលឹង
រុក្ខទេវតា    សញ្ជប់សញ្ជឹង    ខ្មោចទារព្រលឹង
ចេះសញ្ជឹងគិត។
៣. បិទភ្នែកស្រមៃ    ចេះតែមមៃ    អាប់ក្រៃដួងចិត្ត
ដល់ណាខែភ្លឺ    មេឃឈប់ងងឹត    ឱ! កម្មជីវិត
ចិត្តអើយលិចលង់។
៤. ធ្លាប់តែហ៊ឺហារ    ដើរយប់ហិង្សា    ថាឆ្លាតមិនល្ងង់
មិនស៊ូអត់ធ្មត់    ខឹងខុសទោសធ្ងន់    ភ្លាត់ធ្លាក់អន្លង់
ទើបដឹងថាខុស។
៥. ស្លាប់ទៅជាខ្មោច    កេរឈ្មោះអសោច    មួយជាតិជាប្រុស
រស់នៅភ្លេចខ្លួន    សូន្យព្រោះកំហុស    ភ្ញាក់ដឹងថាទោស
នរកជ្រុលទៅហើយ។
៦. ចង់ងើបមិនបាន    បាបទាំងប៉ុន្មាន    លង់លិចឥតត្រើយ
កាលខ្លួនជាមនុស្ស    បុណ្យគេចកន្តើយ    ឃើញហើយងាកងើយ
ឈ្លើយមិនខ្ចីធ្វើ។
៧. បើបាបទៅជិត    សប្បាយកៀកកិត    ពេញគ្រប់ទង្វើ
ក្អាកក្អាយកក្អឹក    ពួតដៃគ្នាធ្វើ    ឃើញបុណ្យធ្វើភ្លើ
ពុំស្មើធ្វើបាប។
៨. កាច់កុងកាប់ចាក់    ប្រមាថទាត់ធាក់    អួតអាងសម្លាប់
កាំបិតដាវផ្គាក់    ញាក់ឥតខ្លាចស្លាប់    ដេញគ្នាយារកាប់
ទើបស្កប់ចិត្តស្ទាវ។
៩. កណ្តាលអធ្រាត្រ    ផ្កាយរះព្រោងព្រាត    ដល់មាន់រងាវ
ឮតែសំឡេង    ស្រែកហ៊ោរកញ្ជ្រៀវ    យុវជនឈាមរាវ
រងាវឥតទ្រាន់។
១០. ឥឡូវហួសហើយ    ចង់ត្រឡប់ក្រោយ    ក៏វិលមិនទាន់
បាបឥតលើកលែង    វិលបកជិះជាន់    សងវិញគ្រប់គ្រាន់
ឥតខ្វះចន្លោះ។
១១. ខ្មោចស្រក់ទឹកភ្នែក    ទួញសោកយំយែក    ដោយភាពក្រៀមក្រោះ
នឹកឡើងសែនស្តាយ    មិនគួរឡើយសោះ    សាងរឿងមិនស្មោះ
អាប់យសគ្រួសារ។
១២. ដោយក្តីស្រលាញ់    មុនចូលខ្ទះខ្លាញ់    ខ្មោចស្រែកផ្តាំថា
ធ្វើអ្វីក៏ដោយ    ឲ្យមានមនសិការ    ទើបជាតិថ្លៃថ្លា
សង្ខារជួបសុខ។


សៀមរាប ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០០៣
និពន្ធដោយ៖ លាក់ ម៉ាឡែន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក និពន្ធ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]