លោកមេឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី បានស្លាប់ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍មួយលើផ្លូវជាតិលេខ៧ ក្នុងភូមិកាប៉ូ សង្កាត់អូរឫស្សី ក្រុងក្រចេះ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១២ សីហា ខណៈកំពុងដើរឆ្លងផ្លូវត្រូវរថយន្តសាំយ៉ុងបុកចំពីមុខ ។ ជនរងគ្រោះឈ្មោះសេវ ពើង អាយុ៦០ឆ្នាំ ជាមេឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី បានស្លាប់បន្ទាប់ពីរថយន្តសង្គ្រោះ របស់នគរបាលដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបានពីរម៉ោង ។

មន្ត្រីនគរបាលចរាចរបាននិយាយថា នៅថ្ងៃកើតហេតុ លោកមេឃុំបាននាំប្រពន្ធទៅព្យាបាលជំងឺនៅរាជធានីភ្នំពេញ ដោយធ្វើដំណើរតាមរថយន្តតាក់ស៊ី លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តតាក់ស៊ីបានឈប់ដើម្បីឱ្យអ្នកដំណើរបត់ ដៃបត់ជើងនៅចំណុចព្រៃដាច់ស្រយាលពីទីប្រជុំជន ។ នៅពេលរថយន្តតាក់ស៊ីឈប់ លោកមេឃុំបានដើរឆ្លងថ្នល់សំដៅទៅព្រៃម្ខាងដើម្បីបត់ជើងតូច ក៏ត្រូវរថយន្តសាំយ៉ុង ពណ៌ស បុកចំពីមុខពេញទំហឹងបណ្តាលឱ្យលោកមេឃុំផ្លោងបោកនឹងថ្នល់រងរបួសធ្ងន់ ហើយក៏ត្រូវរថយន្តសង្គ្រោះរបស់នគរបាលដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តភ្លាមៗដែរ តែដោយអាការធ្ងន់ពេក ក៏បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យបានរយៈពេលជាង២ម៉ោង ។

ប៉ូលិសចរាចរបានឱ្យដឹងថា បន្ទាប់ពីកើតហេតុ អ្នកបើករថយន្តបង្កបានរត់គេចខ្លួនបាត់ ហើយសពត្រូវបានក្រុមគ្រួសារដឹកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត ។ ចំណែករថយន្តបង្កហេតុត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តដើម្បីដោះស្រាយតាមនីតិវិធី ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]