សៀមរាប : កាលពីថ្ងៃទី២១ កុម្ភ: ឆ្នាំ២០១២ ក្រុមគ្រួសារ ញាតិមិត្តសពជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយ ដែលបណ្ដាលឲ្យយុវជនម្នាក់ស្លាប់ មានឈ្មោះ ហ៊ុម អួត អាយុ ២០ឆ្នាំ ជាកម្មករសំណង់ រវាងរថយន្ដ និងម៉ូតូ១គ្រឿង នៅវេលាម៉ោងប្រមាណ ៨ និង១៥នាទីយប់ថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១២ នៅលើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិភ្នៅ ឃុំសរសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។ គ្រោះថ្នាក់នោះបានបណ្តាលឲ្យយុវជនជាកម្មករសំណង់ ដែលបើកបរម៉ូតូ ស្លាប់ភ្លាមៗនៅកណ្តាលផ្លូវយ៉ាងអាណោចអាធ័មបំផុត ហើយរថយន្ដដែលបុកយុវជននោះ បានបើកគេចចេញពីកន្លែងកើតហេតុ។

មន្ត្រីនគរបាលស្រុកពួកបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ដកាម៉ារី ពាក់ស្លាកលេខ ភ្នំពេញ 2E-0151 មួយគ្រឿង របស់មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ឈ្មោះ ងួន បូរ៉ា ឋានន្តរសក្តិ អនុសេណីឯក  បានបុកម៉ូតូ សង់សេ១២៥ ស៊េរីឆ្នាំ២០០៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1E-1190 ដែលបើកបញ្ច្រាសទិសគ្នាពេញទំហឹង បណ្តាលឲ្យយុវជនជាកម្មករសំណង់ ស្លាប់ភ្លាមៗនៅកណ្តាលផ្លូវ។

បន្ទាប់មកមានមន្ត្រីនគរបាលស្រុកពួកបាន ទៅដល់ និងពិនិត្យ រួចបានប្រគល់សពយុវជននោះជូនក្រុមគ្រួសារ សាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ឯរថយន្ដ និងម៉តូបានយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកពួក ដើម្បីដោះស្រាយ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

លោកអនុសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក បានមានប្រសាសន៍តាមទូរស័ព្ទប្រាប់អ្នកយកព័ត៌មានដើមអម្ពិលថា ក្រុមការងាររបស់លោក កំពុងធ្វើការងារនេះ ហើយបានពិភាក្សា រាយការណ៍ជូនព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបរួចរាល់ហើយ ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីរបស់ច្បាប់ ចំពោះមនោសញ្ចេតនារវាងអ្នកបើកបរ ជាមួយគ្រួសារជនរងគ្រោះ សម្រាប់ធ្វើបុណ្យទាន ជាមនោសញ្ចេតនារបស់ពួកគាត់ ហើយនគរបាលលោកនៅតែបន្តកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីដោះស្រាយតាមច្បាប់ ។ ទោះជាយ៉ាងណាបើតាមច្បាប់ចរាចរផ្លូវគោក ករណីគ្រោះថ្នាក់ចរាចរដែលរថយន្ដបង្ករមិនទទួលខុសត្រូវ និងបើកគេចចេញពីកន្លែងកើតហេតុនោះ គឺមានទោស២ គឺ រដ្ឋប្បវេណី(សំណង) និងទោសព្រហ្មទណ្ឌ។ ចំណែកលោកអនុសេណីឯក តុង លក្ខិណា អធិការរងទទួលបន្ទុកចរាចរ បានមានប្រសាសន៍ថា មន្ត្រីនគរបាលនឹងពិនិត្យ ស្រាវជ្រាវករណីនេះបន្តឲ្យច្បាស់លាស់ រកឲ្យឃើញផងដែរថា គ្រោះថ្នាក់នោះបណ្ដាលមកពីមូលហេតុអ្វីពិតប្រាកដ តើមានភាគីណាមួយមានប្រើប្រាស់គ្រឿងស្រវឹង ឬគ្មាននោះ។

ចំពោះ ឈ្មោះម្ចាស់រថយន្ដដែលជាមន្ត្រីនគរបាល លោកទាំងពីរមិនបានចាំគោត្ដនាម ហើយពេលនេះលោកនៅខាងក្រៅ តែធ្លាប់ហៅថា បូរ៉ា ដឹងថាជាមន្ត្រី នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ។

ម្ដាយជនរងគ្រោឈ្មោះ សុខ ឡយ អាយុ ៤៩ឆ្នាំ រួមសាច់ញាតិ និងបងស្រី សុខ ណារី ដែលត្រូវជាបងប្អូនជីដូនមួយជនរងគ្រោះ បានឲ្យដឹងថា ភាគីខាងម្ចាស់រថយន្ដបាននិយាយភាសាមិនល្អ និងមិនមានការទទួលខុសត្រូវសោះ ចំពោះគ្រួសារជនរងគ្រោះ នៅពេលចូលទៅបំភ្លឺនៅឯអធិការដ្ឋាននគរបាលស្រុកពួក ហើយបាននិយាយថា ខ្លួនមិនខុសទេ គឺខាងជនរងគ្រោះម៉ូតូ ត្រូវសង់ខាងឡានគាត់វិញ រួចបងស្រីបាននិយាយតបវិញថា បើឲ្យពួកខ្ញុំសងឡានពូឯង ៗត្រូវសងជីវិតប្អូនខ្ញុំវិញមក ហើយមន្ត្រីនគរបាលនោះបន្ដនិយាយថាទោះបីឡើងទៅដល់ថ្នាក់ណាក៏មិនឈ្នះគេដែរ ព្រោះគេមិនខុសទេ ហើយមានខ្សែធំផង ខាងជនរងគ្រោះបន្ដសួរថា ចុះប្អូនប្រុសខ្ញុំស្លាប់ទាំងមូល ហើយនិងម៉ូតូ គិតយ៉ាងណា?។ មន្ត្រីនគរបាលម្ខាស់រថយន្ដរូបនោះ ថែមទាំងបាននិយាយទៅកាន់ក្រុមគ្រួសារជងរងគ្រោះថា ទោះប្ដឹងទៅដល់តុលាកា ក៏គេនៅតែកាត់សេចក្ដីឲ្យគាត់ត្រូវដែរ កុំបាច់ព្យាយាមអី ព្រោះគេមានភស្តុតាង។ បើតាមមតិមហាជនមួយចំនួនសង្ស័យថា មានភាគីណាមួយបានប្រើប្រាស់គ្រឿងស្រវឹង មើល៍ទៅហាក់មានការរៀបចំ ពួកគាត់សុំឲ្យអស់លោកមេត្តា ពិនិត្យរូបភាព និងជួយពិចារណាផង ពិសេសមន្ត្រីដែលមានជំនាញ បច្ចេកទេស កោសលវិច័យ។

ម្ដាយ និងសាច់ញាតិ អ្នកជិតខាង ព្រមទាំងសមត្ថកិច្ចនគរបាលមូលដ្ឋានបាននិយាយថា ពេលធ្វើការវាស់វែងកន្លែងកើតហេតុ គឺរថយន្ដបង្ករមិនស្ថិតនៅកន្លែងកើតហេតុនោះទេ គឺ បន្ទាប់ពីកើតហេតុរថយន្ដបានបើកគេចចេញទៅចតនៅស្នាក់ការនគរបាលមន្ត្រីនគរបាលសេដ្ឋកិច្ចរូបនោះរត់បាត់ទៅហើយ ពេលនោះមានអ្នកធ្វើដំណើរនិងប្រជាពលរដ្ឋមួយចំនួនដែលបានឃើញហេតុការណ៍ ក៏បាននាំគ្នាជិះតាមទើបដឹងថា រថយន្ដបង្ករហេតុ ស្ថិតនៅក្នុងទីស្នាក់ការនោះ។ ម្យ៉ាងក្រុមគ្រួសារ សាច់ញាតិមិនបានដឹងពីគ្រោះថ្នាក់នោះធ្លាមៗទេ ទោះបីមានទីលំនៅជិតនោះក្ដី គឺមានអ្នករាយការណ៍ប្រាប់ទៅនគរបាលស្រុកពួកដោយផ្ទាល់ ដើម្បីមកធ្វើការពិនិត្យ និងវាស់វែងទីតាំងកើតហេតុ។

ម្តាយរបស់ជនរងគ្រោះបានបន្តថា ជួនកាលអាចមានគេលើកយកសពកូនរបស់គាត់ទៅដាក់កន្លែងខុសទៅក៏មិនដឹង ដើម្បីសម្រាលទោសអ្នកបង្ករហេតុ រួចបន្ទោសខាងម៉ូតូ ហើយគាត់សុំអំពាវនាវដល់សមត្ថកិច្ច និងអ្នកពាក់ព័ន្ធដែលស្រឡាញ់យុត្តិធម៌ មេត្តាពិនិត្យ និងស្រាវជ្រាវករណីនេះឲ្យច្បាស់លាស់ឡើងវិញ។ មានមតិសុំមិនបញ្ចេញឈ្មោះមួយចំនួនបានឲ្យដឹងថា មន្ត្រីនគរបាលរូបនេះ បានទទួលរងគ្រោះថ្នាក់ចរាចរ ធ្វើឲ្យគាត់មានរបួស និងខូចខាតរថយន្ដម៉ាក់ កាម៉ារី បាឡែន ១គ្រឿង ប្រមាណ ៣សប្ដាហ៍ មុនគ្រោះថ្នាក់លើកនេះ ខណ:ដែលរថយន្ដរបស់គាត់បានទៅបុកនឹងរថយន្ដដឹកទំនិញមួយគ្រឿងទៀតនៅម្ដុំទីតាំងដដែលនោះ ចំពោះរថយន្ដបង្ករហេតុមួយគ្រឿងនេះ គាត់ទើបទិញរួចបានប្រោះព្រំ នៅថ្ងៃកើតហេតុនោះ លុះព្រលប់ឡើងក៏មានគ្រោះថ្នាក់បុកយុវជនខាងលើបណ្ដាលឲ្យស្លាប់ភ្លាម នៅកន្លែងកើតហេតុ។ ចំពោះស្នាក់ការគាត់បានដាក់នៅទីនោះយូរគួរសមហើយ និងមានទីតាំងតែប្រមាណ ៥០០ម៉ែត្រពីផ្ទះជនរងគ្រោះ ស្ថិតនៅភូមិសាស្ត្រខាងលើនោះ។

ក្រុមគ្រួសារ សាច់ញាតិ និងមតិមហាជនសង្ឃឹមថា ថ្នាក់ដឹកនាំ ពិសេសក្រសួងមហាផ្ទៃ នឹងពិនិត្យស្រាវជ្រាវរកការពិត ពីហេតុផលនេះ ហើយឲ្យមន្ត្រី ឬអ្នកបង្ករទទួលខុសត្រូវ។ ពួកគាត់សង្ឃឹមយ៉ាងមុតមាំថា ទាំងសមត្ថកិច្ច អង្គភាពពាក់ព័ន្ធដែលមានតួនាទី ភារកិច្ចទទួលខុសត្រូវ និងអនុវត្តតាមនីតិវិធីច្បាប់ ហើយអ្នកបង្ករក៏ចូលរួមចំណែកដោះស្រាយតាមច្បាប់ផងដែរ។

ពួកគាត់បន្ដថា ខាងភាគីមន្រ្តីនគរបាលរូបនោះ បាននិយាយប្រាបក្រុមគ្រួសារជនរងគ្រោះថា ចំពោះដំណោះស្រាយ គឺគាត់មានសណ្ដានចិត្តជួយ ២លាន់រៀល ហើយបន្ទាប់មកគាត់ថែមជូន ១០០ដុល្លារទៀត។ តែមកទល់ពេលនេះក្រុមគ្រួសារមិនទាន់បាន និងមិនព្រមទទួលយកប្រាក់នោះទេ ព្រោះពេលធ្វើបុណ្យសពគ្រួសារ ញាតិមិត្ត បានចំណាយអស់ប្រមាណ៥លានរៀល ហើយ មិនទាន់បានសងប្រាក់គេវិញផង ម៉ូតូក៏ម្ចាស់គេមិនទាន់ទាមទារឲ្យសងនៅឡើយដែរ តើពួកគាត់អាចទទួលយកប្រាក់ចំនួននេះម្ដេចនឹងកើត។  

មន្ត្រីនគរបាលម្ចាស់រថយន្តបាននិយាយប្រាប់គ្រួសារជនរងគ្រោះថា  គាត់បានជួលអ្នកបើកបរម្នាក់ឲ្យមកបើកបររថយន្ដនេះ ក្នុងតម្លៃ១០០ដុល្លារ ក្នុង១ខែ បើចង់បានអាអ្នកបើកបរនោះមកទទួលខុសត្រូវគេអាចយកមកវិញបាន  ព្រោះមុនពេលជួលអ្នកបើកបរនោះមកគាត់បានដឹងឈ្មោះ ដឹងត្រកូល អាសយដ្ឋានត្រឹមត្រូវ ហើយបើចង់យកវាមកទោះបីចែឯងពុះក្បាលវាជាពីរក៏មិនបានលុយដែរ។  ក្រុមគ្រួសារជងរងគ្រោះមិនអស់ចិត្ត ចំពោះករណីនេះ ហើយពួកគាត់មិនទាន់យល់ព្រមទទួលយកដំណោះស្រាយបែបនេះទេ បើមន្ត្រីនគរបាលរូបនេះមិនព្រមទទួលខុសត្រូវ ហើយពូកគាត់សុំឲ្យអ្នកច្បាប់ជួយដោះស្រាយតាមផ្លូវច្បាប់ជូនពួកគាត់ផង ព្រោះពួកគាត់មិនដឹងពីច្បាប់ចរាចរនោះទេ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិនិងជួយ Share នៅលើ Facebookរបស់អ្នក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]