សាលាដំបូងខេត្ត កាលពីព្រឹកថ្ងៃទី១៤ សីហា បានសម្រេចឃុំខ្លួន យុវជនម្នាក់នៅពន្ធនាគារខេត្តជាប់ចោទ ពីបទរំលោភសេពសន្ថវៈតែមិនសម្រេច ក្រោយពីកម្លាំងនគរបាលស្រុកសំបូរ ចាប់ឃាត់ខ្លួននិងកសាងសំណុំរឿង បានរយៈពេលពីរថ្ងៃបន្ទាប់ពីកើតហេតុរួចមក ។យុវជនដែលជាប់ទោសពីបទរំលោភ តែមិនបានសម្រេចនេះ ឈ្មោះខៀវ បូរឹទ្ធ អាយុ២២ឆ្នាំ មានទីលំនៅក្នុងឃុំសំបូរ ស្រុកសំបូរ ។

តាមប្រភពព័ត៌មានពីស្រុកសំបូរឱ្យដឹងថា កាលពីយប់ថ្ងៃទី១១ សីហា យុវជនខៀវ បូរឹទ្ធ និងគ្នីគ្នាមួយចំនួនទៀត បាននាំគ្នាផឹកស៊ីនៅនឹងផ្ទះឈ្មោះស៊ីថា ជាបងប្រុសរបស់នារីរងគ្រោះ។ ក្រោយពីផឹកស៊ីបានមួយសន្ទុះ មិត្តភក្តិក្នុងចំណោមអ្នកកំពុងតែផឹកស៊ីនោះ បានឲ្យនារីរងគ្រោះជិះម៉ូតូទៅទិញបារីមួយកញ្ចប់ ហើយនៅពេលនាងជិះម៉ូតូចេញទៅ ជនឈ្មោះខៀវ បូរឹទ្ធ ក៏លោតជិះម៉ូតូពីក្រោយទៅជាមួយដែរ។ ពេលទៅដល់ផ្ទះលក់បារី នារីរងគ្រោះបានឈប់ តែជនជាប់ចោទមិនឲ្យនាងឈប់ទេ ដោយប្រាប់នាងថាជិះបង្ហួសទៅដើរលេងបន្តិចសិន ។

ប្រភពដដែលបានឲ្យដឹងទៀតថា ពេលជិះម៉ូតូទៅដល់សាលាស្វាយចេក ក្នុងឃុំកោះខ្ញែរយុវជនជាប់ចោទបានឲ្យនារីរងគ្រោះឈប់ និងបានហៅនាងទៅអង្គុយលេង នៅលើបង់ក្នុងបរិវេណសាលារៀន។ នៅពេលអង្គុយសាសងគ្នា នោះ ជនជាប់ចោទបានលួងលោម នាងថាថ្ងៃស្អែកគេនឹងទិញទូរសព្ទ័ឱ្យនាងមួយគ្រឿង ។ ដោយសារឃើញនាងមិនប្រកែក យុវជនជាប់ចោទក៏ឱបថើបរួចនាំនាងចូល ក្នុងបន្ទប់ថ្នាក់រៀនក្នុងបំណងរំលោភ ប៉ុន្តែមិនទាន់បានសម្រេចផង ក៏មានភ្លើងពិលបញ្ចាំងចូលមក។ ភ្លាមៗនោះនាងបាននិយាយប្រាប់ជនជាប់ចោទថា ប្រហែលជាបងប្រុសនាងមកតាមហើយ ទើបយុវជនរូបនេះ រត់ផ្លោះតាមបង្អួចថ្នាក់រៀនចេញមកក្រៅ រីឯនារីរងគ្រោះ ក៏រត់ចេញមកបញ្ចេះម៉ូតូជិះសំដៅទៅរកភ្លើងពិល ហើយមិនត្រឹមតែឃើញបងប្រុសទេ ថែមទាំងឃើញប៉ូលិសមកជាមួយផង ។

ភ្លាមៗនោះ ប៉ូលិសក៏បានហៅនាងមកកាន់ប៉ុស្តិ៍រដ្ឋបាល ដើម្បីសាកសួរទៅតាមបណ្តឹងរបស់គ្រួសារនាង និងឈានទៅដល់ការចាប់ខ្លួនយុវជនជាប់ចោទ ។ លោកវរសេនីយ៍ត្រី ហ៊ត លឹមហ៊ាង នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបានឱ្យដឹងថា ក្រោយពីចាប់ឃាត់ខ្លួនយុវជនម្នាក់នេះ ត្រូវបានមន្រ្តីជំនាញកសាងសំណុំ រឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ហើយតុលាការបានសម្រេចឃុំខ្លួនក្នុងពន្ធនាគារ ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]