​រៀងរាល់ថ្ងៃសុក្រ ខ្មែរឡូត នឹងធ្វើការដកស្រង់ ព័ត៌មានសំខាន់ៗ ពីប្រភពសារព័ត៌មានមួយចំនួន អំពីដំណើរវិវឌ្ឍន៍នយោបាយ នៅក្នុងប្រទេសកម្ពុជា យកមកចែករំលែក ជូនដល់ប្រិយមិត្តបានជ្រាប ជាដំណឹង។ នៅក្នុងសប្តាហ៍នេះ មានប្រធានបទ គួរឲ្យចាប់អារម្មណ៍ ដែលនឹងមានខ្លឹមសារត្រួសៗ ដូចខាងក្រោម៖​



មន្ត្រីរដ្ឋាភិបាលប្តឹងលោក សម រង្ស៊ី មួយករណីថ្មីទៀត

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ដោយប្តឹងលោក សម រង្ស៊ី ដែលបង្ហោះព័ត៌មានថា គណបក្សប្រជាជនកម្ពុជាមានក្រុមការងារ ចុចដើម្បីចូលចិត្ត លើទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្នុងពាក្យបណ្ដឹងរបស់រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក សោម សឿន ដែលបានប្តឹងលោក សម រង្ស៊ី ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១០ ខែមីនា គឺបានចោទប្រធានគណបក្សសង្គ្រោះជាតិពីបទក្លែងលិខិតនៅលើFacebook។ ក្នុងពាក្យបណ្តឹងនោះ លោក សោម សឿន បានចោទ លោក សម រង្ស៊ី ថាបានបង្ហោះអត្ថបទមានខ្លឹមសារ មួលបង្កាច់ខុសពីការពិត។ អ្នកនំាពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ មានប្រសាសន៍ថា៖ “អ្វីដែលគណបក្សសង្គ្រោះជាតិអាចឆ្លើយបាន គឺទាក់ទងនឹងសំនួ រដែលពាក់ព័ន្ធនឹងផលប្រយោជន៍ ជាតិសំខាន់ៗ យើងនឹងឆ្លើយ ប៉ុន្តែដូចជារឿងនយោបាយប្តឹងចុះប្តឹងឡើង ធ្វើឲ្យបរិយាកាសនយោបាយ កាន់តែអាប់អួរ ហើយធ្វើឲ្យបង្វែរទិសដៅ ពីការចាប់អារម្មណ៍រឿងសំខាន់ៗ ជាអាយុវជីវិតជាតិ ទៅជារឿងកំប៉ិចកំប៉ុកឈ្លោះគ្នា រវាងអ្នកនយោបាយ ដូច្នេះគណបក្សសង្គ្រោះជាតិមិនជ្រើសរើស យកការធ្វើនយោបាយបែបហ្នឹងទេ”។ ប្រភព៖ VOD

នាយករដ្ឋមន្រ្តី​ អំពាវនាវ​ឲ្យ​គ្រូ​ពង្រឹង សមត្ថភាព ដើម្បីលុបបំបាត់​ ការ​មាក់ងាយ សញ្ញាបត្រគ្មានតម្លៃ​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ​ពុធនេះ​ បាន​លើក​ឡើង​ជា​ថ្មី ​ថា​អ្នក​នយោបាយ​ខ្លះ​ បាន​មើលងាយតម្លៃ​សញ្ញា​បត្រ​នៅ​កម្ពុជា​ ​ ហើយ​លោក​អំពាវនាវ​ឲ្យ​គ្រូបង្រៀន ​ពង្រឹងសមត្ថ​ភាព​ខ្លួន​ ដើម្បី​លុប​បំបាត់​ នូវ​ការ​មាក់ងាយនេះ។​ លោក​មានប្រសាសន៍ថា៖ “អ្វី​ដែល​ជា​ការ​មាក់​ងាយ ការ​ប្រមា​ថ​ថា​សញ្ញា​បត្រនៅកម្ពុជា ​គ្មានតម្លៃ គឺ​នឹង​ត្រូវ​លុប​បំបាត់​តាមរយៈ ​នៃ​ការ​ខិតខំ​ពង្រឹងគុណភាព​របស់យើង ព្រោះយើង​ទទួល​ការ​ប្រមាថ​យ៉ាងធ្ងន់ ពីសំណាក់​​អ្នក​នយោបាយ​ខ្លះ ថាសញ្ញា​បត្រ​នៅ​ក្នុង​ប្រទេស​របស់យើង គ្មានតម្លៃ”។ កាលពីខែ​តុលា ឆ្នាំ​២០១៥ លោក​ ហ៊ុន សែន បា​នអះអាង​ថា​ប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី ​កំពុង​កេង​​ចំណេញនយោ​​បាយ​ តាមរយៈ​ការ​លើ​ក​ឡើង​ថា​”សញ្ញា​បត្រ​ស្រុកខ្មែរ​គ្មានតម្លៃ” ដោយ​លោក​​ចាត់ទុក​ថា​​នេះ​ជា ”​កា​រ​មើល​ស្រាល​ដល់ការខិតខំ​សិក្សា​របស់សិស្សានុសិស្ស”។​ លោក សម រង្ស៊ី បាន​ថ្លែង​ថា​៖ “ចេះ​តែ​ចែកសញ្ញា​បត្រ​ព្រោង​ព្រាត​ ប៉ុនសញ្ញា​បត្រ​យក​ទៅធ្វើ​អី យក​ទៅ​បិទ​ជញ្ជាំង​ផ្ទះ ​ពេញ​ជញ្ជាំងផ្ទះ តែ​រក​ការ​ធ្វើ​មិន​បាន​។ វាខូច​តម្លៃ​ទាំងអស់ ខូច​តម្លៃ​ទាំងសញ្ញា​បត្រ ខូច​តម្លៃ​ទាំង​សាកលវិទ្យាល័យ ខូចតម្លៃ​ទាំង​គ្រូ ខូចតម្លៃ​ទាំងអ្នក​ចែក​សញ្ញា​បត្រ”។ លោក​​បន្ត​ថា​៖ “សញ្ញា​បត្រ​នៅ​ស្រុក​ខ្មែរ​ភាគច្រើន​អត់មាន​តម្លៃ​ ប្រព័ន្ធ​សិក្សា​អប់រំ​នៅស្រុកយើង​ទន់ខ្សោយ​ជា​ទីបំផុត”។ ប្រភព៖ VOD

ករណីឯកឧត្តម​​ កឹម សុខា៖ និស្សិតមួយក្រុម ប្តឹង​កញ្ញាស្រី​មុំ ពីបទ​ឆបោក

ក្រោយពី​កញ្ញា​ស្រីមុំ បដិសេធថា សំឡេង​ដែល​គេសង្ស័យថា ខ្លួនសាសងស្នេហាជាមួយឯកឧត្តម កឹម សុខា មិនមែនជាសំឡេងនាង នៅរសៀល​នេះ និស្សិត ស្រី ចំរើន ដែល​អះអាង​ថា ខ្លួន​ជាតំណាង​និស្សិត​នៅសកលវិទ្យាល័យនានា​ នៅ​រាជ​ធានី​ភ្នំពេញ​នោះ​ គ្រោង​ដាក់ពាក្យប្តឹងកញ្ញា ស្រីមុំ ហៅកញ្ញា ឃុំ ច័ន្ទតារាទី ពីបទ​ឆបោក។ ពួកគេអះអាងថា សំឡេងកញ្ញា ស្រីមុំ ដែលនិយាយជាមួយវិទ្យុអាស៊ី​សេរី និងសំឡេងដែលគេបង្ហោះនៅលើ​គណនីហ្វេស​ប៊ុក​ឈ្មោះ រឿងពិត CNRP នោះ​ ដូចសំឡេង​ស្រីមុំ ១០០ ភាគរយ​។ ប្រភព៖ ThmeyThmey

ឈប់​ប្រើពាក្យ «​ដ៏​ខ្ពង់ខ្ពស់​» ទៅ​! លោក ហោ ណាំហុង ជ្រេញ

ភាសា​ឈើ ភាសា​លើកជើង ភាសា​ទំយើ ឬ «Langue de Bois» ក្នុង​ភាសា​បារាំង «Wooden Language» ក្នុង​ភាសា​អង់គ្លេស គ្មាន​ន័យ​ឡើយ​សម្រាប់​សង្គម​ ដែល​ត្រូវការ​អ្នកអនុវត្ត ជាង​អ្នក​និយាយ​។ លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស ដែលមាន​អាយុ​៨០​ឆ្នាំ​ទៅហើយនោះ ហាក់ដូចជា​ស៊ាំ​ទៅហើយ​ចំពោះ​ភាសា​បែបនេះ ប៉ុន្តែ​លោក​នៅតែ​គិតថា វា​ជា​រឿង​ឥតប្រយោជន៍​។ ឈប់​ប្រើពាក្យ «​ដ៏​ខ្ពង់ខ្ពស់​» ក្នុង​លិខិត ឬ​កំណត់​បង្ហាញ​សរសេរ​មក​ខ្ញុំ​។ នេះ​ជា​បញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក្នុង​លិខិត​មួយ​ចុះ​ថ្ងៃទី​៤ ខែមីនា ផ្ញើ​ទៅកាន់​ថ្នាក់ដឹកនាំ​ក្រសួង ប្រធាន​នាយកដ្ឋាន ឯកអគ្គរាជទូត តំណាង​អចិន្ត្រៃយ៍ និង​អគ្គ​កុងស៊ុល​កម្ពុជា​ទាំងអស់​ប្រចាំ​នៅ​បរទេស​។ ប្រភព៖ ThmeyThmey


តំណាងរាស្ត្រ​បក្ស​ប្រឆាំង ​ស្នើ​លោក ហ៊ុន សែន បំភ្លឺ​រឿង​វៀតណាម ​គ្រប់គ្រង​ដី​សម្បទាន

តំណាងរាស្ត្រ​មក​ពី ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ស្នើ​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​ថ្មី​ទៀត សូម​ឲ្យ​បំភ្លឺ​រឿង​កងទ័ព​ប្រជាជន​វៀតណាម គ្រប់គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច​ នៅ​ខេត្ត​រតនគិរី។ នេះ​ជា​សំណើ​លើក​ទី​២​ហើយ ដែល​សមាជិកសភា​បក្ស​ប្រឆាំង​រូប​នេះ ចង់​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​បកស្រាយ​រឿង​នេះ​ ឲ្យ​ច្បាស់ ប៉ុន្តែ​លិខិត​របស់​លោក​លើក​ទី​មួយ​ មិន​ត្រូវ​បាន​លោក ហេង សំរិន ចារ​បញ្ជូន​ទេ ដោយហេតុ​ផល​ថា ខុស​ទម្រង់ ឬ​មិន​ត្រូវ​តាម​ច្បាប់។ ​នៅ​ក្នុង​លិខិត​នេះ លោក អ៊ុំ សំអាន បាន​លើក​ជា​សំណួរ​៣ ទៅ​លោក ហ៊ុន សែន ក្នុង​នោះ​រួមមាន ហេតុ​អ្វី​បាន​ជា​កងទ័ព​ប្រជាជន​វៀតណាម ទទួល​បាន​ការ​គ្រប់គ្រង​ ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ខេត្ត​រតនគិរី? តើ​មាន​វត្តមាន​កងទ័ព​ប្រជាជន​វៀតណាម នៅ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​គ្រប់គ្រង​ដោយ​កងទ័ព ​ប្រជាជន​វៀតណាម នៅ​ខេត្ត​រតនគិរី ឬ​ទេ? សំណួរ​ចុង​ក្រោយ​តើ​រាជរដ្ឋាភិបាល ​មាន​គម្រោង​ដកហូត​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​គ្រប់គ្រង​ដោយ​កងទ័ព​ប្រជាជន​វៀតណាម នៅ​ខេត្ត​រតនគិរី ឬ​ទេ? លោក អ៊ុំ សំអាន៖ «ប៉ុន្តែ​កន្លង​មក​រដ្ឋាភិបាល​មិន​ដែល​បាន​ឆ្លើយ​តប​តាម​ច្បាប់​កំណត់​នោះ​ទេ លិខិត​ភាគ​ច្រើន​បំផុត ត្រូវ​ឆ្លើយ​តប​ក្នុង​រយៈពេល​មួយ​ខែ ៣​ខែ ឬ​យូរ​ជាង​នេះ ប៉ុន្តែ​ទោះជា​យ៉ាង​ណា​ក៏ដោយ រឿង​នេះ​សំខាន់ ទាក់ទង​នឹង​អាយុ​ជីវិត​របស់​ជាតិ ហើយ​ប្រជាពលរដ្ឋ​ក៏​ចង់​ដឹង​រឿង​ហ្នឹង ខ្ញុំ​សង្ឃឹម​ថា លោក ហ៊ុន សែន ឆ្លើយ​តប​រឿង​នេះ​ក្នុង​ពេល​ឆាប់ៗ»។ ប្រភព៖ RFA


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]