ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៦នេះ បានអញ្ជើញជា អធិបតីក្នុងពិធីប្រគល់ ប្រាក់រង្វាន់លើកទឹកចិត្ត របស់រាជរដ្ឋាភិបាល ជូនដល់កីឡាករ ដែលទទួលបានជ័យជម្នះ ពីការប្រកួតកីឡា អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) លើកទី៨ នៅប្រទេសសឹង្ហបុរី និងក្រុមកីឡាបាល់ទាត់ Cambodian All Stars ។

នៅក្នុងបណ្ដាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុករបស់ សម្ដេចបានសរសេរថា ការជួបជុំនេះ គឺជាការផ្តល់កំលាំង ចិត្តចំពោះក្រុមកីឡាករ កីឡាការនីដែលបាន ចូលរួមយ៉ាងស្វិតស្វាញ ក្នុងវិស័យកីឡាដែលកន្លងមក និងបានទទួល ជោគជ័យគួជាទីមោទនៈ ជាពិសេសក្នុងការប្រកួត កីឡាអាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) លើកទី៨ នៅសិង្ហបុរី និងការប្រកួតកីឡា បាល់ទាត់មិត្តភាពកម្ពុជា ថៃ នៅរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ។

សម្ដេចបាន សរសេរបន្តថា កន្លងទៅនេះ គណៈកម្មាធិការ ជាតិ ប៉ារ៉ាឡាំពិកកម្ពុជា បានបញ្ជូនកីឡាករ ជនពិការចំនួន ២៩រូប ទៅប្រកួតនៅសិង្ហបុរី ដែលមាន ដូចជាវិញ្ញាសា អត្តពលកម្ម ហែលទឹក និងប្រភេទកីឡា Bowling ។ ជាលទ្ឋផលគឺ កីឡាករយើងទទួលបាន មេដាយសរុបចំនួន១០ ក្នុងនោះមេដាយមាស១ លើកីឡាអត្តពលកម្ម រត់ប្រណាំង ៤០០ម៉ែត្រ និងទី២ លើប្រភេទកីឡា អត្តពលកម្មរត់ប្រណាំងបុរស នារី និងមេដាយសំរិត៧ លើប្រភេទកីឡាអត្តពលកម្ម វិញ្ញាសាររត់ប្រណាំង ១០០ម៉ែត្រ និង៤០០ ម៉ែត្របុរសនារី វិញ្ញាសារប្រណាំងរទេះ ១០០ ម៉ែត្រ ៤០០ ម៉ែត្រ និង ១៥០០ម៉ែត្រ និងកីឡាហែលទឹក វិញ្ញាសារ ៥០ម៉ែត្រ ។

សម្ដេចបានបន្ថែមថា វិស័យកីឡានៅក្នុង ប្រទសកម្ពុជា កំពុងរីកចម្រើន និងទទួលបាន លទ្ធផលជោគជ័យធំៗ ជាច្រើនក្នុងឆ្នាំ ២០១៥ កន្លងទៅ ពិសេសយើងបាន ឈ្នះមេដាយមាស ប្រាក់ និងសំរឹទ្ធ ពីការប្រកួតជើងឯកពិភពលោក ជើងឯកអាស៊ី ជើងឯកអាស៊ាន និងការប្រកួត ស៊ីហ្គេម លើប្រភេទកីឡា ដ៏មានសក្តានុពល មួយចំនួនរបស់កម្ពុជា ខណៈ ការប្រកួតបាល់ទាត់ មានអ្នកចូលរួមទស្សនា ផ្ទាល់យ៉ាងច្រើនបំផុត ដែលមិនធ្លាប់មានពីមុនមកនោះ ហើយដែលកម្ពុជាបានទាត់ឈ្នះ ថៃកាលពីពេលកន្លងទៅថ្មីៗ។

សម្ដេចបានបញ្ជាក់ថា ដើម្បីជាការផ្តល់កំលាំងចិត្ត និងគាំទ្រចំពោះកីឡាកម្ពុជា និងកំណត់យុទ្ឋសាស្រ្តសម្រាប់ ២០២៣ ខាងមុខ សម្តេចតេជោ ហ៊ុន សែន បានសម្រេចយកថ្ងៃទី៤ មេសា ២០១៦ ដើម្បីជួបជុំទទួលទាន អាហារជាមួយកីឡាករ កីឡាការិនីទូទាំងប្រទេស ដែលនឹងធ្វើនៅមជ្ឍមណ្ឌលកោះពេជ្រ ។

មុននឹងបញ្ចប់កម្មវិធីនោះ សម្តេចតេជោ ក៏បានអញ្ជើញផ្តល់ពានជ័យលាភី និងប្រាក់រង្វាន់ដល់ក្រុម Cambodian All Stars ក្រុមកីឡាអាស៊ានប៉ារ៉ាហ្គេម និងក្រុមកីឡាករផ្សេៗមួយចំនួនទៀត ព្រមទាំងបានថតរូប អនុស្សាវរីយ៍ជាមួយកីឡាករ និងកីលាការិនីប្រកបដោយ ភាពស្និទ្ឋស្នាលរីករាយបំផុត៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]