ក្រុមចោរប្រដាប់ដោយកាំភ្លើងអាកា១ក្រុម បានធ្វើសកម្មភាពប្លន់ផ្ទះដង្ខៅគោម្នាក់ជាមួយនឹង ការបាញ់គំរាម៣ទៅ៤គ្រាប់ប្រមូលយកអស់ ទ្រព្យសម្បតិ្តសន្ធឹកសន្ធាប់ទៅបាត់ ខណៈពេលម្ចាស់ផ្ទះ ខ្លះកំពុងធ្វើម្ហូប ខ្លះកំពុងងូតទឹក។ ក្នុងសកម្មភាពប្លន់នោះ ក្រុមចោរបានចាប់រុញបុរសជាម្ចាស់ផ្ទះ ផ្ទប់នឹងជញ្ជាំងផ្ទះបណ្តាលឱ្យបែកក្បាល និងយកម៉ូតូស៊េរីទំនើប២គ្រឿងជិះទៅផងដែរ ប៉ុន្តែដោយសារសមត្ថកិច្ចធ្វើការពួនស្ទាក់គ្រប់ច្រកល្ហក ទើបក្រុមចោរប្លន់ទុកម៉ូតូចោលនៅក្នុងស្រែ ខាងកើតផ្លូវជាតិលេខ៣១ចម្ងាយពី លំនៅឋានដែលប្លន់ប្រមាណ១០គីឡូម៉ែត្រ ។

ហេតុការណ៍ក្រុមចោរប្រដាប់ដោយកាំភ្លើងអាកាប្លន់ផ្ទះដង្ខៅគោនេះ បានកើតឡើងកាលពីថ្ងៃទី១៥ សីហា វេលាម៉ោង៦និង៤២នាទីល្ងាច នៅភូមិប្រឹសលើ ឃុំខ្វាវ ស្រុកទ្រាំង ។ លោកវរសេនីយ៍ទោសែម សុជាតិ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបានឱ្យដឹងថា ម្ចាស់ផ្ទះដែលត្រូវចោរប្លន់នេះ ប្តីឈ្មោះលឹម វន អាយុ៤៩ឆ្នាំ ត្រូវចោររុញផ្ទប់នឹងជញ្ជាំងថ្មបណ្តាលឱ្យរបួសក្បាល ឯប្រពន្ធឈ្មោះអ៊ុយ ញី អាយុ៥៩ឆ្នាំ គ្រួសារនេះជាអ្នកមានទ្រព្យសម្បត្តិធូរធារនៅក្នុងភូមិ ដោយសារប្តីជាអ្នករកស៊ីប្រមូលទិញគោពីស្រុកខ្មែរ ដឹកទៅលក់នៅវៀតណាម ។

លោកនាយការិយាល័យបានឱ្យដឹងទៀតថា ផ្ទះដង្ខៅគោដែលរងគ្រោះនេះធ្វើពីថ្មក្រោម ឈើលើ ប្រក់ក្បឿង ចំណែករបងផ្ទះចាក់បេតុងពីខាងមុខ តែសងខាងនិងខាងក្រោយជារបងបន្លាលួសធម្មតា ហើយក្រុមចោរចូលតាមរបងពីខាងត្បូងផ្ទះដោយកាត់បន្លាលួស ។ តាមប្រភពថា ពេលចូលទៅដល់ក្នុងផ្ទះមានការប្រវាយប្រតប់ជាមួយម្ចាស់ផ្ទះ ទើបក្រុមចោរប្លន់ភ្ជង់និងបាញ់គំរាម៣ទៅ៤គ្រាប់ ។ ក្រុមចោរត្រូវបានកត់សម្គាល់ថាមានបក្សពួក៥នាក់ ហើយក្នុងចំណោមនេះមានម្នាក់ បិទម៉ាស់មុខជិតនិង ប្រដាប់ដោយកាំភ្លើងអាកា១ដើម និងកាំភ្លើងខ្លីមិនស្គាល់ម៉ាក១ដើម។ ដោយសារមានការផ្ទុះអាវុធខ្លាចឮដល់សមត្ថកិច្ចនោះ ទើបពួកចោរធ្វើសកម្មភាពប្លន់តែ១៥នាទីប៉ុណ្ណោះ ។ តាមប្រភពព័ត៌មាននិយាយថា ទ្រព្យសម្បត្តិដែលចោរប្លន់យកទៅមានលុយ១០០លានរៀល និងជាង២.០០០ដុល្លារអាមេរិក ចំណែកគ្រឿងអលង្ការមានមាស១តម្លឹង៨ជី បា្លទីន១តម្លឹង៧ជី និងម៉ូតូស៊េរីទំនើបចំនួន២គ្រឿង គឺ១គ្រឿងម៉ាកឃ្លីក ស៊េរី២០១២ ពណ៌ខ្មៅ និង១គ្រឿងទៀតម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរី២០១២ ពណ៌ខ្មៅ ។

លោកនាយការិយាល័យបន្តទៀតថា អ្នកនៅក្នុងផ្ទះមានគ្នា៥នាក់ ហើយពេលចោរចូលទៅដល់ក្នុងផ្ទះ ក៏បានភ្ជង់គំរាមនិងបាញ់គំរាមមិនឱ្យអ្នកជិតខាងជួយអន្តរាគមន៍ រួចធ្វើសកម្មភាពប្រមូលទ្រព្យសម្បត្តិ ហើយគេចខ្លួនតែម្តង ។

លោកឧត្តមសេនីយ៍ត្រី អ៊ុក សំណាង ស្នងការនគរបាលខេត្តមានប្រសាសន៍ថា ក្រោយពេលកើតហេតុភ្លាម អធិការនគរបាលស្រុកបានរាយការណ៍មករូបលោក ពេលនោះលោកក៏បានបញ្ជាទៅនគរបាលស្រុកទ្រាំង និងនគរបាលស្រុកត្រាំកក់ និងសុំកិច្ចសហការពីនគរបាលស្រុកអង្គរជ័យ ខេត្តកំពត ព្រោះសង្ស័យថាក្រុមចោរអាចរត់ទៅចូលទឹកដីខេត្តកំពត ដោយធ្វើការពង្រាយកម្លាំងគ្រប់ច្រកល្ហកទាំងផ្លូវជាតិនិងផ្លូវលំ ។ ដោយក្រុមចោរប្លន់ដឹងថា សមត្ថកិច្ចអាចស្ទាក់ផ្លូវ ទើបពួកគេបើកម៉ូតូរត់តាមបណ្តោយផ្លូវលេខ៣១ ពីត្បូងទៅជើង លុះទៅដល់ចំណុចខ្លោងទ្វារវត្តសំណាបភូមិសូទៃ ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៨២ និងលេខ៨៣ ក៏បានប្លុងម៉ូតូចោលនៅខាងកើតថ្នល់ ។ លុះនៅវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី១៦ សីហា មានប្រជាពលរដ្ឋម្នាក់ឈ្មោះយឹម មាក ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅក្បែនោះគាត់មកមើលសន្ទូងរបស់គាត់ក៏បានឃើញម៉ូតូដែលចោរប្លុងចោលរួចរាយការណ៍មកនគរបាលប៉ុស្តិ៍ ហើយលោកក៏បានដឹកនាំកម្លាំងជំនាញធ្វើកោសល្យវិច័យរកខ្ចៅដៃរបស់ជនល្មើស ។ ម៉ូតូទាំងពីរគ្រឿងនេះត្រូវបានប្រគល់ឱ្យជនរងគ្រោះវិញ ។

លោកឧត្តមសេនីយ៍ត្រីអ៊ុក សំណាង បានបញ្ជាក់ថា ទោះជាបែបណាយើងនឹងឱ្យកម្លាំងជំនាញសហការជាមួយនគរបាលរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនទៀត ដើម្បីស្រាវជ្រាវវែកមុខចាប់ក្រុមចោរប្លន់នេះមកកាត់ទោសទៅតាមច្បាប់ ។បើតាមការសន្និដ្ឋានក្រុមចោរប្លន់ដែលប្លុងម៉ូតូចោលនេះអាចមានបក្សពួករបស់គេបើករថយន្តមកទទួលហើយទំនងជាក្រុមចោរឆ្ពោះចូលទៅរាជធានីភ្នំពេញ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]