បញ្ចូលអត្ថបទ ៖ ស្រីណា កោះ 

រថយន្តម៉ាកកូរ៉េដឹកដី ពណ៌សមួយគ្រឿងចំណុះ២តោនកន្លះដែលអ្នកបើកបរមាន សភាពស្រវឹង បើកមកពីទិសខាងកើតលើកំណាត់ផ្លូវជាតិលេខ៣ កំពត-ខេត្តព្រះសីហនុ លុះមកដល់ចំណុចគល់ស្ពានព្រែកកំពង់បាយប៉ែកខាងកើត ក៏បានបុកម៉ូតូម៉ាកវ៉េវមួយគ្រឿងមានមនុស្សជិះ៣នាក់បើកបញ្ច្រាស ទិសគ្នា ពីលិចទៅកើតបណ្តាលឱ្យទាំងមនុស្សនិងម៉ូតូដួល ដេករដូករណែល ពេញផ្លូវ រួចរថយន្តបានហួសទៅមុខជិត១០ម៉ែត្រជ្រុលទៅបុកម៉ូតូសេ១២៥ ស៊េរី២០០៨មួយគ្រឿងទៀត ជិះឌុបគ្នា៣នាក់ បណ្តាលឱ្យទាំងម៉ូតូ និងមនុស្សរងរបួសនិងខូចខាតយ៉ាងដំណំរួចរថយន្តកល់ជាប់ ខឿនស្ពានទៅមុខលែងរួច ព្រមទាំងក្អួតចេញស្រាបៀរមួយកេសពីកាប៊ីនរថយន្តផង ។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៨និង២០នាទីយប់ថ្ងៃទី១៥ សីហា នៅចំណុចលើស្ពានព្រែកកំពង់បាយប៉ែកខាងកើត ក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ។ ក្រោយពេលកើតហេតុភាគីខាងរថយន្តជិះគ្នា៣នាក់ តែសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់នាំទៅកាន់ការិយាល័យចរាចរណ៍នៃស្នងការដ្ឋានខេត្តដើម្បីសួរនាំ ។ ម៉ូតូរងគ្រោះទី១ ម៉ាកវ៉េវ ពណ៌ក្រហម បើកបរដោយឈ្មោះ ជា សុខា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ អ្នកជិះពីក្រោយ២នាក់ឈ្មោះ ឡេះ ឡាយទី ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត និងម្នាក់ទៀតឈ្មោះ ឈុន ចិត្រា ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ។

ចំណែកម៉ូតូ១គ្រឿងទៀតម៉ាកសេ១២៥ សេ៊រី២០០៨ ពណ៌ខ្មៅ អ្នករងគ្រោះ១-ឈ្មោះចាន់ ស៊ីម៉ាក់ ភេទប្រុស អាយុ២០ឆ្នាំ របួសធ្ងន់ ២-ឈ្មោះសៅ សុធារិទ្ធ អាយុ២៥ឆ្នាំ អ្នកបើកបរ របួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្នំពេញអ្នកទាំង២រស់នៅភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត  និងទី៣-ឈ្មោះ ម៉ៅ លីនីន ភេទប្រុស អាយុ១៥ឆ្នាំ របួសស្រាល រស់នៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ។

សរុបហេតុការណ៍ខាងលើអ្នករងរបួសធ្ងន់មាន២នាក់ មធ្យម និងស្រាល៤នាក់ ។ រីឯយានយន្តទាំង៣គ្រឿងខូចខាតយ៉ាងដំណំត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលខេត្តរង់ចាំភាគីទាំងពីរមកដោះស្រាយតាមផ្លូវច្បាប់ ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]