បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ក្មេងទំនើង២ក្រុមបានផ្ទុះហិង្សាដាក់គ្នានៅកន្លែងរាំធុងបាស់ក្នុង ពិធីសែនព្រេនកូនកំលោះ-ក្រមុំ១គូ នៅក្នុងភូមិស្វាយពក ឃុំមៀន ស្រុកអូររាំងឪ កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៥ សីហា បណ្តាលឱ្យយុវជនម្នាក់ឈ្មោះហឿន ជំនោរ អាយុ២១ឆ្នាំ រស់នៅភូមិមេឡូ ឃុំមៀន រងរបួសធ្ងន់ និងក្រោយមកក៏បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុកអូររាំងឪ ។

លោកញែ៉ម សុខុម អធិការនគរបាលស្រុកអូររាំងឪ ប្រាប់ឱ្យដឹងថា នៅភូមិ-ឃុំខាងលើនាថ្ងៃនោះមានគេរៀបចំសែនព្រេន ដល់គូស្វាមីភរិយាវ័យចំណាស់១គូ តាមប្រពៃណីខ្មែរ ហើយនៅពេលយប់មានជាក់ធុងបាស់រាំកម្សាន្តលេង ដោយមានអ្នកភូមិផងរបងជាមួយមកចូលរាំសប្បាយផងដែរ ។ ខណៈពេលកំពុងរាំលេងនោះ ស្រាប់តែមានក្មេងទំនើង២ក្រុមឈ្លោះប្រកែកគ្នាទៅវិញទៅមក ហើយក្រុមនៅភូមិព្រៃសំបួរ ឃុំមៀននេះដែរ បានយកអាវុធចុងស្រួចមកចាក់ត្រូវពោះរបស់យុវជនឈ្មោះជំនោរ នៅចម្ងាយប្រហែល២០ម៉ែត្រពីវង់រាំ ។ បន្ទាប់មកអ្នករងរបួសត្រូវបានសាច់ញាតិនាំទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកអូររាំងឪ តែដោយរបួសធ្ងន់ពេក គ្រូពេទ្យមិនអាចសង្គ្រោះបានក៏ស្លាប់ទៅ ។

លោកញ៉ែម សុខុម បញ្ជាក់ថា ចំពោះមូលហេតុដែលឈានដល់ផ្ទុះហិង្សានេះ គឺបណ្តាលមកពីមានជម្លោះរវាងគ្នាទៅវិញទៅមកនាពេលកន្លងមក ។ លុះពេលឃើញគ្នានៅកន្លែងរាំសែនព្រេនក៏បញ្ចេញកំហឹងដាក់គ្នា ទើបក្រុមភូមិព្រៃសំបួរ យកអាវុធចុងស្រួចមកចាក់ត្រូវពោះអ្នករងគ្រោះបណ្តាលឱ្យស្លាប់ ។ ពេលនេះ មន្ត្រីជំនាញកំពុងស្រាវជ្រាវតាមចាប់ខ្លួនក្រុមជនដៃដល់ ដើម្បីនាំខ្លួនមកផ្តន្ទាទោសតាមច្បាប់ ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]