អ្នកជំងឺគ្រុនចាញ់ម្នាក់ស្លាប់ ក្នុងមន្ទីរពេទ្យបង្អែកខេត្តរតនគិរីកាលពីវេលាម៉ោង៤ទៅ៥ទៀបភ្លឺ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១២ បន្ទាប់ពីរូបគាត់ចាប់ផ្តើមធ្លាក់ខ្លួនឈឺរយៈពេល៣ថ្ងៃកន្លងមក ។

លោកទ្រី ពិសិដ្ឋ តំណាងក្រុមគ្រួសារជនរងគ្រោះ បានថ្លែងប្រាប់សារព័ត៌មាននៅព្រឹកថ្ងៃទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០១២នេះថា អ្នកជំងឺរហូតដល់ស្លាប់ មិនអាចជួយសង្រ្គោះ ទាន់មានឈ្មោះ ឆាយ ឃាន ភេទប្រុស អាយុ៣៧ ឆ្នាំ ជនជាតិខ្មែរមានស្រុកកំណើត ភូមិប្រសាទ ឃុំប្រសាទ ស្រុកស្អាង ខេត្តកណ្តាល  មានមុខរបរ គណនេយ្យ ក្រុមហ៊ុនម៉ាងយ៉ាង ដែលមានទីតាំង ស្ថិត ក្នុងឃុំ ភុំកុក ស្រុក វ៉ឺនសៃ ខេត្តរតនគិរី។

លោកទ្រីពិសិដ្ឋ បន្តឲ្យដឹងថា ដោយសង្កេតឃើញអ្នកជំងឺមានសភាពខុសប្លែកពីធម្មតា រូបលោកបាននាំអ្នក ជំងឺ ចូលមកសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបង្អែកខេត្ត កាលពីវេលម៉ោង១១និង០០នាទី យប់ថ្ងៃទី១៥ ខែ សីហា ឆ្នាំ ២០១២ហើយពេទ្យដែលប្រចាំការ ក្នុងសាលសង្គ្រោះបន្ទាន់ នោះបានយកសេរ៉ូមមកព្យួរ ឲ្យអ្នកជំងឺអស់១កំប្លោក ហើយបន្តដាក់១កំប្លោកទៀត ស្រាប់តែអ្នកជំងឺដាច់ខ្យល់ស្លាប់តែម្តង ។

លោក ឡៃ ហ៊ាង អាយុ២៥ឆ្នាំដែលត្រូវជាប្អូនជីដូនមួយជនរងគ្រោះ ដែលអង្គុយមើលអ្នកជំងឺផ្ទាល់បានថ្លែងប្រាប់ អ្នកការយកព័ត៌មានថា  បន្ទាប់ពីគ្រូពេទ្យ  ដាក់សេរ៉ូមព្យួរឲ្យអ្នកជំងឺ ហើយពួកគាត់ ដើរចេញពីបន្ទប់ បាត់មិនយក ចិត្តទុកដាក់មើលអ្នកជំងឺ មិនត្រួតពិនិត្យ មើលស្ថានភាពជំងឺ  វាមានសភាពស្រាល ឬធ្ងន់ និង មិនបាន ប្រាប់ក្រុម គ្រួសារឲ្យដឹង ងាយស្រួលបញ្ជូនទៅព្យាបាល ទៅកន្លែងផ្សេង។  ស្រាប់តែអ្នកជំងឹដាច់ ខ្យល់ស្លាប់ គ្រូពេទ្យមក ដក សេរ៉ូមចេញធ្វើព្រងើយហាក់ដូច ជាជីវិតមនុស្សម្នាក់ស្លាប់បាត់ ទៅហើយ គ្មាន បារម្ភ អ្វីបន្តិច សោះ។

លោក ទ្រី ពិសិដ្ឋ តំណាង ក្រុមគ្រួសារ ជនរងគ្រោះ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅព្រឹក ថ្ងៃ ទី១៦ ខែសីហា ឆ្នាំ២០១២ ថារូបលោក នឹងដាក់ពាក្យបណ្តឹង ទៅស្ថាប័នមានសមត្ថកិច្ច ចំពោះថ្នាក់ដឹកនាំ មន្ទីរ ពេទ្យបង្អែកខេត្តរតនគិរីថា ព្រងើយកន្តើយមិនយកចិត្តទុកដាក់ថែទាំ ព្យាបាលអ្នកជំងឺ ទុកអ្នកជំងឺចោលបណ្តាល ឲ្យស្លាប់យ៉ាងរន្ធត់បែបនេះ ។

សាកសពជនរងគ្រោះរក្សាទុកក្នុងសាលដាក់សពមន្ទីរពេទ្យបង្អែកខេត្ត រងចាំគ្រួសារសាច់ ញាតិមកទទួលយក ទៅធ្វើបុណ្យតាមប្រពៃណី ខ្មែរនៅស្រុកកំណើត ។

ទាក់ទិននឹងមតិរិះគន់ពីសំណាក់ ក្រុមគ្រួសារជនរងគ្រោះថា ក្រុមគ្រួពេទ្យធ្វើការខ្វះការទទួលខុសត្រូវនេះ ដែរ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិននអាចសុំការអធិប្បាយណាមួយពីលោកវេជ្ជបណ្ឌិត ហ៊ីង ផាន សុគន្ធា នាយកមន្ទីរពេទ្យបង្អែកខេត្ត រតនគិរី បានទេ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១២៕

ដោយ៖ស្រីសុផាន់ណា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]