កំពត ៖ បុរសជាឪពុកបង្កើត ត្រូវបានកម្លាំងនគរបាលស្រុកឈូក ខេត្តកំពត ឃាត់ខ្លួន នៅល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១២ នេះ បន្ទាប់ពីស្រាវជ្រាវរកឃើញថា ឪពុករូបនេះពិតជាបានសម្លាប់កូនប្រុសរបស់ខ្លួន ដោយផ្ទាល់ដៃ ដោយបានវះពោះ ចាប់ពីក្រោមចុងដង្ហើម រហូតដល់ផ្ចិត កាត់ដៃខាងឆ្វេង និងវាយបែកភ្នែកឆ្វេង ដែលមើលទៅ គួរឲ្យអាណោចអាធ័មជាទីបំផុត មិននឹកស្មានថា ឪពុកតិរច្ឆានរូបនេះ ពិតជាសម្លាប់កូនប្រុស របស់ខ្លួនទាល់តែសោះ។

អធិការនគរបាលស្រុកឈូក លោក ព្រហ្ម វាសនា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទថា បុរសជាឪពុក គឹម វិត អាយុ៤៣ឆ្នាំ ពិតជាបានសម្លាប់ កូនប្រុសរបស់ខ្លួន អាយុ៧ឆ្នាំ ដែលការសម្លាប់នេះ ស្ថិតនៅចម្ងាយ ១០០ម៉ែត្រពីផ្ទះរបស់ពួកគេ ស្ថិតនៅក្នុងភូមិត្រពាំងបី ឃុំតាកែន ស្រុកឈូក ខេត្តកំពត។

អធិការនគរបាលរូបនេះ បានបន្តទៀតថា ក្រោយពីការឃាត់ខ្លួនជនសង្ស័យជាឪពុករូបនេះ សមត្ថកិច្ចបាននាំរូបគេ ទៅយកដៃខាងឆ្វេងរបស់ក្មេងប្រុសរងគ្រោះ ដែលឪពុកតិរច្ឆាន យកទៅកប់ចោលនៅជិតដើមចេក ក្បែរផ្ទះ ហើយក្រោយពីការសួរដេញដោល ជននេះបានសារភាពថា ពិតជាបានសម្លាប់កូនប្រុសរបស់ខ្លួនមែន ។

បើយោងតាមអធិការនគរបាលរូបនេះ មូលហេតុដែលនាំឲ្យឪពុកសម្លាប់កូនប្រុសរបស់ខ្លួន ឈ្មោះ វ៉ែន សុធា អាយុ៧ឆ្នាំ ជាកូនប្រុសពៅ ក្នុងចំណោមបងប្អូន ៧នាក់នោះ គឺអាចបណ្តាលមកពីជំងឺសរសៃប្រសាទ ខណៈដែល សេចក្តីរាយការណ៍ផ្សេងទៀត បានឲ្យដឹងថា ឃាតកជាឪពុកខឹងមានទំនាស់ជាមួយប្រពន្ធ ។

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៥ ខែសីហា សពកុមារា វ៉ែន សុធា ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅចម្ងាយ ១០០ម៉ែត្រ ពីផ្ទះ ដោយមានស្នាម វះពោះពីក្រោម ចុងដង្ហើមមកផ្ចិត ដោយឃើញពោះវៀនធំលៀនចេញមកក្រៅ ស្នាមកាត់ដៃឆ្វេង និងវាយភ្នែកខាងឆ្វេងឡើងខ្វាក់ ដែលមើលទៅគួរឲ្យ អាណោចអាធ័មជាទីបំផុត ហើយមុនដំបូងគេនាំគ្នាផ្អើលថា មានករណីវះយកក្រលៀន ប៉ុន្តែធាតុពិតមិនមែននោះឡើយ។

បើយោងតាមអធិការ ព្រហ្ម វាសនា បច្ចុប្បន្នឃាតកជាឪពុកតិរច្ឆានរូបនេះ ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកឈូក ដើម្បីកសាង សំណុំរឿង បញ្ជូនទៅតុលាការ។

ទាក់ទិនករណីរនេះ មេបញ្ជាការអាវុធហត្ថ ខេត្តកំពត លោកឧត្តមសេនីយ៍ ទេព វណ្ណា បានបញ្ជាក់តាម ទូរស័ព្ទយ៉ាងខ្លីថា ឃាតកជាឪពុក គឺខាងនគរបាលជាអ្នកចាប់ ដូច្នេះសួរទៅខាងនគរបាលចុះ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ដោយ ៖ វ៉ាន់ ឌឿន

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]