ខេត្តកណ្តាល ៖ យុវជនម្នាក់បានភ្ជាប់ពាក្យជាមួយនាងក្រមុំម្នាក់នៅក្នុងភូមិជា មួយគ្នាជិតមួយឆ្នាំមកហើយ និងមិនទាន់កំណត់ថ្ងៃរៀបការនៅឡើយ ស្រាប់តែប៉ុន្មានថ្ងៃមុននេះម្តាយខាងស្រីបានទៅផ្តាច់ពាក្យវិញ ធ្វើឲ្យយុវជនរូបនោះខូចចិត្តគិតខ្លីលែងចង់រស់តទៅទៀតក៏បានផឹក ថ្នាំបំពុលកុក បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ក្រោយពេលក្រុមគ្រួសារដឹកទៅសង្គ្រោះ ដល់មន្ទីរពេទ្យព្រះកុសុមៈ។ ចំណែកឯនាងជាគូដណ្តឹងវិញស្រលាញ់យុវជននេះខ្លាំងណាស់ ប៉ុន្តែម្តាយរបស់នាងរារាំងផ្តាច់ពាក្យបែបនេះនាងក៏មិនដឹងថា ត្រូវធ្វើបែបណាដែរ ហើយក្រោយពេលដឹងថា យុវជនជាគូដណ្តឹងផឹកថ្នាំពុលសម្លាប់ខ្លួននោះនាងក៏បានផឹកប្រេង រំអិលម៉ាស៊ីនដេរប៉ុនប៉ងសម្លាប់ខ្លួនដែរ ប៉ុន្តែមិនស្លាប់ត្រូវបានក្រុមគ្រួសារនាំទៅសង្គ្រោះទាន់ពេលវេលា កាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺថ្ងៃទី១៦ សីហា ២០១២ ស្ថិតក្នុងភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នួល ។

យុវជនដែលគិតខ្លីនោះឈ្មោះកើត សាវី អាយុ២២ឆ្នាំ ជាកម្មកររោងចក្រកាត់ដេរមានទីលំនៅភូមិកើតហេតុខាងលើ បានផឹកថ្នាំបំពុលកុកអស់ចំនួន២កញ្ចប់ បណ្តាលឲ្យស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យព្រះកុសុមៈ។ ដោយឡែកនាងជាសង្សារត្រូវបានគេស្គាល់ឈ្មោះអុល ផល្លី ហៅម៉ាប់ អាយុ២៣ឆ្នាំ មានទីលំនៅភូមិជាមួយគ្នាជាកម្មការិនីរោងចក្រកាត់ដេរ ហើយនាងបានផឹកប្រេងរំអិលម៉ាស៊ីនដេរអស់កន្លះកូនដបប៉ុនប៉ង សម្លាប់ខ្លួនតែមិនស្លាប់ ព្រោះត្រូវបានក្រុមគ្រួសារនាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ទាន់ពេលវេលា។ ក្រុមគ្រួសារខាងយុវជនខូចចិត្តរូបនោះបានឲ្យប៉ូលិសដឹងថា យុវជនរងគ្រោះ និងនាងអុល ផល្លី ហៅម៉ាប់ បានភ្ជាប់ពាក្យជាមួយគ្នាតាំងពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១១ មកម៉្លេះ តែមិនទាន់បានកំណត់ថ្ងៃរៀបការនៅឡើយទេ ដែលរហូតមកទល់នឹងពេលនេះជិត១ឆ្នាំហើយ។

ប្រភពបន្តថា ថ្វីដ្បិតតែមិនទាន់រៀបការពិតមែន ប៉ុន្តែពួកគេទាំងពីរនាក់ស្រលាញ់គ្នាយ៉ាងស្មោះស្ម័គ្របំផុត គឺពេលដើរទៅណាមកណាជាមួយគ្នាដូចលលកញីឈ្មោលហើយកាលពីយប់ថ្ងៃទី១១ សីហា រយៈពេល៥ថ្ងៃមុនពេលកើតហេតុម្តាយខាងស្រីបានទៅផ្តាច់ពាក្យ ដោយយកមូលហេតុថា យុវជនកើត សាវីគិតតែផឹកស្រាស្រវឹងរាល់ថ្ងៃ ព្រោះគាត់ស្អប់អ្នកពូកែផឹកស្រាបែបនេះណាស់។ ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីម្តាយខាងស្រីផ្តាច់ពាក្យមកយុវជនកើតសាវីខូចចិត្តយ៉ាងខ្លាំង ហើយរឹតតែផឹកស្រាខ្លាំងឡើងថែមទៀតដោយមិនហូបបាយហូបទឹកនោះឡើយ ទោះបីជាក្រុមគ្រួសារ និងបងប្អូនពន្យល់ណែនាំឲ្យរូបគេកាត់ចិត្តកាត់ថ្លើមបែបណាក៏រូបគេមិន ស្តាប់តាមដែរ ហើយបែរជាលួចផឹកថ្នាំសម្លាប់ខ្លួនទៅវិញ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]