បុរសចំណាស់ជាអ្នករត់ម៉ូតូឌុបម្នាក់ពេលឃើញអតីតប្រពន្ធ ដែលទើបលែងលះមានគូថ្មីឌុបឱបចង្កេះគ្នា ទំនងជាប្រចណ្ឌក៏បានផ្ទុះកំហឹង បើកម៉ូតូទៅស្ទាក់ផ្លូវរករឿងច្រានទ្រូងដាក់គ្នា និងជេរប្រមាថគ្នាបែកផ្សែងនៅតាមដងផ្លូវ ។ទោះបីជា
យ៉ាងណា ភាគីទាំងនេះពុំបង្កឱ្យមានអំពើហិង្សាធំដុំទេ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទីរសៀលថ្ងៃទី១៦ សីហា ឆ្នាំ២០១២នៅតាមផ្លូវជាតិលេខ៥ មុខឃ្លាំងសាំងសូគីម៉ិច សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ និងបង្កឱ្យមានការភ្ញាក់ផ្អើលពីអ្នកដំណើរផងដែរ។ បុរសនោះឈ្មោះពេជ្រ ប៉ិច អាយុ៤៨ឆ្នាំ ជាអ្នករត់ម៉ូតូឌុប មានលំនៅ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។ ចំណែកអតីតប្រពន្ធឈ្មោះជិន សាមេន អាយុ៣៥ឆ្នាំ ជាកម្មករកាត់ដេរ ។

តាមសាក្សីនៅកន្លែងកើតហេតុឱ្យដឹងថា ស្រ្តីខាងលើត្រូវបុរសម្នាក់ដែលគេស្គាល់ឈ្មោះម៉ុនជិះម៉ូតូសេ១០០កូរ៉េមួយគ្រឿង ឌុបគ្នាតាមផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង ។ នៅពេលកំពុងធ្វើដំណើរ ស្រាប់តែមានបុរសចំណាស់ម្នាក់ជិះម៉ូតូម៉ាកសេ១០០កូរ៉េមួយគ្រឿងតាមពីក្រោយ ហើយស្ទាក់ផ្លូវជេរប្រមាថគ្នាចាស់ដៃដោយ ចោទស្រ្តីម្នាក់នោះថា នាងឯងមាន  សហាយបានជាលែងលះគ្នាចុះចោលផ្ទះ។ ការទាស់ទែងឈានទៅច្រានទ្រូងគ្នាទៅវិញទៅមកជាមួយប្រុសម្នាក់ដែលគេចោទថា ជាប្រុសស្នេហ៍នោះ ប៉ុន្តែពុំបង្កឱ្យកើតមានអំពើហិង្សាឡើយ ។

តាមឈ្មោះពេជ្រ ប៉ិច អតីតប្តីឱ្យដឹងថា គាត់និងស្រ្តីឈ្មោះជិន សាមេន បានរៀបការរស់នៅជាមួយគ្នាជាប្តីប្រពន្ធតាំងពីឆ្នាំ១៩៩០ ដោយមានកូនប្រុសស្រី៥នាក់ ។ ការរស់នៅជាមួយគ្នារយៈពេលមួយឆ្នាំចុងក្រោយនេះ មិនមានសេចក្តីសុខនោះទេដោយស្រ្តីជាប្រពន្ធមានសហាយ ហើយចេះតែរករឿងបង្កទំនាស់គ្នាក្នុងគ្រួសារ ។ ការទាស់គ្នាក្នុងគ្រួសារធ្វើឱ្យជីវិតប្តីប្រពន្ធ ដែលមានកូនរហូតដល់៥នាក់ស្លាប់ម្នាក់សល់៤នាក់ បានឈានដល់ផ្លូវបំបែក និងបានឯកភាពលែងលះ ដោយនាំគ្នាទៅផ្តិតមេដៃនៅត្រឹមសាលាសង្កាត់គីឡូម៉ែត្រលេខ៦កាលពីប្រមាណ២ខែមុន ។

បុរសនោះបន្តទៀតថា ទោះបីមានការលែងលះគ្នាក្តីគាត់់ពុំអស់ចិត្តទេ ។ លុះនៅមុនពេលកើតហេតុនេះ គាត់ប្រទះឃើញស្រ្តីជាអតីតប្រពន្ធមានប្រុស ដែលជាសហាយឌុបគ្នាកាត់មុខទើបគាត់មានកំហឹង ហើយបានជិះម៉ូតូទៅរករឿងតែម្តង ។ បន្ទាប់ពីឈ្លោះគ្នាមួយសន្ទុះស្រ្តីរូបនោះក៏ជិះម៉ូតូទៅបាត់ ។គួរបញ្ជាក់ដែរថា បុរសជាអតីតប្តីស្ថិតក្នុងស្ថានភាព ស្រវឹងបានរករឿងជេរបញ្ចោរគ្នាទៅវិញទៅ មកនៅតាមដងផ្លូវបង្កឱ្យគេតាមមើលមុខគ្រប់គ្នា ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]