រាជធានីភ្នំពេញ ៖ ​កញ្ញា លី អ៊ី​វ៉ា​ធី​ណា ​បាន​​ប្រកាសបើកចំហ​ជា​សាធារណៈ​​ថា ខ្លួន​មាន​ម្ចាស់​បេះដូងហើយ​ ដែល​គ្រោង​នឹង​រៀប​ការ​នៅ​ពីរ​ឆ្នាំ​ខាង​មុខ​​ ។ ​​​បុរស​​ម្នាក់​នោះ​​នាង​ប្រាប់​ឱ្យ​ដឹង​ថា ជា​កូន​ចៅ​ចិន ហើយ​ធ្លាប់​​បាន​ទៅ​​លេង​នៅ​ប្រទេស​ចិន​ជា​មួយ​គ្នា​ថែម​ទៀត​ផង ។ នាង​​ និង​​បុរស​ម្នាក់​នោះ​ស្គាល់​គ្នា​​អស់​រយៈ​​ពេល​៥​ឆ្នាំ​មក​ហើយ ហើយ​​ក៏​សម​ល្មម​​អាច​ឈាន​ទៅ​រៀបចំ​​ពិធី​រៀប​អាពាហ៍​​ពិពាហ៍​ដែរ​ ។

ថ្មីៗ​នេះ​​អ្នក​តាមដានរឿង​ស្នេហា​​រប​ស់​កញ្ញា​ លី អ៊ីវ៉ាធីណា ​​និយាយ​ឱ្យ​ដឹង​ថា ​ចំពោះ​រឿង​រៀប​​​ការ​នេះ​ គឺ​នាង​បាន​​សម្រេច​​ចិត្ត​ដោយ​ខ្លួន​ឯង មិន​ទាន់​មាន​ការ​យល់​ព្រម​​ពី​ចាស់​ទុំ​នៅ​ឡើយ​​ទេ ជា​ពិសេស​​គឺ​ម្តាយ​របស់​​នាងតែ​​ម្តង។ ​ស្រប​ពេល​ដែលនាងប្រកាស​​ថាមាន​ម្ចាស់​បេះ​ដូង​​ហើយ​​ តែ​បែរ​ជា​ម្តាយ​នាង​បដិ​សេធ​ទៅ​​វិញ។ ​អ្នក​​គាំទ្រ​​​មាន​ការ​​​ងឿង​ឆ្ងល់​​ថា ហេតុ​អ្វី​បាន​ជា​ធីណា ប្រកាស​ថា​មាន​​សង្សារ​​ តែ​បែរ​ជា​ម្តាយ​បដិ​សេធ​​ទៅវិញ​ ចុះ​ពិធី​​មង្គល​​ការ​នោះ​អាច​ដំណើរ​​ការ​ទៅរួច​ដែរ​ឬ?

ទាក​់​ទិន​​ទៅ​នឹង​រឿង​គូ​ស្រករ​របស់តារា​ចម្រៀង​ លី អីុ​វ៉ាធីណា ​នេះ​ម្តាយ​​របស់​នាង​​ប្រាប់​អ្នក​យក​ព័ត៌​មាន​កោះ​សន្តិ​ភាព​តាម​ទូរស័ព្ទ​​ឱ្យ​ដឹងថា «​ពិធី​មង្គល​ការ​​​វា​នឹង​មក​ដល់​ បើ​សិន​​ជា​បុរស​ម្នាក់​នោះ​ពិត​ប្រាកដ​​ជា​មួយ​នឹង​ធីណា មែន ។ ​​ចំពោះ​គូ​ស្រករ​​ធីណា គឺ​​​នាង​​បាន​សម្រេច​ចិត្ត​ជ្រើសរើស​​ដោយ​ខ្លួន​ឯង​ ចំពោះ​ខ្ញុំ​​​ដែល​ជា​ម្តាយ​គឺ​មិន​ទាន់​បាន​សិក្សា ឬ​ក៏​ស្វែង​យល់​ពីបុរស​ម្នាក់​នោះ​​ឱ្យ​បាន​ច្បាស់​លាស់​នៅ​ឡើយ​​ទេ ហើយ​ក៏​​មិន​ដឹង​ថា ពេញចិត្ត ឬ​មិន​ពេញ​​ចិត្ត​នៅឡើយ​​នោះ​ដែរ»។

ម្តាយ​ធីណា ​បន្ថែម​ថា «​ជា​ការ​ពិត​ណាស់​ដែល​ធីណា ​ប្រកាស​ថា នឹង​រៀប​ការ​នៅ​ពីរ​ឆ្នាំ​​ខាង​មុខ​​​ទៀត​នេះ តែ​ចំពោះ​ខ្ញុំ​​ មិន​ទាន់​សម្រេច​ចិត្ត​​ឱ្យ​នាង​រៀប​ការ​នោះទេ ព្រោះ​អ្វីដែល​ខ្ញុំ​លួច​​​ប្រាថ្នា​​ទុក​ចំពោះ​​រឿង​គូ​ស្រករ​​ធីណា ​ខ្ញុំ​ចង់​ឱ្យ​ដូច​អ្វី​ដែល​ខ្ញុំ​ប៉ង​​ទុក​​ ។ ​អ្វីដែល​ខ្ញុំ​ប៉ង​​នោះ​គឺ​​មិន​ខ្ពស់​​ពេក​នោះ​ទេ​ គឺគ្រាន់​តែ​​​ចង់​បាន​កូន​ប្រសា​​ដែល​ខ្ញុំ​ជ្រើសរើស​នោះ​​ជា​មនុស្ស​​ចេះ​គោរព​​ច្បាស់​​ទុំ ស្រឡាញ់​គ្រួសារ​ខ្ញុំ និង​កូន​ស្រី​រប​ស់​ខ្ញុំ ​និង​មាន​ការ​គិត​គូរ​ពី​​អនាគត ចេះ​ទទួល​ខុសត្រូវ​​​​ខ្ពស់​តែ​ប៉ុណ្ណោះ ​ខ្ញុំ​មិន​ទាម​ទារ​ខ្ពស់​ពេក​នោះទេ»។

ម្តាយ​លី អ៊ីវ៉ាធីណា ​​​បន្ថែម​ទៀតថា ​«នៅ​ពេល​ដែល​​នាង​ខ្ញុំ​សួរ​​ទៅ​កូន​ស្រី​របស់​ខ្ញុំ​​អំពី​​រឿង​នេះ ​គាត់​ក៏​បាន​ឆ្លើយ​មក​វិញ​ដែរអំពី​គូអនាគត ប៉ុន្តែ​បើ​ថាខ្ញុំ​ជំទាស់​ ខ្ញុំ​មិន​ជំទាស់​នោះ​ទេ ​ខ្ញុំ​គ្រាន់​តែ​ចង់​ស្វែង​​យល់ និង​សិក្សា​ពី​បុរស​ម្នាក់​នោះ​​ឱ្យ​បាន​ច្រើន​​ជាង​នេះ​សិន មិន​ចង់​ឱ្យ​កូន​ស្រី​ជ្រើស​រើស​​​ខុស​នោះទេ» ។ 
ឆ្នាំ​នេះ​កញ្ញា​​ លី អ៊ីវ៉ា​ធីណា ​មានអាយុ​២៦ឆ្នាំ​​ហើយ គឺជាវ័យ​សម​ល្មម​សម្រាប់​​ជ្រើស​រើស​​គូ​អនាគត​ហើយ ៕

ដោយ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]