ជាការពិត មនុស្សស្រីភាគច្រើន តែងប្រាថ្នាចង់បានស្បែកសស្អាត ដែលពេលខ្លះ ពួកគេបានចំណាយថវិកាជាច្រើន ទៅលើការទិញផលិតផល រឺក៏ឡេលាបផ្សេងៗជាដើម។ ប៉ុន្តែប្រិយមិត្តប្រហែលជា​ មិនដឹងនោះទេថា មានតិចនិកល្អៗមួយចំនួន អាចជួយឲ្យស្បែករបស់អ្នក សស្អាតតាមធម្មជាតិបាន៖



១) ទឹកដោះគោជូរ៖ ចំពោះទឹកដោះគោជូរ អាចជួយឲ្យស្បែករបស់អ្នក សស្អាតបាន ដែលវាមានសារធាតុចិញ្ចឹមខ្ពស់ ជួយពង្រឹងដល់សុខភាព និងសម្រស់។ មិនតែប៉ុណ្ណោះ វាមានជាតិអាស៊ីត Lactic ដែលល្អ ចំពោះប្រភេទស្បែក។ ចំពោះវិធីអនុវត្ត គឺត្រូវលាយទឹកឃ្មុំបន្តិច និងទឹកដោះគោជូរ រួចលាបលើស្បែក ទុករយៈពេល ១៥នាទី។ បន្ទាប់មក លាងចេញ ជាមួយទឹកស្អាតធម្មតាជាការស្រេច។ អ្នកគួរតែឧស្សាហ៍អនុវត្តវិធីនេះ ឲ្យបានជាប្រចាំ ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់។

២) ទឹកក្រូចឆា្មរ៖ ទឹកក្រូចឆ្មារ ត្រូវបានគេយកទៅប្រើប្រាស់ ជាមួយស្បែក អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ ព្រោះវាមានផ្ទុក អាស៊ីតម្យ៉ាង ដែលជួយឲ្យស្បែកភ្លឺសស្អាត និងជួយកម្ចាត់ស្រទាប់ខាងលើ ដែលជាកោសិកាខ្មៅស្រអាប់។ ហើយវិធីអនុវត្តវិញ គឺយកសំលី មកជ្រលក់ទឹកក្រូចឆ្មារ រួចលាបលើស្បែកឲ្យបានសព្វ។ បន្ទាប់មកទុកចោលប្រមាណ១៥នាទី ចាំលាងចេញ ជាមួយទឹកក្តៅឧណ្ឌៗ ជាការស្រេច។

៣)​ ទឹកឃ្មុំ៖ ប្រសិនបើស្បែករបស់អ្នកខ្មៅ និងស្ងួតស្រអាប់ ទឹកឃ្មុំ អាចជួយអ្នកបាន ព្រោះថាវាអាចកច្ចាត់ចេញ នូវកោសិកាស្បែកដែលងាប់ ហើយជួយឲ្យស្បែកមើលទៅភ្លឺថ្លា​ និងសស្អាត។ ក្នុងនោះដែរ អ្នកអាចលាបទឹកឃ្មុំ ត្រង់ស្បែកមុខក៏បាន ស្បែកដងខ្លួនក៏បាន  រួចទុកចោលមួយសន្ទុះ ចាំលាងទឹកចេញ។ ហើយក៏មានវិធីមួយទៀតផងដែរ គឺអ្នកអាចលាយ ជាមួយទឹកក្រូចឆ្មារ ទឹកឃ្មុំ ទឹកដោះគោ និងប្រេងអាល់ម៉ុន ហើយលាយសារធាតុទាំងអស់នេះ ឲ្យសព្វចូលគ្នា។ រួចទុកចោល រយៈពេល១៥នាទី ចាំលាងជាមួយទឹកធម្មតាជាការស្រេច។

៤) ប្រទាលកន្ទុយក្រពើ៖ ប្រទាលកន្ទុយក្រពើ គឺវាពិតជាងាយស្រួលក្នុងការដាំ ហើយវាក៏មានប្រយោជន៍ សម្រាប់ស្បែកផងដែរ ដែលវាជួយឲ្យលូតលាស់ នូវកោសិកាស្បែកថ្មី និងជួយជួសជុលជាលិកាដែលត្រូវបំផ្លាញ។ ក្នុងនោះដែរ បើនិយាយពីវិធីអនុវត្តវិញ គឺពិតជាងាយស្រួលខ្លាំងណាស់ ដែលគ្រាន់តែយកប្រទាលកន្ទុយក្រពើ មកចិតយកជេល នៅខាងក្នុងរបស់វា រួចយកមកលាបស្បែករបស់អ្នក រយៈពេល៣០នាទី ហើយលាងទឹកចេញជាការស្រេច។

៥) ល្ហុង៖ ចំពោះផ្លែល្ហុង គឺជារូបមន្តដ៏ល្អមួយ អាចជួយឲ្យស្បែកសស្អាត និងមានពន្លឺ។ វាមិនពិបាកនោះទេ គ្រាន់តែអ្នកឧស្សាហ៍ទទួលទានផ្លែល្ហុងឲ្យបានច្រើន ដើម្បីទទួលបានអត្ថប្រយោជន៍សំបូរបែប។ ចំពោះវិធីមួយទៀត អ្នកអាចយកផ្លែល្ហុង មកត្រដុសស្បែករបស់អ្នក ដោយផ្ទាល់តែម្តង រហូតទាល់តែស្ងួត ហើយចាំលាងទឹកចេញជាការស្រេច។

៦) ល្មៀត៖  ល្មៀត មានសារធាតុអុកស៊ីតកម្មខ្ពស់ ជួយដល់ស្បែក។ ចំពោះវិធីអនុវត្តវិញ គ្រាន់តែយកក្រែមទឹកដោះគោ មកលាយជាមួយនឹង ម្សៅល្មៀតមួយចំនួន បន្ទាប់មកលាបវា និងទុកវាចោល រហូតទាល់តែស្ងួត។ ចុងក្រោយចាំលាង ជាមួយនឹងទឹកក្តៅឧណ្ឌៗជាការស្រេច។

៧) សណ្តែកសៀង៖ សណ្តែកសៀង ជាអាហារធម្មជាតិមួយ ដែលជួយប្រឆាំងនឹងភាពចាស់ដ៏ល្អបំផុត ព្រោះថា វាមានផ្ទុកនូវសារធាតុ Isoflavone។ បន្ថែមពីនេះទៅទៀត សារធាតុប្រឆាំងអុកស៊ីតកម្ម បានរកឃើញ នៅក្នុងសណ្តែកសៀង គឺវាជួយថែទាំស្បែក ឲ្យមានភាពរលោងស្អាត។ ដូច្នេះអ្នកគួរតែព្យាយាម ទទួលទានផលិតផល ណា ដែលមានជាតិសណ្តែកសៀង ដូចជា តៅហ៊ូ ទឹកដោះគោដែលផ្សំពីសណ្តែកសៀង ជាដើម ព្រោះវាជួយឲ្យស្បែកសស្អាតបាន។

៨) ចេក៖ ចេកសម្បូរទៅដោយ ជាតិវីតាមីន B វីតាមីន E វីតាមីន A ខ្ពស់ ដែលវាជាអាហារដ៏ល្អបំផុត ជួយប្រឆាំងនឹងភាពចាស់។ ដើម្បីទទួលបានស្បែកសស្អាត ជាងពីមុន អ្នកគួរតែញ៉ាំផ្លែចេក ១ ទៅ២ផ្លែ ជាប្រចាំ រឺក៏អ្នកអាចយកផ្លែចេកស្រស់ៗ មកបិទលើមុខរបស់អ្នកក៏បានផងដែរ ដើម្បីធ្វើឲ្យស្បែករបស់អ្នក កាន់តែមានពន្លឺចែងចាំង។

៩) ​ទឹកដូង៖ ទឹកដូង ជារូបមន្តសម្រស់មួយ ដ៏ងាយស្រួលអនុវត្តបំផុត សម្រាប់អ្នកដែលចង់បានស្បែកសស្អាត ដោយធម្មជាតិ។ ចំពោះទឹកដូង ត្រូវបានគេដឹងថា មានជាតិវីតាមីន និងជាតិរ៉ែផ្សេងៗទៀត ដែលចាំបាច់សម្រាប់សុខភាព។ ហើយវាក៏មានជាតិកាឡូរីទាបផងដែរ។ ក្នុងនោះដែរ ទឹកដួង ជួយឲ្យស្បែករបស់អ្នក ភ្លឺថ្លា និងជួយឲ្យស្បែកមានជាតិសំណើម ពីខាងក្នុង។ វិធីអនុវត្ត គឺអ្នកក៏អាចយកសំលី មកជ្រលក់ទឹកដូង រួចលាបលើផ្ទៃមុខផងដែរ ហើយអ្នកមិនចាំបាច់លាងទឹកចេញនោះទេ។  

១០) ផ្លែគីវី៖ ផ្លែគីវី សម្បូរទៅដោយវីតាមីន C ដែលជួយឲ្យ ស្បែកសស្អាតដោយធម្មជាតិ។ ហើយអ្នកក៏អាចយកផ្លែគីវីស្រស់ មកលាបត្រង់កន្លែង ស្នាមខ្មៅ រឺក៏ស្នាមសម្លាក ដើម្បីទទួលបានស្បែកម៉ត់រលោងស្អាត។

ទាំងនេះជាតិចនិកល្អៗ ក្នុងការជួយឲ្យស្បែករបស់អ្នកសស្អាត តាមបែបធម្មជាតិ ដោយមិនចាំបាច់ចំណាយថវិកាច្រើន៕



ប្រភព៖ boldsky & effectiveremedies

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]